The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ហា​ជំងឺ​កូវីដ និង​គ្រោះទឹកជំនន់​ បាន​ធ្វើឱ្យ​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​តិច

បញ្ហា​ជំងឺ​កូវីដ និង​គ្រោះទឹកជំនន់​ បាន​ធ្វើឱ្យ​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​តិច

Content image - Phnom Penh Post
លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​។ ហេង ជីវ័ន

បញ្ហា​ជំងឺ​កូវីដ និង​គ្រោះទឹកជំនន់​ បាន​ធ្វើឱ្យ​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​តិច

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បាននិង​កំពុង​ដំណើរការ​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ នៅតាម​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស​រយៈពេល ៥០ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១២ ​តុលា ដល់​ថ្ងៃទី​ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត សម្រាប់​យក​ទៅ​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែ មិថុនា ឆ្នាំ​ ២០២២​។

ក្នុង​ដំណើរការ​នេះ​បាន​ជួប​ប្រឈម​នូវ​បញ្ហា​មួយចំនួន​ជាពិសេស​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំនន់​ទឹកភ្លៀង​ដែល​ធ្វើឱ្យ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ទៅ​ចុះឈ្មោះ​បានតែ​ជាង​ ១ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ខណៈ គជប គ្រោង​ចុះឈ្មោះ​អ្នក​ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត​ ១៨ ​ឆ្នាំ​ឱ្យបាន​ជាង​ ១ ​លាន​ ៦ ​សែន​នាក់​។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប បាន​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ ជុំវិញ​បញ្ហា​នេះ​៖

តើ​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​កំពុងតែ​ប្រព្រឹត្តទៅ​មាន​ដំណើរការ​យ៉ាង​ដូចម្តេច​ដែរ​?

បាទ ចាប់តាំងពី​ដំណើរការ​នៃ​ការចុះឈ្មោះ និង​ត្រួតពិនិត្យ​បញ្ជី​បោះឆ្នោត​ដំបូង​គឺ​នៅ​ថ្ងៃទី ១២ ​តុលា ឆ្នាំ​ ២០២១ គជប បាន​បើក​ឱ្យ​ដំណើរការ​នូវ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ចំនួន​ ១ ៦៤៦ ​ការិយាល័យ​គ្រប់​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​តាម​ពេលវេលា​ដែល​បាន​គ្រោងទុក ចាប់ពី​ព្រឹក​ម៉ោង ៧ ​ព្រឹក រហូតដល់ ៥ ​ល្ងាច​។

បើ​គិត​រហូត​មកទល់​ពេល​នេះ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​ដល់​ថ្ងៃ​បោះឆ្នោត និង​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក​នៅ​ទូទាំង​ប្រទេស​បាន​នាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ជា​ប្រក្រតី ដោយ​គិត​ជា​មធ្យម​មាន​ជាង​ ១ ម៉ឺន​នាក់​ក្នុង ១ ​ថ្ងៃៗ​។ ដោយឡែក​ចំពោះ​ការពិនិត្យ​បញ្ជីឈ្មោះ​វិញ គជប ក៏បាន​បង្កើត​នូវ App ដែល​អាច​ឆែក​មើល​ឈ្មោះ​នៅតាម​ទូរស័ព្ទដៃ និង​តាម​វេបសាយ​របស់ គ.ជ.ប ផងដែរ​។

អ៊ីចឹង​ទេ ជា​រូបភាព​នៃ​ការ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ-សង្កាត់​ ហាក់​មិនសូវ​មាន​មនុស្ស​កុះករ​នោះទេ​។ ប៉ុន្តែ​នេះ​ត្រូវ​បាន គ.ជ.ប វាយតម្លៃ​ជា​ចំណុច​ល្អ​មួយ​ដែល​មិនឱ្យ​មានការ​ឆ្លង​នូវ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ដំណើរការ​នេះ​។

ជា​ផលវិបាក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើឱ្យ​មាន​ទឹកជំនន់​ដែល​ធ្វើឱ្យ​ការិយាល័យ​មួយចំនួន​ជួប​បញ្ហា​ប្រឈម និង​ផ្អាក​បណ្តោះអាសន្ន ជាពិសេស​នៅ​កំពង់ធំ និង​បន្ទាយមានជ័យ ប៉ុន្តែ​យើង​ក៏បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ដែរ បើទោះបី​មាន​ផលរំខាន​ពី​ជំនន់​ទឹកភ្លៀង និង​ភ្លៀង​ធ្លាក់​យ៉ាងណាក្តី​។

ពាក់ព័ន្ធ​នឹង​ការសម្អាត​បញ្ជីឈ្មោះ​បោះឆ្នោត​ដែល​ត្រូវ​លុបឈ្មោះ​ប្រជាពលរដ្ឋ ដែល​ស្លាប់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត តើ​បាន​ដំណើរការ​យ៉ាង​ដូចម្តេច​ដែរ​?

ដំណើរការ​ដែល​មាន​ចែង​នៅក្នុង​នីតិវិធី គឺ គជប ក៏បាន​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន ដែល​មានន័យថា ឈ្មោះ​ដែល​ត្រូវ​ត្រៀម​ក្នុង​ការចេញ​បញ្ជី​បោះឆ្នោត ដោយ​ផ្អែកទៅលើ​ឯកសារ ដែល​មាន​ជា​ធរមាន និង​មាន​ការស្នើសុំ​ពី​គ្រួសារ ឬ​អាជ្ញាធរ​របស់​ជន​ពាក់ព័ន្ធ​ដោយ​ក្នុងនោះ អ្នក​ដែល​ទទួល​មរណភាព អ្នក​ដែល​ផ្លាស់ប្តូរ​ទីកន្លែង​រស់នៅ​ពី​ឃុំ-សង្កាត់​ចាស់​ទៅ​រស់នៅក្នុង​ឃុំ-សង្កាត់​ថ្មី ឬ​ក៏​អ្នក​ដែល​ត្រូវបាន​អនុវត្ត​ទោស នៅក្នុង​ពន្ធនាគារ​ជាដើម (​ច្បាប់​មិន​អនុញ្ញាតឱ្យ​ធ្វើការ​បោះឆ្នោត​)​។ នៅក្នុង​កិច្ចការ​នេះ គ.ជ.ប មាន​ការប្រុងប្រយ័ត្ន​យ៉ាងខ្លាំង ដើម្បី​ធ្វើយ៉ាងណា​មិនឱ្យ​បាត់ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ពី​បញ្ជី​បោះឆ្នោត​នោះទេ​។

ទាក់ទង​នឹង​តួលេខ​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដែល​ចុះ​បានតែ​ជាង​ ១ ​ម៉ឺន​នាក់​ក្នុង​ ១ ​ថ្ងៃ ខណៈ​ដែល គជប គ្រោង​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨ ​ឆ្នាំ និង​អ្នក​ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុន គឺមាន​សរុប​ជាង ១ ​លាន ៦ ​សែន​នាក់ តើ​លោក​មាន​ការពន្យល់​បែបណា​ដែរ​?

ខ្ញុំ​ចង់​ជម្រាប​ថា តួលេខ​ដែល​រកឃើញ និង​ការប៉ាន់ស្មាន​ដែលថា មាន​ ១ ​លាន ៦ ​សែន​នាក់​នេះ​គឺជា​តួលេខ​នៃ​អ្នក​ដែលមាន​អាយុ ១៨ ​ឆ្នាំ ហើយ​និង​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ហើយ​ការចុះឈ្មោះ​បោះឆ្នោត​បាន​ចំនួន​ប៉ុន្មាន​នោះ​អាស្រ័យ​ទៅលើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​បាន​ទៅ​រស់នៅ​ក្រៅប្រទេស មិន​បាន​មក​ចុះឈ្មោះ​ក៏​ជា​សិទ្ធិ​របស់​លោក​ដែរ​។ គជប គ្រាន់តែ​បង្ហាញ​តួលេខ អ្នក​ដែល​មិនទាន់បាន​ចុះឈ្មោះ​ប៉ុណ្ណោះ​។ តាម​អ្វី​ដែលជា​បទពិសោធ​កន្លងមក នៅ​ដើម​ថ្ងៃ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ប្រជាពលរដ្ឋ​លោក​មិនសូវ​បាន​យកចិត្ត​ទុកដាក់​មក​ចុះឈ្មោះ​ប៉ុន្មាន​ទេ ប៉ុន្តែ នៅពេលដែល​កៀក​នឹង​ថ្ងៃ​បិទ​បញ្ចប់ ទើប​មាន​ប្រជាពលរដ្ឋ​សម្រុក​មក​ចុះឈ្មោះ​ច្រើន​។ ដូច្នេះ​យើង​មិនអាច​វាយតម្លៃ​ចំនួន​នេះ​ថា បាន​តិច ឬ បាន​ច្រើន​នោះទេ ព្រោះ​ទើបតែ​បាន​ក្នុង​រយៈពេល​ជាង ១ ​សប្តាហ៍​ទេ ព្រោះ​យើង​មាន​ពេលវេលា​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ៥០ ​ថ្ងៃ​។

ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ នេះ តើ​មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​ទេ​?

តួលេខ​ដែល​ខ្ញុំ​ទទួលបាន​បឋម មាន​អ្នកចូលរួម​សង្កេតការណ៍​ជាង ២ ០០០ ​នាក់ ប៉ុន្តែ គជប បាន​ទទួល​បន្តបន្ទាប់ ដែល​មិនទាន់​បូក គឺ​មាន​ប្រមាណ​ជាង ៤ ០០០ ​នាក់​ដែលជា​អ្នក​សង្កេតការណ៍​មកពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​តួលេខ​នេះ​អាច​នឹង​កើនឡើង​ថែមទៀត ព្រោះ​ឃើញ​ដាក់ពាក្យ​ស្នើសុំ​ចុះឈ្មោះ​ជា​បណ្តើរៗ​។

ចំពោះ​គណបក្ស​នយោបាយ​វិញ មកដល់​ពេល​នេះ​មាន​បាន​ដាក់​អ្នកសង្កេតការណ៍​ដែរ​ទេ​?

គណបក្ស​នយោបាយ​ក៏​មាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​ដូចគ្នា ដោយ​ផ្អែកទៅលើ​កាលបរិច្ឆេទ​ក្នុង​ការទទួល​ពាក្យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណបក្ស​។ គណបក្ស​ខ្លះ​ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ចុះឈ្មោះ​អ្នក​សង្កេតការណ៍​របស់ខ្លួន​ ដើម្បី​តាមដាន​ក្នុង​ការត្រួតពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​នេះដែរ​។

តើ​អ្នកសង្កេតការណ៍​មាន​តួនាទី​អ្វីខ្លះ ក្នុង​ដំណើរការ​នៃ​ការចុះឈ្មោះ និង​ពិនិត្យ​បញ្ជីឈ្មោះ​បោះឆ្នោត​?

តាមច្បាប់​អ្នកសង្កេតការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​អាច​ដាក់​ពាក្យស្នើសុំ​ដាក់​អ្នក​សង្កេតការណ៍​របស់ខ្លួន​ឱ្យ​តាមដាន​ និង​ឃ្លាំមើល​នីតិវិធី​នៃ​ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ក៏បាន​មិន​ដាក់​ក៏បាន ប៉ុន្តែ​បើ​មិនបាន​ដាក់​ក៏ គជប នៅតែ​ដំណើរការ​ទៅមុខ និង​យក​ជា​​ការ​បានដែរ​។ សម្រាប់​តួនាទី​អ្នកសង្កេតការណ៍ មកពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ គឺ​តាមឃ្លាំមើល និង​ឆ្លុះបញ្ចាំង​នូវ​រាល់​សកម្មភាព​ទាំងឡាយណា​នៃ​ការអនុវត្ត​នីតិវិធី និង​ច្បាប់​របស់ គជប ក្នុង​ដំណើរការ​នៃ​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​។ ទោះជា​យ៉ាងណា​ការឃ្លាំមើល​នេះ ក៏​មិនអាច​រំខាន​ដល់​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត បានដែរ​។ ពួកគាត់​អាច​ធ្វើជា​របាយកាណ៍​នូវ​រាល់​សកម្មភាព​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ដើម្បី ឱ្យ គជប ទទួល​យកមក​ធ្វើការ​ត្រួតពិនិត្យ ឬក៏​ដក​ពិសោធ​កែលម្អ​លើ​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​បោះឆ្នោត​នេះ​ ប៉ុន្តែ​រាល់​អនុសាសន៍​ទាំងអស់​មិន​ប្រាកដ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ទេ​។

បន្ទាប់ពី​ការចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ត្រូវបាន​បញ្ចប់ តើ គជប នឹងត្រូវ​ធ្វើ​អ្វី​បន្តទៀត​?

គជប នឹង​អនុវត្ត​ទៅតាម​ប្រតិទិន​របស់ខ្លួន គឺ​ត្រៀមខ្លួន​ឆ្ពោះ​ទៅរក​ការរៀបចំ​ការបោះឆ្នោត​តាមបែប​សកល​នៅ​គ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ក្នុង​នោះ​ការិយាល័យ​បោះឆ្នោត​ក៏មាន​គម្រោង​រួចហើយ​។ បណ្តុះបណ្តាល​នូវ​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត និង​ការពិនិត្យ កែសម្រួល​នូវ​សម្ភារ​ទាំងឡាយ​ដែល​អាច​ប្រើប្រាស់​ក៏​ត្រូវបាន​ត្រៀមលក្ខណៈ​រួចរាល់ និង​ឧបករណ៍​ការពារ​ជំងឺ​កូវីដ ​១៩ ក៏ត្រូវ​បាន​ត្រៀម​រួចរាល់​ផងដែរ ហើយ គជប ក៏​ត្រៀម​កុំព្យូទ័រ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​បច្ចេកវិទ្យា​ក្នុង​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​។ មួយទៀត គជប នឹង​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​តាម​កាលបរិច្ចេទ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ទី ៥ នៅ​ថ្ងៃអាទិត្យ ទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២៕

អត្ថបទគួរចាប់អារម្មណ៍