កំពង់ស្ពឺៈ លោក វ៉ីសំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​អះអាងថា​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ទីសាធារណៈ​ក្នុង​ខេត្ត​ត្រូវបាន​រុះរើ​ចេញ​ ១០០ ​ភាគរយ​ហើយ ក៏ប៉ុន្តែ​លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍ ប្រសិនបើ​ឃើញ​ករណី​លើក​ស្លាក​ថ្មី​នៅតាម​មូលដ្ឋាន​។

លោក វ៉ី សំណាង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ តុលា​ថា​៖ «​មកទល់​ពេល​នេះ​ទីតាំង​លើក​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់ប្រភេទ​តាម​ទីសាធារណៈ​ត្រូវ​​បាន​រុះ​រើចេញ​ ១០០ ​ភាគរយ​។

យើង​សម្រេចបាន​ ១០០ ភាគរយ​ព្រោះ​ខ្ញុំ​ដើរ​មើល​អស់ហើយ​»​។

ជាមួយ​គ្នា​នេះ​លោក​អះអាងថា អាជ្ញាធរ​ទទួលបន្ទុក​បញ្ហា​នេះ​ក៏​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ និង​ចុះ​រុះរើ​រាល់​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ដែល​បន្ត​លួច​ដាក់​ថ្មី ហើយ​លោក​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យចូលរួម​រាយការណ៍​បើ​ឃើញ​មាន​ករណី​លើក​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​មូលដ្ឋាន​របស់​ពួកគេ​។

លោក​បាន​បញ្ជាក់ថា​៖ «​មក​​ដល់ពេលនេះ​ក៏​មិនមាន​ម្ចាស់​ទីតាំង ឬ​មាន​ការលួច​ដាក់​ទៀត​ដែរ​គឺ​មិនមាន​ទេ ហើយ​ក្នុង​ករណី​បើ​មាន​គឺ​យើង​ចុះទៅ​ទម្លាក់​។

ចំពោះ​អ្នក​បន្ត​ល្មើស​យើង​នឹង​គិតពី​វិធានការ​បន្តទៀត ក្រៅពី​ទម្លាក់​ និង​រុះរើ​ចេញ​ព្រោះ​ការលើក​​ស្លាក​ផ្សព្វផ្សាយ​នេះ វា​មិនមែន​ទាក់ទង​នឹង​ទោសទណ្ឌ​អី​ទេ វា​គ្រាន់តែ​ទាក់ទង​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​»​។

កាលពី​ខែឧសភា​ឆ្នាំនេះ លោក វ៉ី សំណាង ធ្លាប់បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ក្នុង​ខេត្ត ដោយ​បាន​ដាក់បទបញ្ជា​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ស្លាក​ប៉ាណូ​នៅ​ទីសាធារណៈ ហើយ​ចាត់ទុក​ថា ធ្វើឱ្យ​បាត់បង់​នូវ​សោភណភាព សេចក្តី​ថ្លៃថ្នូរ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្តកំពង់ស្ពឺ​។

លោក​ ជា ម៉ុម ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​បានលើកឡើង​ថា ស្ថានភាព​ជាក់ស្តែង​នៅ​ទូទាំង​ក្រុង​ដែល​លោក​កំពុង​រស់នៅ​គឺ​មិនមាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ស្លាក​ប៉ាណូ​នៅ​ទីសាធារណៈ​ទេ​។ លោ​កថា​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ខេត្ត​នេះ​ពិតជា​មាន​មោទនភាព​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​បាន​អនុវត្ត​មុនគេ និង​ធ្វើជា​គំរូ​ដើម្បី​កុំឱ្យ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​។

លោក​បាន​រៀបរាប់ថា​៖ «​សកម្មភាព​នេះ​ខ្ញុំ​គាំទ្រ​ ១០០% ​ទាក់ទង​នឹង​ការហាមឃាត់​គ្រឿងស្រវឹង​នេះ បើទោះជា​ប៉ះពាល់​​ខ្លះ​ដល់​បងប្អូន​ដែល​ប្រកប​មុខរបរ​អាជីវកម្ម​មួយចំនួន​ក៏ដោយ តែ​គ្រាន់តែ​ថា បើ​បិទ​តែ​ការហាមឃាត់​ [​ផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​] ​ហើយ​ការប្រើប្រាស់​គ្រឿងស្រវឹង​នៅ​ធ្វើបាន​ជាធម្មតា​ដដែល ព្រោះ​នេះ​ក៏​បង្ហាញថា ខេត្ត​យើង​ធ្វើបាន​ខ្លះ​ដែរ​»​។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​សាទរ​ចំពោះ​ការសម្រេចបាន​នូវ​វិធានការ ​១០០% ​ក្នុង​ការផ្តួចផ្តើម​របស់​អភិបាលខេត្ត​កំពង់ស្ពឺ ដើម្បី​ហាម​ការផ្សព្វផ្សាយ​​គ្រឿង​ស្រវឹង​តាម​ស្លាក​ប៉ាណូ​។ ប៉ុន្តែ​លោក​ថា ការផ្តើម​ចេញ​តែ​ពី​ខេត្ត​នេះ​តែមួយ ហើយ​ក្នុង​​ទិសដៅ​បញ្ចប់​ត្រឹម​ការផ្សព្វផ្សាយ​​គ្រឿង​ស្រវឹង​គឺ​មិន​គ្រប់គ្រាន់​ទេ​​គឺ​ត្រូវការ​ការចូលរួម​ព្រម​គ្នា និង​​គ្រប់​មធ្យោបាយ​ហាមឃាត់​។

លោក​ថា​៖ «​អ្វី​គួរតែ​មាន​លើស​​នេះ​គឺថា ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គឺ​មិនមែន​មានតែ​តាមរយៈ​ប៉ាណូ​ប៉ុណ្ណោះ​ទេ​គឺមាន​​តាម​មធ្យោបាយ​ផ្សេងៗ ហើយ​ច្រើន​ទៀត ដូចជា​ទូរទស្សន៍ វិទ្យុ​បណ្តាញ​សង្គម ដែល​ទាំងនេះ​គឺជា​កត្តា​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​​គ្រឿង​ស្រវឹង​យ៉ាងច្រើន​»៕

វីដេអូ៖