ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពង្រីក​វិសាលភាព​ នៃ​ការបង្រៀន​និង​រៀន​តាម​បណ្ដុំ​សម្រាប់ គ្រឹះស្ថានសិក្សា​សាធា​រណៈ និង​ឯកជន នៅ​គ្រប់​កម្រិត ក្នុងភូមិ​សាស្ត្រ​ទូទាំង​រាជធានី-ខេត្ត​ទាំងអស់ ចាប់ពី​ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពី​មានការ​វាយតម្លៃ​លើ​ដំណើរការ​បង្រៀន​និង​រៀន​តាម​បណ្តុះ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធា​រណៈ និង​ឯក​ជន ក្នុងភូមិ​សាស្ត្រ ដែល​មាន​ហានិភ័យ​ទាប​រួចមក។

នេះ​បើ​យោងតាម​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​ ដោយ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ស្តីពី​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​គ្រប់​កម្រិត គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ទាំង​សាធា​រណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​គ្រូ នា​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១។

លោក​បាន​លើកឡើងថា៖ «ការពង្រីក​វិសាលភាព​នេះ រួមបញ្ចូល​ទាំង​ការពង្រីក​ពី​កម្រិត​ថ្នាក់​ទី៩ និង​ទី១២ រហូតដល់​គ្រប់​កម្រិត​ថ្នាក់​នៅ​មធ្យមសិក្សា និង​ការពង្រីក​វិសាលភាព​ដល់​កម្រិត​បឋម​សិក្សា, គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ និង​ឯកជន, វិទ្យាស្ថាន​ជាតិ​អប់រំ, វិទ្យាស្ថាន​បច្ចេកវិទ្យា, គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ, គ្រឹះស្ថាន​សិក្សា​អប់រំ​ពិសេស, សាលា​អនុវត្តន៍ និង វិទ្យាល័យ​ចំណេះ​ទូទៅ​និង​អប់រំ​បច្ចេក​ទេស ដោយ​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទដ្ឋាន​សុខា​ភិបាល​ជា​ធរ​មាន»។

ក្រសួង​បាន​បញ្ជាក់ថា បន្ទាប់ពី​ការវាយតម្លៃ​លើ​ដំណើរ​ការបង្រៀន​និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង ឯកជន ក្នុងភូមិ​សាស្ត្រ ដែលមាន​ហានិភ័យ​ទាប ក្រសួង​បាន​សង្កេតឃើញថា​ គ្រឹះស្ថានសិក្សា​ប្រមាណ ៣០ ភាគរយ​ បាន​ចាប់ដំណើរការ​តាម​គ្រប់​រូបភាព ស្របតាម​សេចក្តីណែនាំ ការចូលរួម​តាម​គ្រប់​រូបភាព​ពី​សំណាក់ អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដំណើរការ​អប់រំ​ប្រកបដោយ​សុវត្ថិភាព និង​ប្រុងប្រយ័ត្ន។

ក្រសួង​ក៏​សង្កេតឃើញ​ទៀតថា ការបើក​ដំណើរការ គ្រឹះស្ថានសិក្សា​បានផ្តល់​លទ្ធភាព​អាចធ្វើ​តេស្ត និង​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ១៩ ទាំង​លើ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​មួយចំនួន​តូច ហើយ​បាន​ចាត់ចែង​ព្យាបាល​ទាន់​ពេលវេលា និង​ទប់ស្កាត់ កាត់ផ្ដាច់​ការឆ្លង​រាលដាល​បានល្អ​ប្រសើរ។

ករណី​វិជ្ជមាន​កូ​វីដ ១៩ លើ​គ្រូបង្រៀន និង​សិស្សានុ​សិស្ស ក្នុង​រយៈ​ពេល៧​ថ្ងៃមុន​បុណ្យភ្ជុំបិណ្ឌ និង​រយៈពេល​៧ថ្ងៃ ក្រោយ​ថ្ងៃ​ភ្ជុំបិណ្ឌ មាន​ចំនួន​តិចតួច និង​អាច​គ្រប់​គ្រង​បាន។

ម្យ៉ាង​វិញ​ទៀត មាតា​បិតា អ្នកអាណា​ព្យាបាល គ្រូ​បង្រៀន និង​សិស្សានុសិស្ស និស្សិត​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩ ក្នុង​អត្រា​ខ្ពស់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​សេចក្តី​ណែនាំ​នេះ។

ជាមួយគ្នានេះដែរ ក្រសួង​អប់រំ បានធ្វើ​ការណែនាំ​នូវ​គោលការណ៍សំខាន់ៗស្តីពី ការបង្រៀន​និង​រៀន​តាម​បណ្ដុំ​នៅតាម​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត នៅ​ភូមិសាស្ត្រ​ដែល​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ ១៩ អាច​គ្រប់គ្រង​បាន ដោយ​ការបើក​ដំណើរការគ្រឹះស្ថាន​ឡើងវិញ​នេះ​ នៅតាម​ក្រុង ស្រុក ខណ្ឌ​ដែល​ជំងឺ​កូ​វីដ ១៩ អាច​គ្រប់គ្រង​បាន ដោយ​កំណត់​រូបភាព​នៃ​ការបង្រៀន​និង​រៀន​តាម​បណ្ដុំពី​ ១៥ ទៅ ២០​ នាក់ និង​ផ្លាស់​វេន និង​បន្ត​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព។

ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​បង្កើត​គណៈកម្មការ​សុខ​ភាព​សិក្សា ដោយមាន​ការចូលរួម​ពី​មាតាបិតា បុគ្គលិក សុខា​ភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្តល់ព័ត៌មាន ត្រួត​ពិនិត្យ តាមដាន សុខភាព​របស់បុគ្គលិក​អប់រំ និង​អ្នកសិក្សា​ជា​ប្រចាំ។

ចំពោះ​គ្រូបង្រៀន​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង ​ការពារ​កូ​វីដ ១៩ ក្រសួង​មិនទាន់​អនុញ្ញាតឱ្យ​បង្រៀន នៅក្នុង​សាលារៀន​ឡើយ និង​ត្រូវ​ជំរុញ ឬ​លើកទឹកចិត្ត​ ឱ្យទៅ​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩ នៅតាម​ទីតាំង​ដែល​ក្រសួង​សុខា​ភិបាល​បាន​កំណត់​។

ប៉ុន្តែ​ក្រសួង​ក៏មាន​ការលើកលែង ចំពោះ​ករណី​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង គ្រូបង្រៀន​នៅតែ​អាច​បង្រៀន​នៅក្នុង​សាលារៀន​បាន ប៉ុន្តែ​ត្រូវមាន​វិធានការ​ការពារ ឬ​ប្រើប្រាស់​ថ្នាំ​ព្យាបាល ដើម្បី​កុំឱ្យ​មានការ​ចម្លង នៅ​ក្នុង​គ្រឹះ​ស្ថាន​សិក្សា។

យ៉ាងណាមិញ ក្នុងករណី​រកឃើញ​មានការ​ឆ្លង​វីរុស​កូ​វីដ ១៩ នៅក្នុង​ក្រុម​សិស្ស ឬ​ថ្នាក់រៀន មន្ទីរអប់រំ យុវជន និង​កីឡា​ត្រូវ​ផ្អាក​ដំណើរការ​តែ​ក្រុមសិស្ស ឬ​ថ្នាក់រៀន​នោះ​ប៉ុណ្ណោះ និង​ត្រូវ​ចាត់ចែង​យក​អ្នក​វិជ្ជមាន និង​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទៅ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ។

ក្រសួង​បាន​បញ្ជាក់​ថា ដោយ​ឡែក​គ្រឹះ​ស្ថាន​សិក្សា​ទាំងមូល ឬ​ក្រុម​សិស្ស ឬ​ថ្នាក់រៀន​ដទៃ​ទៀត នៅ​បន្តដំណើរ​ការ​ធម្មតា៕