ភ្នំពេញៈ ក្រសួង​សុខាភិបាល​ដាក់​ឱ្យប្រើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​ស្តីពី​ការធ្វើ​ចត្តាឡីស័ក​របស់​អ្នកដំណើរ​មកពី​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​​ ១៩ ដូស​មូលដ្ឋាន​បាន​ពេញលេញ ដែល​មាន​វិសាលភាព​អនុវត្ត​ទូទាំង​ប្រទេស ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​សាធារណៈ តាមរយៈ​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

ការសម្រេច​ឱ្យប្រើ​បែបនេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២០ ខែតុលា ហើយក៏​ដើម្បី​បង្កើត​នូវ​កាលានុវត្តភាព​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ-អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ដោយ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ភាពប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ ម៉ម ប៊ុនហេង លើកឡើងថា នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​នេះ​កំណត់​លក្ខខណ្ឌ​ធ្វើដំណើរ និង​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ចត្តាឡីស័ក​នៅ​កម្ពុជា​សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​។

នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​ចំពោះ​អ្នកដំណើរ រួមមាន ភ្ញៀវ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​ត្រឡប់​ពី​បំពេញ​បេសកកម្ម​នៅក្រៅ​ប្រទេស​។ អ្នកដំណើរ​ជា​មន្ត្រីរាជការ ដែល​ត្រឡប់​ពី​បំពេញបេសកកម្ម​ផ្លូវការ​នៅក្រៅ​ប្រទេស និង​ក្រុម​គ្រួសារ​។ មន្ត្រីការទូត​បរទេស និង​មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​ក្រុមគ្រួសារ​។

អ្នកដំណើរ​បរទេស​ដែលជា​វិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស បុគ្គលិក​ក្រុមហ៊ុន និង​ក្រុមគ្រួសារ ដែលមាន​ការធានា ឬ​ការអញ្ជើញ​។ អ្នកដំណើរ​ទូទៅ​ជា​ជនជាតិខ្មែរ ឬ​ជនបរទេស និង​អ្នកដំណើរ​គ្រប់​ប្រភេទ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឬ​មិនទាន់​ចាក់​វ៉ាក់សាំង ដូស​មូលដ្ឋាន បាន​ពេញលេញ​។

គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​បាន​កំណត់​លក្ខខណ្ឌ​ធ្វើដំណើរការ​អនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ចត្តាឡីស័ក​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​សាធារណៈ តាមរយៈ​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក៏ដូចជា​ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​អ្នកដំណើរ​ចូលមក​កម្ពុជា​។

សេចក្តី​សម្រេច​បញ្ជាក់ថា​៖ «​សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​បាន​ពេញលេញ ត្រូវធ្វើ​ចត្តាឡី​ស័ក​ចំនួន​ ៣ ​ថ្ងៃ​ដែលមាន​អ្នកដំណើរ​ជា​មន្ត្រីរាជការ ដែល​ត្រឡប់​ពី​បំពេញ​បេសកកម្ម​ផ្លូវការ​នៅ​ក្រៅ​ប្រទេស និង​ក្រុមគ្រួសារ​។

មន្ត្រី​ការទូត​បរទេស និង​មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​ក្រុមគ្រួសារ និង​អ្នកដំណើរ​បរទេស​ដែលជា​វិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស បុគ្គលិក​ក្រុមហ៊ុន និង​ក្រុមគ្រួសារ ដែលមាន​ការធានា ឬ​ការអញ្ជើញ​»​។

ចំណែក​អ្នកដំណើរ​ទូទៅ​ជា​ជនជាតិខ្មែរ ឬ​ជនបរទេស រយៈពេល​ចត្តាឡីស័ក​មាន​ចំនួន​ ៧ ​ថ្ងៃ​។ រីឯ​ភ្ញៀវ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ដែល​ត្រឡប់​ពី​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស គឺ​រយៈពេល​ចត្តាឡីស័ក​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។ ទាក់ទង​នឹង​ការអនុវត្ត​នីតិវិធី​នេះ បន្ទាប់ពី​ទទួលបាន​ការត្រួតពិនិត្យ​ឯកសារ​រួច អ្នក​ដំណើរ​នឹង​ត្រូវបាន​ពិនិត្យ​សុខភាព​ និង​យក​សំណាក​ដើម្បី​ធ្វើតេស្ត PCR ដោយ​មន្ត្រី​សុខាភិបាល នៅ​ទីតាំង​ច្រកចូល​ប្រទេស​កម្ពុជា មុន​ទៅ​សណ្ឋាគារ ឬ​ទីតាំង ដែល​កំណត់ ដោយ​ក្រសួង​សុខាភិបាល ដើម្បី​ធ្វើ​ចត្តាឡីស័ក​។

នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​ដដែល​នេះ លើកឡើងថា ករណី​អ្នកដំណើរ​ទាំងនេះ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឬ​ចាក់​វ៉ាក់សាំង​មិនទាន់បាន​ពេញលេញ ត្រូវធ្វើ​ចត្តាឡីស័ក​រហូតដល់​ ១៤ ​ថ្ងៃ ដោយ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល និង​ត្រូវមាន​ឯកសារ​កក់​សណ្ឋាគារ​សម្រាប់​ការធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​ណាមួយ​។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ក្នុងករណី​ពុំមាន​ឯកសារ​កក់​សណ្ឋាគារ​ទេ ត្រូវ​ត្រៀម​សាច់ប្រាក់​ចំនួន​ ២ ០០០ ​ដុល្លារ​អាមេរិក​ (​សម្រាប់​អ្នកដំណើរ​បរទេស​) ដើម្បី​តម្កល់​នៅ​ច្រកចូល​កម្ពុជា សម្រាប់​ធានា​ចំណាយ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ចត្តាឡីស័ក​ក្នុង​អំឡុងពេល​ធ្វើ​ចត្តាឡីស័ក​នៅពេល​មកដល់​កម្ពុជា​»​។

អ្នកដំណើរ​នឹងត្រូវ​បាន​ពិនិត្យ​សុខភាព និង​យក​សំណាក​ដោយ​មន្ត្រី​សុខាភិបាល មុននឹង​ត្រូវ​បញ្ជូនទៅ​សណ្ឋាគារ ឬ​ទីតាំង​ដែល​កំណត់ដោយ​ក្រសួង​សុខាភិបាល​ដើម្បី​ធ្វើ​ចត្តាឡីស័ក​។

សេចក្តី​សម្រេច​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​នេះ​បន្ថែមថា ក្នុងករណី​សមាជិកគ្រួសារ ដែល​មិនបាន​ចាក់​វ៉ាក់សាំង ហើយ​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ដែល​រួម​ដំណើរ​ចូល​មក​កម្ពុជា រយៈពេល​ធ្វើ​ចត្តាឡីស័ក​ត្រូវ​អនុវត្ត​ដូចគ្នា​នឹង​រយៈពេល​ធ្វើ​ចត្តាឡីស័ក​របស់​អ្នក​ដំណើរ​ដែល​ជា​អាណាព្យាបាល​ដែរ​។

ដោយឡែក ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​គ្រោង​នឹង​ចាប់ផ្តើម​បើក​ព្រំដែន​អន្តរជាតិ​ឡើងវិញ​បន្តិច​ម្តងៗ ចាប់ពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ប៉ុន្តែ​តម្រូវឱ្យ​អ្នកដំណើរ ដែល​មកដល់​ព្រលានយន្តហោះ​អូស្ត្រាលី ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អូស្ត្រាលី​នា​ថ្ងៃទី​ ២០ ខែតុលា​។

សេចក្តី​ប្រកាស​លើកឡើងថា អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង ពេញលេញ​ (Fully vaccinated-២ ​ដូស​) ​នៅ​ប្រទេស​អូស្ត្រាលី​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង អន្តរជាតិ​អូស្ត្រាលី (Australian International Covid-19 Vaccination Certificate)​។

ស្ថាន​ឯកអគ្គរាជទូត​បន្តថា​៖ «​សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​ផ្សេង ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ភ្នាក់ងារ​ដែលមាន​ការទទួល​ស្គាល់ ពី​ប្រទេស​នោះ​។ វិញ្ញាបនបត្រ​ត្រូវ​ធ្វើជា​ភាសា​អង់គ្លេស ឬ​អមដោយ​លិខិត​បកប្រែ​ភាសា​អង់គ្លេស​មាន​ការបញ្ជាក់​ត្រឹមត្រូវ​»​។

អ្នកដំណើរ​ដែល​ត្រូវ​ទទួល​ស្គាល់​ថា​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ គឺ​សំដៅលើ​វិញ្ញាបនបត្រ​របស់​គាត់​មាន​បញ្ជាក់​ប្រភេទ​វ៉ាក់សាំង​ដែលមាន​ការទទួល​ស្គាល់​ពី​រដ្ឋបាល​ទំនិញ​សុខាភិបាល​អូស្ត្រាលី (Australia''s Therapeutic Goods Administration(TGA)​។

បច្ចុប្បន្ន​ប្រភេទ​វ៉ាក់សាំង និង​ចំនួន​ដូស រួមទាំង​គម្លាត​នៃ​ការចាក់​ដែល​ទទួលស្គាល់​ពី TGA មាន​វ៉ាក់សាំង​ ២ ​ដូស​ ដែលមាន​រយៈពេល​គម្លាត​នៃ​ការចាក់​ចំនួន​ ១៤ ​ថ្ងៃ​។ វ៉ាក់សាំង​ទាំងនោះ​មាន​ប្រភេទ​វ៉ាក់សាំង AstraZeneca Vaxzevria, AstraZeneca COVISHIELD, Pfizer/Biontech Comirnaty, Moderna Spikevax, Sinovac Coronavac ឬ​វ៉ាក់សាំង​ដែល​ចាក់​តែ​ ១ ​ដូស​របស់​ជប៉ុន​ប្រភេទ​ Cilag COVID Vaccine​។

សេចក្តី​ប្រកាស​បន្តថា អ្នកដំណើរ​ដែល​ចាត់ទុកថា បាន​ចាក់​វ៉ាក់សាំង ពេញលេញ លុះត្រាតែ​ការចាក់​ដូស​ចុងក្រោយ​ (​ដូស​ទី​២) ​ធ្វើឡើង យ៉ាងតិច​ ៧ ​ថ្ងៃ នៅមុន​ថ្ងៃ​ចេញដំណើរ​។ មួយវិញទៀត វ៉ាក់សាំង​ប្រភេទ​ផ្សេង​ដែល​ពុំមាន​ឈ្មោះ រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ពិចារណា​ហើយនឹង​ជូនដំណឹង​ពី​ការសម្រេច​នៅពេល​ក្រោយ​៕