សៀមរាបៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​បន្ថែម​ប្រមាណ ៥៨ ​លាន​ដុល្លារ សម្រាប់​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ក្រុង​សៀមរាប​។

កិច្ចព្រមព្រៀង​នេះ ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី KAMEI Haruko តំណាង JICA ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២១ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ​។

គម្រោង​នេះ​មាន​ទិសដៅ​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​មួយ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ៦០ ០០០ ​ម៉ែត្រគុប ក្នុង​ ១ ​ថ្ងៃ​ដោយ​យក​ប្រភពទឹក​ពី​បឹង​ទន្លេសាប ដែល​ក្នុងនោះ​មាន​ការសាងសង់​ប្រព័ន្ធ​បណ្តាញ​ស្ថានីយ​បូមទឹក សាងសង់​ប្រព័ន្ធ​ចែកចាយ​ទឹក និង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ភាគី​ទាំង​ ២ ​បញ្ជាក់ថា​៖ «​គម្រោង​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្គត់ផ្គង់ និង​ចែកចាយ​ប្រព័ន្ធ​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​សៀមរាប​ទាំងមូល »​។ កិច្ចព្រមព្រៀង​នេះ គឺជា​ឯកសារ​គតិយុត្ត​មួយទៀត បន្ទាប់ពី​លិខិត​ប្ដូរ​សារ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១១ តុលា រវាង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា សមិទ្ធផល​ដែល​ទទួលបាន​ពី​គម្រោង​នេះ​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​តាមរយៈ​ការគាំទ្រ​ដល់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ដែល​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់​ទៅនឹង​សេចក្តី​ត្រូវការ​ជា​អាទិភាព​របស់​កម្ពុជា​ក្នុង​ការពង្រីក ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់​មួយ​នៅក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត រដ្ឋាភិបាល​ជប៉ុន​តាមរយៈ JICA តែងតែ​ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ​អភិវឌ្ឍន៍​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ក្នុង​ការពង្រឹងពង្រីក​ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឱ្យ​ប្រជាជន​គ្រប់រូប​ទទួលបាន​នូវ​ទឹក​ដែល​ស្អាត និង​មាន​សុវត្ថិភាព​ប្រើប្រាស់​។

លោកស្រី Kamei Haruko ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា កិច្ចសហការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ត​គម្រោង​នេះ មាន​សារៈសំខាន់ ហើយ JICA បាន​បន្ត​ជួយ​ដល់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប តាមរយៈ​គម្រោង​មួយទៀត គឺ​គម្រោង​លើកកម្ពស់​សេវា​ទឹកស្អាត និង​អនាម័យ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ផងដែរ ដែល​នេះ​ជា​គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​ក្នុង​គ្រាអាសន្ន​។

លោកស្រី​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ផ្តល់​ជា​សម្ភារ និង​សារធាតុគីមី​សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត​ដែល​ធានា​គុណភាព​ទឹក​ស្របតាម​ស្តង់ដា​គុណភាព​ថ្នាក់ជាតិ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ JICA ដែល​កន្លងមក​តែងតែ​យកចិត្តទុកដាក់ «​រួមសុខទុក្ខ​» ​ជាមួយ​កម្ពុជា​គ្រប់​កាលៈទេសៈ​ជាពិសេស​ស្ថិត​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​។

លោក​ថ្លែង​ក្នុង​ពិធី​នេះ​ថា​៖ «​ថ្មីៗ​នេះ​រដ្ឋាភិបាល​ជប៉ុន​ទើបតែ​បាន​បន្ត​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​ទឹកប្រាក់ ១ ៦០០ ​លាន​យ៉េន [១៤ ​លាន​ដុល្លារ​] សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សកម្មភាព​ទាំងនេះ គឺជា​សក្ខីភាព ប្រកប​ដោយ​កាយវិការ​ដ៏ប្រពៃ និង​សមាន​ទឹកចិត្ត​ដ៏ថ្លៃថ្លា​របស់​ភាគី​មិត្ត ជាពិសេស ការជឿទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី​»៕