The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការធ្វើ​ស្រូវ​រដូវវស្សា​រយៈពេល​ ៩ ​ខែ​ សម្រេចបាន​ជាង​ ២,៨ ​លាន​ហិកតា ​កើន​លើស​ឆ្នាំមុន

ការធ្វើ​ស្រូវ​រដូវវស្សា​រយៈពេល​ ៩ ​ខែ​ សម្រេចបាន​ជាង​ ២,៨ ​លាន​ហិកតា ​កើន​លើស​ឆ្នាំមុន

Content image - Phnom Penh Post
គ្រឿងចក្រ​ប្រមូលផល​ស្រូវ​របស់​កសិករ​ក្នុង​ស្រុក​កៀនស្វាយ​។ ហេង ជីវ័ន

ការធ្វើ​ស្រូវ​រដូវវស្សា​រយៈពេល​ ៩ ​ខែ​ សម្រេចបាន​ជាង​ ២,៨ ​លាន​ហិកតា ​កើន​លើស​ឆ្នាំមុន

ភ្នំពេញៈ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ សម្រេចបាន​ជាង ២,៨ លាន​ហិកតា ស្មើនឹង​ ១០៨,៣២ ​ភាគរយ​នៃ​ផែនការ​ចំនួន​ ២,៦ លាន​ហិកតា លើស​ឆ្នាំមុន​ជាង​ ១,១ សែន​ហិកតា​ក្នុង​នោះ​ប្រមូលផល​ស្រូវស្រាល​បាន​ជាង​ ២,២ ​លាន​តោន លើស​ឆ្នាំមុន​ជាង​ ៦ សែន​តោន ខណៈ​ការនាំចេញ​កសិផល​កសិកម្ម​សរុប​សម្រាប់​ ៩ ​ខែ​ឆ្នាំនេះ មាន​ចំនួន​ជាង​ ៦ ​លាន​តោន​ដែល​មាន​តម្លៃ​ស្មើនឹង​ ៣,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

យោងតាម​របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម​ប្រចាំ​នព្វ​មាស​ឆ្នាំ​ ២០២១ ​និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៨ តុលា ឱ្យដឹងថា​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​មាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ជាពិសេស​ស្រូវ​រដូវវស្សា​សម្រេចបាន ២ ៨២៦ ២៣៣ ហិកតា​ស្មើនឹង ១០៨,៣២% នៃ​ផែនការ​ចំនួន​ ២ ៦០៩ ០៦៥ ​ហិកតា​។

ក្នុងនោះ​ផលិតកម្ម​ដំណាំ​ស្រូវ​រដូវវស្សា​មាន​ផ្ទៃដី​ភ្ជួរ​រាស់​សម្រេចបាន​ចំនួន​ ២ ៨៥០ ២៤៤ ហិកតា​ក្នុងនោះ​ភ្ជួររាស់​ដោយ​គោក្របី​មាន​ចំនួន​ ១៦ ៦២៤ ហិកតា ស្មើនឹង ​០,៥៨% និង​ភ្ជួរ​ដោយ​គ្រឿងយន្ត​ចំនួន ២ ៨៣៣ ៦២០ ហិកតា​ស្មើនឹង ៩៩,៤២%​។ ផ្ទៃដី​សាបព្រោះ​សម្រេចបាន​ចំនួន​ ១២ ៣៩២ ហិកតា​តិចជាង​ឆ្នាំមុន​ចំនួន ៣ ៣៩០ ហិកតា​។ ផ្ទៃដី​ស្ទូង​ និង​ព្រោះ​សម្រេចបាន​ចំនួន ២ ៨២៦ ២៣៣ ហិកតា​ស្មើនឹង​ ១០៨,៣២% នៃ​ផែនការ​ចំនួន ២ ៦០៩ ០៦៥ ហិកតា លើស​ឆ្នាំមុន ១១២ ០១៧ ហិកតា​។

ក្រសួង​បញ្ជាក់ថា​៖ «​ការប្រមូលផល​ស្រូវស្រាល​សម្រេចបាន​ចំនួន​ ៥៦៤ ៧៩២ ហិកតា ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ​២ ២៦៨ ៧១៧ តោន លើស​ឆ្នាំមុន​ចំនួន​ ៦០៦ ៦៥៦ ​តោន​ និង​ទទួលបាន​ទិន្នផល​គិត​ជា​មធ្យម ៤,០១៧ ​តោន​ក្នុង​ ១ ​ហិកតា​»​។

ចំណែក​ដំណាំ​សាកវប្បកម្ម​ និង​ដំណាំ​ឧស្សាហកម្ម​រដូវវស្សា អនុវត្តបាន​សរុប​ចំនួន​ ៥៥ ៣៩៦ ​ហិកតា​ស្មើនឹង ១០៣,៩% នៃ​ផែនការ​ចំនួន ៥៣ ៦៨៦ ​ហិកតា តិចជាង​ឆ្នាំមុន ៩ ២៤៨ ​ហិកតា​។ ដំណាំ​ឧស្សាហកម្ម​អនុវត្តបាន​សរុប​ចំនួន ៧៨២ ៩៦៧ ហិកតា ស្មើនឹង ៩៥,៤៩% នៃ​ផែនការ​ចំនួន​ ៨១៩ ៩៨៩ ហិកតា​តិចជាង​ឆ្នាំមុន ១១ ៣៣១ ​ហិកតា​។

ចំណែក​បរិមាណ​អង្ករ​នាំចេញ​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២១ មាន​ចំនួន​ ៤១០ ៦៩៨ ​តោន​ថយចុះ​ចំនួន​ ៧៨ ០៧៧ ​តោន​ (-១៥,៩៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២០ មាន​ចំនួន ៤៨៨ ៧៧៥ ​តោន​។ នេះ​បើតាម​របាយការណ៍​។

បើតាម​ក្រសួងកសិកម្ម​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ បរិមាណ​អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន​ ២២ ​ប្រទេស​មាន​បរិមាណ​សរុប​ចំនួន​ ១០៤ ២២២ ​តោន (​ថយចុះ​ចំនួន ៥៧ ៣៩២ ​តោន​ស្មើនឹង -៣៥,៥១%)​។ ប៉ុន្ដែ​ទិសដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន​ ២០៣ ២៧៩ ​​តោន (​កើនឡើង​ចំនួន​ ៣១ ៣៨៣ ​តោន​ស្មើនឹង​ ១៨,២៦%)​។

ឯ​ទិសដៅ​អាស៊ាន​ចំនួន​ ៧ ប្រទេស​មាន​បរិមាណ​សរុប​ចំនួន​ ៤១ ៤៧៦ ​តោន (​ថយចុះ​ចំនួន​ ២៥ ៩៥៧ ​តោន​ស្មើនឹង -៣៨,៤៩%) និង​ទិសដៅ​នាំចេញ​ដទៃទៀត​ចំនួន​ ២៣ ​ប្រទេស​មាន​បរិមាណ​សរុប​ ៦១ ៧២១ ​តោន (​ថយចុះ​ចំនួន​ ២៦ ១១១ ​តោន​ស្មើនឹង​ ២៩,៧៣%)​។

ក្រសួង​ឱ្យដឹងថា ក្រុមហ៊ុន​នាំចេញ​អង្ករ​មាន​ចំនួន​ ៥៩​ ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ១០ ​មាន​រហូតដល់​ ២៩៩ ៥៣៣ ​តោន (៧២,៩៤%) និង​ក្រុមហ៊ុន​ ៤៩ ​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ​ ១១១ ១៦៥ ​តោន​ស្មើនឹង​ ២៧,០៦%​។

រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម លោក​ វេង សាខុន បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នៃ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៨ តុលា ថា ដើម្បី​រួមចំណែក​ដល់​ការធ្វើឱ្យ​សម្រេច​បាន​នូវ​គោលនយោបាយ​ក៏ដូចជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​វិស័យ​កសិកម្ម​ទៅ​ជា​កសិកម្ម​ទំនើប​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង មាន​បរិយាប័ន្ន​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ និង​មាន​និរន្តរភាព​ដែល​ឆ្លើយតប​នឹង​តម្រូវការ​សុវត្ថិភាព​ស្បៀង​ និង​អាហារូបត្ថម្ភ ដែល​នាំ​ដល់​ការកើនឡើង ប្រាក់ចំណូល​គ្រួសារ​កសិករ គឺជា​តម្រូវ​ការចាំបាច់​បំផុត មិនអាច​ខ្វះ​បាន​នាពេល​បច្ចុប្បន្ន និង​អនាគត​។

ការដាក់ចេញ​នូវ​គោលដៅ​គោលនយោបាយ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម នឹង​ធ្វើឱ្យ​វិស័យនេះ​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ថាមវន្ត​សម្រាប់​ការរីកលូតលាស់​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​។

ក្រសួង​បាន​ខិតខំ​តម្រង់​ទិសដៅ​ឆ្ពោះ​ទៅនឹង ទី​ ១ ​ការធ្វើ​ទំនើបកម្ម​និង​ពាណិជ្ជូបនីយកម្ម​ខ្សែចង្វាក់​តម្លៃ​កសិកម្ម ទី​ ២ ​ការវិនិយោគ​សាធារណៈ​ និង​ឯកជន ក្នុង​វិស័យ​កសិកម្ម ទី​ ៣ ​កំណើន​ប្រកបដោយ​ចីរភាព និង​ការបង្កើន​ភាពធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ទី​ ៤ ​កំណែទម្រង់​ស្ថាប័ន និង​បញ្ហា​អន្តរវិស័យ​។

លោក​បន្តថា ប្រាកដ​ណាស់ ការអនុវត្ត​កសិកម្ម​ទំនើប​នឹង​ជួយ​ឱ្យ​ការងារ​នៅក្នុង​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​មាន​ផលិតភាព​ខ្ពស់ និង​និរន្តរភាព ហើយ​អ្នកពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​វិស័យ​នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​។

លោក​ វេង សាខុន បញ្ជាក់ថា​៖ «​យើង​ទទួលស្គាល់ថា ផលិតផល​កសិកម្ម មាន​សម្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់ ហើយ​ក៏បាន​បំពេញ​សេចក្តីត្រូវការ​ក្នុងស្រុក និង​បាន​ឈានទៅ​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ និង​ពិភពលោក​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​ជា​បណ្តើរ​ដោយបាន​ប្រកាន់យក​នូវ​ការអនុវត្ត​តាម​អភិក្រម​រដ្ឋ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​ឯកជន និង​សហគមន៍​កសិកម្ម​»​។

ទន្ទឹមនឹង​ទទួល​បាន​វឌ្ឍនភាព​ល្អប្រសើរ​នេះ លោក​ វេង សាខុន ក៏បាន​ទទួលស្គាល់​ផងដែរ​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដែល​បាននិង​កំពុង​ជួបប្រទះ​នៅក្នុង​វិស័យ​កសិកម្ម ហើយ​កំពុង​ត្រូវបាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការកែលម្អ និង​ដោះស្រាយ​ក្នុង​នោះ​រួមមាន ការប្រែប្រួល​អាកាសធាតុ ដែល​ធ្វើឱ្យមាន​គ្រោះទឹកជំនន់ និង​គ្រោះ​រាំងស្ងួត ធាតុ​ចូល​កសិកម្ម​នៅ​មាន​តម្លៃ​ខ្ពស់ សម្រាប់​ធ្វើការ​ដាំដុះ ការចិញ្ចឹម​សត្វ និង​ការធ្វើ​វារីវប្បកម្ម​នៅមាន​តម្លៃ​ខ្ពស់​រួមទាំង​ការកែច្នៃ​កសិផល​ត្រូវ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ផលិតផល​កសិកម្ម នាំចូល​ពី​ក្រៅប្រទេស​។ ធនធាន​មនុស្ស​ និង​ថវិកា ហើយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ សម្រាប់​ជួយ​ដល់​ការធ្វើ​ទំនើបកម្ម​កសិកម្ម​នៅមានកម្រិត​នៅឡើយ​។

លោក ថេង សារឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លើកឡើងថា ការកើនឡើង​នូវ​ទិន្នផល​ស្រូវ និង​ការនាំចេញ​ទៅកាន់​ប្រទេស​មួយចំនួន​មាន​ការធ្លាក់ចុះ​នេះ គឺ​អាស្រ័យ​ទៅនឹង​បញ្ហា​ប្រឈម​នៅក្នុង​តំបន់ និង​ជា​សកល ជាពិសេស​បញ្ហា​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្ដែ​នៅក្នុង​វិបត្ដិ​កូវីដ​ ១៩ ​នេះ​បាន​ធ្វើឱ្យ​វិស័យ​កសិកម្ម ពិសេស​ផលិតផល​ចំណីអាហារ គឺមាន​ការកើនឡើង ដោយសារ​ជា​តម្រូវការ​ចាំបាច់​របស់​មនុស្ស​ជាប្រចាំ​ថ្ងៃ​។

លោក​បាន​ថ្លែងថា​៖ «​រដ្ឋាភិបាល ស្ថាប័ន​ដៃគូ​ពាក់ព័ន្ធ​រួមជាមួយ​នឹង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ត្រូវតែ​គិតគូរ​ជា​យុទ្ធសាស្ដ្រ​ក្នុង​ការដោះស្រាយ ដូចជា​បញ្ហា​ទីផ្សារ និង​ការផ្ដល់​ការគាំពារ​ទៅលើ​ពូជ​ដំណាំ ជំនាញ​នៃ​ការដាំដុះ ជំនាញ​វិជ្ជាជីវៈ​ក្នុង​ការចិញ្ចឹមសត្វ ការវេចខ្ចប់ ​រួម​នឹង​ទុន និង​បច្ចេកទេស​ដើម្បី​សម្រួល​ដល់​កសិករ​ក្នុង​ការដាំដុះ និង​សេដ្ឋកិច្ច​របស់​ពួកគាត់​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍