ភ្នំពេញៈ តំណាង​អយ្យការ ​នៅ​ថ្ងៃទី ២១ ​តុលា ​កំពុង​សាកសួរ​បុរស​ជនជាតិ​ចិន ​២ នាក់ ​ពាក់ព័ន្ធ​នឹង​ការបង្ខាំង​បុរស​ខ្មែរ​ ២ នាក់ ​នៅ​ភូមិ​គីឡូ​លេខ ៤ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ​

លោក​ សំរិទ្ធ សុខុន ​អ្នក​នាំពាក្យ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ប្រាប់​នៅ​ថ្ងៃទី ២១ ​តុលាថា ​បុរស​ជនជាតិ​ចិន​ ឈ្មោះ​ ស៊ីន សៅស៊ុន ​អាយុ ​៣៦ ឆ្នាំ ​និង​ឈ្មោះ​ កៅ ឈុង ​អាយុ​៣៥ ឆ្នាំ ​កំពុង​ត្រូវបាន​តំណាង​អយ្យការ​សាកសួរ​នៅឡើយ ​នៅ​ថ្ងៃ​ទី ២១ ​តុលា។​

លោក​បញ្ជាក់ថា​៖ «ដោយសារ​តែ​ស្ថិត​នៅ​ក្នុង​នីតិវិធី​សាកសួរ ​ដូច្នេះ​ខ្ញុំ​មិនទាន់​ដឹង​ថា ​ចោទ​បទ​អី​ដែរ។​ នីតិវិធី​សាកសួរ​អាច​យូរ​ ព្រោះ​ត្រូវ​បកប្រែ​ភាសា​ទៀត»។

ពាក់ព័ន្ធ​នឹង​ការឃាត់​ខ្លួន​នេះ ​លោកស្រី​ ឌី សុជាតិ ​ស្នងការរង​ទទួលផែន​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ​ ឱ្យ​ដឹង​នៅ​ថ្ងៃទី ២១​ តុលា​ថា​ ការផ្តើម​ឱ្យ​មាន​ការឃាត់​ខ្លួន​បុរស​ ២ នាក់​ខាងលើ ​ដោយសារ​កាលពី​ល្ងាច​ថ្ងៃ​ទី ១៨​ តុលា​ ឆ្នាំ​ ២០២១ ​នគរបាល​ក្រុង​ប៉ោយប៉ែត ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មាន​ករណី​បង្ខាំង​មនុស្ស​ចំនួន​ ២ នាក់​ នៅ​ចំណុច​អគារ ​១ កន្លែង ​ស្ថិត​ក្នុង​ភូមិ​គីឡូលេខ ​៤ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែត។

លោកស្រី​បន្តថា​ បន្ទាប់​មក​ នៅ​ថ្ងៃ​ដដែល ​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ​បាន​ចុះ​អន្តរាគមន៍​ ដោយការ​សហការ​ជាមួយ​ម្ចាស់​អគារ​រំដោះ​បាន​ជន​រង​គ្រោះ​ជនជាតិ​ខ្មែរ​ ២ នាក់ ​ឈ្មោះ​ ឌឿន ឌាត ​ភេទប្រុស​ អាយុ​ ៣៣ ឆ្នាំ ​និង​ឈ្មោះ ​ជឹម ក្តឹប ​ភេទប្រុស ​អាយុ​ ៣៣ ឆ្នាំ។ ពួកគេ​ស្នាក់នៅ​បណ្តោះ​អាសន្ន​ក្នុង​ភូមិ​គីឡូលេខ ​៤ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែត។

ក្រោយពី​រំដោះ​បាន​ជនរងគ្រោះ​ហើយ ​សមត្ថកិច្ច​ក៏បន្ត​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាជន​ជាតិ​ចិន​ឈ្មោះ ​ស៊ីន សៅស៊ុន ​អាយុ​ ៣៦ ឆ្នាំ ​និង​ឈ្មោះ​ កៅ ឈុង ​អាយុ ​៣៥ ឆ្នាំ។​ ពួកគេ​ជាមេការ​ក្រមហ៊ុន​អនឡាញ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត។

លោកស្រី​ថ្លែងថា​៖ «យើង​ឃាត់ខ្លួន​ពួកគេ ​និង​បញ្ជូន​ទៅ​តុលាការ ​ដោយសារ​ការសារភាព ​និង​ចម្លើយ​របស់​ជន​រងគ្រោះ​ស៊ីចង្វាក់​គ្នា»។

លោកស្រី​ប្រាប់​តាម​សម្តី​ជន​រងគ្រោះ​ថា ​នៅ​ថ្ងៃទី ៩ ​តុលា ​ឆ្នាំ ២០២១ ​ពួកគេ​ធ្វើ​សម្ភាស​នៅ​រាជធានី​ភ្នំពេញ ​ដើម្បី​សុំ​ការងារ​ធ្វើនៅ​ក្រុមហ៊ុន​អន​ឡាញ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ។ លុះ​នៅ​យប់​ថ្ងៃទី ៩ ​តុលា ​ដដែល​ពួកគេ​មាន​គ្នា​ចំនួន​៣នាក់​បាន​ជិះ​រថយន្ត​ ១ គ្រឿង​ពី​រាជ​ធានី​ភ្នំពេញ​មក​ក្រុង​ប៉ោយ​ប៉ែត ដោយ​អ្នក​បើកបរ​ជា​ជាជន​ជាតិ​ខ្មែរ ​និង​អ្នក​រួមដំណើរ​ជាមួយ​មាន​ជនជាតិ​ចិន​ម្នាក់ ​និង​ជនជាតិ​បង់ក្លាដែស​ម្នាក់​ទៀត។ លុះដល់​ក្រុង​ប៉ោយប៉ែត​នៅ​វេលា​ម៉ោង​ជាង​៣ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃទី ១០ ​តុលា ​ក៏​នាំគ្នា​សម្រាក​ស្នាក់​នៅ​អគារ​អនឡាញ។

លោកស្រី​បន្ថែមថា ​នៅ​ថ្ងៃទី ១០ ​តុលា ​ក្រុម​ជនសង្ស័យ​បានហៅ​អ្នក​ទាំង ​៣ នាក់​ សម្ភាស​ម្តង​ម្នាក់ៗ​ហើយ​ជាប់​តែ​ជន​រងគ្រោះ​ ២ នាក់​ប៉ុណ្ណោះ និង​ធ្វើការ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ទេ។

លុះ​នៅ​ថ្ងៃទី ១៧​-១៨ ​តុលា ​ឆ្នាំ ២០២១ ​ជន​រងគ្រោះ​ទាំង ​២ នាក់ ​ត្រូវបាន​ជនសង្ស័យ​ទាំង​២នាក់​ដាក់​ខ្នោះ ​និង​គំរាម​ទារ​ប្រាក់​ដោយ​ប្រាប់​ពួកគេ ​(ជនរងគ្រោះ) ថា ​អ្នក​នាំមក ​បាន​យក​ពួកគេ​ទាំង ​២ នាក់ ​មក​លក់​ឱ្យ​ពួក​ខ្លួន ​(ក្រុម​ជន​សង្ស័យ)។​ បើ​មិនបាន​ប្រាក់​ទេ ​គេ​បង្ខាំង​ទុកក្នុង​បន្ទប់​ ៦ ខែ។ តាម​ចម្លើយ​ជន​សង្ស័យ​ឈ្មោះ​ កៅ ឈុង ​បាន​សារភាព​ថា ​គាត់​ធ្វើការ​ជា​អ្នក​មើល​ការខូចខាត​ទឹក​ ភ្លើង ​និង​សម្ភារ​ផ្សេងៗ​ក្នុង​អគារ​អនឡាញ។​ ចំពោះ​ការដាក់​ខ្នោះ​ជនរងគ្រោះ ​គឺ​គាត់​មិន​បាន​ពាក់ព័ន្ធ​ឡើយ ​ដោយ​ឈ្មោះ ​ស៊ី សៅស៊ុន ​ជាអ្នក​ធ្វើ៕