ភ្នំពេញៈ​ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រកាស​នៅ​ថ្ងៃទី ២១ ខែតុលា​នេះ​ថា ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២១ ​នេះ ​មូលនិធិ​បានទទួល​ថវិកា​បរិច្ចាគ ទាំងប្រាក់រៀល និងដុល្លារ ​សរុប​ចំនួនជាង ១ ៧១២ ៨៨១ ដុល្លារសហរដ្ឋអាមេរិកពី​សប្បុរសជន​ចំនួន ២៤ ០៣៩ នាក់​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​ផ្តល់នូវ​អំណោយ​ថវិកា និង​ផ្តល់ឱ្យ​គ្រួសារ​កុមារ នូវ​អំណោយ​ជា​ក្តីសង្ឃឹម​តាមរយៈ​ការគាំទ្រ និង​ចូលរួម​បរិច្ចាគ​ជូន មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ មធ្យោបាយ​បរិច្ចាគ ដោយ​ឥតគិតថ្លៃ​សេវា ជាមួយ​បណ្តា​ធនាគារ​ដៃគូ​។

មូលនិធិ​នេះ​បញ្ជាក់​ជា មហាជន​ដែលមាន​បំណង​ចង់​ចូលរួម​ជួយ​អាច​បរិច្ចាក​តាមរយៈ ធនាគារ Canadia​ ធនាគារ ACLEDA ធនាគារ ABA ធនាគារ Chip Mong​ ធនាគារ Wing ធនាគារ Sathapana​ ធនាគារ J Trust Royal និង​ភ្នាក់ងារ True Money ឬ​តាមរយៈ​ការបរិច្ចាគ ដោយផ្ទាល់​នៅ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន​ទីតាំងនៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​តាមរយៈ​លេខ​ទូរស័ព្ទ ០៦១ ៧០ ១១១១​។​

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅតែ​បន្ត​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ឱ្យចូល​រួម​បរិច្ចាគ​ជា​សមាជិក​ដែល​រួមមាន ១ សមាជិក​កិត្តិយស បរិច្ចាគ​ចាប់ពី ៥ ពាន់​ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំ​ឬ សមាជិក​គាំទ្រ បរិច្ចាគ​ចាប់ពី ៥ ០០០ រៀល ក្នុង ១ ខែ ស្មើនឹង ៦ ម៉ឺន​រៀល ក្នុង ១ ឆ្នាំ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​»។​

លោក រឿន សា​រ័ត្ន អ្នកគ្រប់គ្រង​អង្គការ​សប្បុរសធម៌​កម្ពុជ​កុលបុត្រ ថ្លែង​នៅ​ថ្ងៃទី​ ២១ ខែតុលា​នេះ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​អាយុ​ជីវិត​តិ​របស់​កុមារ​កម្ពុជា ហេតុនេះ​ពលរដ្ឋ​ខ្មែរ​គួរតែមាន​ស្មារតី​ចូលរួម​ឧបត្ថម​ទៅ​មន្ទីរពេទ្យ​មួយ​នេះ​ ដើម្បី​ជួយ​ទៅដល់​កូន​ខ្មែរ​គ្រប់រូប​។

លោក​ថ្លែងថា៖ «ខ្ញុំ​គិតថា បើសិនជា​ពលរដ្ឋ​ម្នាក់ គាត់​ឧបត្ថម្ភ​តែមួយ​ដុល្លារ នឹង​អាចមាន​ការរីកចម្រើន​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ កន្លងមក​ខាង​ក្រុម​ខ្ញុំ​ក៏​ធ្លាប់បាន​ជិះ​កង់​ចំនួន ​២ ​ដង​ដែរ ដើម្បី​រៃ​ថវិកា​ជួយ​ឧបត្ថម​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ហ្នឹង ដោយ​យើង​ជិះ​រៃ​តាម​ភូមិ-​ស្រុក និង​បាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​មួយចំនួន ហើយ​ក៏មាន​ពលរដ្ឋ​មួយចំនួន​ចូលរួម​ជិះ​កង់​ក្នុង​កម្មវិធី​របស់​យើង​ដែរ​»។

លោក រឿន សា​រ័ត្ន ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ងាក​ពី​ការលេង​ហ្វេ​ស​ប៊ុ​ក​ដែល​គ្មាន​ប្រយោជន៍ មើល​ការរិះគន់​គ្នា​ដោយ​ឥតប្រយោជន៍ ហើយ​យក​ថវិកា​ដែល​បាន​បញ្ជូល​កាត​ទូរ​ស័ព្ទ​មួយចំនួន​តូច​នោះ មក​ធ្វើ​ការជួយ​ឧបត្ថម​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា គឺជា​រឿង​ល្អប្រសើរ​ជាង​។

អ្នកគ្រប់គ្រង​អង្គការ​សប្បុរសធម៌​កម្ពុជ​កុលបុត្រ​បានលើកឡើង​ផងដែរ​ថា ការចំណាយ​ពេលវេលា និង​ថវិកា ទៅលើ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ក៏​គួរតែមាន​ការកាត់បន្ថយ​ខ្លះ ខណៈ​ល្បែង​ភ្នាល់​ផ្សេងៗ ក៏​មិនបាន​នាំមក​នូវ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​នោះទេ​។

ហេតុនេះ​លោក​ថា បើ​គ្រប់គ្នា​បង្កើត​ទម្លាប់ យក​ចំណែក​ថវិកា​ខ្លះ​ពី​សកម្មភាព​គ្មាន​ប្រយោជន៍​ទាំងនោះ មកជួយ​ដល់​ការងារ​សប្បុរសធម៌ ជួយ​សង្គម ឬ​ជួយ​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ គឺជា​រឿង​ល្អ​បំផុត​៕