កំពង់ស្ពឺៈ ប្រជាពលរដ្ឋ​ប្រមាណ ១៦០ ​នាក់​កាលពី​ថ្ងៃទី ១៩ ខែតុលា បាននាំគ្នា​តវ៉ា​មិនឱ្យ​មានការ​ឈូសឆាយដី​ព្រៃ​ក្នុងភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ដោយ​សំអាង​ថា ទីនោះ​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​សហគមន៍​ឧត្តម​ស្រែពស់​។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​អះអាងថា នោះ​ជា​ដី​បរិស្ថាន ដែល​រដ្ឋាភិបាល​សម្រេច​ធ្វើ​ប្រទានកម្ម​ជូន​គ្រួសារ​យោធិន​សម្រាប់​សាងសង់​លំនៅឋាន និង​បង្កបង្កើនផល​។

លោក ឃន សារឹទ្ធ តំណាង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឧត្តមស្រែពស់ ថ្លែង​នៅ​ថ្ងៃទី​ ២១ ខែតុលា​ថា​ប្រជាសហគមន៍​ប្រមាណ ១៦០ ​នាក់​បាននាំគ្នា​ធ្វើការ​តវ៉ា មិនឱ្យ​មាន​ការឈូសឆាយ​ដី​ព្រៃ​ស្ថិត​ក្នុងភូមិ​ពោធិ៍​មាស​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​កាលពី​ថ្ងៃទី​ ១៩ ខែតុលា​ ព្រោះ​នោះ​ជា​ដី​សហគមន៍​ឧត្តមស្រែពស់​ដែល​ពលរដ្ឋ​តែង​អាស្រ័យផល​។

គ្រឿងចក្រ​បាន​ចូលធ្វើការ​ឈូសឆាយ​តាំងពី​ថ្ងៃទី​ ១៩ រហូតមកដល់​ថ្ងៃទី​ ២១ ក៏​នៅតែ​បន្ត​ឈូស​ដដែល​។ លោក​ថ្លែងថា៖ «​ការឈូស​នោះ បើសិន​ជា​មាន​ប្រជាពលរដ្ឋ​ទៅ​ហាមឃាត់​ខ្លាំង គេ​ក៏​ឈប់​សិន​ទៅ​។ និយាយ​ទៅ​ពេល​យើង​ឃាត់​គេ​ក៏​ឈប់​ទៅ ពេលដែល​គ្នា​យើង​ខ្លះទៅ​ហូបបាយ គេ​ចាប់ផ្តើម​ឈូស​ទៀត​» ។

ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ចំពោះ​ការបាត់បង់​ដីព្រៃ​ទីនោះ​ ព្រោះ​ជា​ទីកន្លែង​ដែល​ធ្លាប់​អាស្រ័យផល​។ បច្ចុប្បន្ន​សហគមន៍​មាន​ផ្ទៃដី​ជាង​ ៨០០ ​ហិកតា ​ដែល​ប្រជាជន​សហគមន៍​នៅក្នុង​តំបន់​នោះ តែង​ធ្វើ​ការដក​ផ្សិត រក​អុស និង​ឃ្វាល​គោក្របី​ជាដើម​។

លោក​ថ្លែងថា​៖ «​ក្នុង​ ៨០០ ​ហិកតា​ជាង​ហ្នឹង ភាគច្រើន​គឺមាន​អ្នកមាន​ធំៗ គាត់​ដាំ​ស្វាយចន្ទី​ដាំ​អី​ចង់​អស់ហើយ ដី​ដែល​នៅ​ជាក់ស្តែង​គឺ​នៅ​តិច​បំផុត បើសិនជា​គាត់​យក​ជាង​ ២០០ ​ហិកតា​ហ្នឹង​ទៀត គឺ​អស់រលីង​» ។

លោក​ ទេព ណែម ​មេឃុំ​ត្រពាំងជោរ​ថ្លែងថា ដីព្រៃ​ដែលមាន​គ្រឿងចក្រ​ឈូសឆាយ ស្ថិត​ក្នុង​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ នោះ​ជា​ដី​របស់​ក្រសួង​បរិស្ថាន ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​គ្រួសារ​យោធិន ៤១ ​គ្រួសារ សម្រាប់​សាងសង់​លំនៅឋាន និង​បង្កបង្កើនផល​។

លោក​មេឃុំ​បញ្ជាក់ថា៖ «​ខាង​ទាហាន គាត់​សុំ​ស្នើ​ដី​ ១ ​កន្លែង​ហ្នឹង​ប្រហែល​ជាង​ ២០០ ​ហិកតា សម្រាប់​គ្រួសារ​កងទ័ព​។ ដី​ហ្នឹង​វា​មិន​នៅក្នុង​សហគមន៍​ទេវា​នៅ​ជាប់​ដី​សហគមន៍​ផ្នែក​ខាងជើង​»​។

យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​ ២០២១ បញ្ជាក់ថា មាន​ការធ្វើ​អនុប្បយោគ​ផ្ទៃដី​ទំហំ ២៦២,២៤ ហិកតា​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ក្រុមគ្រួសារ​យោធិន​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៤១ ​គ្រួសារ សម្រាប់​សាងសង់​លំនៅឋាន និង​បង្កបង្កើន​ផល​ស្របច្បាប់ ។

ចំណែក​លិខិត​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ១៣ ខែតុលា បញ្ជាក់ថា បាន​ស្នើសុំ​ដាក់​គ្រឿងចក្រ​ចំនួន ៥ ​គ្រឿង សម្រាប់​ចុះ​កំណត់​ព្រំ និង​ឈូសឆាយដី​ក្រុមគ្រួសារ​យោធិន​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក​និង​ប្រជាពលរដ្ឋ​ចំនួន ៤១ ​គ្រួសារ​ នៅ​ទីតាំង​នោះ​ត្រូវ​បាន​អភិបាលខេត្ត​កំពង់ស្ពឺ​ចុះ​ហត្ថលេខា​ឯកភាព​៕

វីដេអូ៖