សៀមរាបៈ អាជ្ញាធរជាតិ​អប្សរា និង​សាលា​ភូមិន្ទរដ្ឋបាល​បាន​រួមគ្នា ដាំ​កូនឈើ​ប្រមាណ ២ ០០០ ដើម នៅ​បរិវេណ​វត្ត​ឥន្ទបត្តបុរី(អង្គរខាងជើង) ដើម្បី​ប្រែក្លាយ​ទីតាំង​នេះឱ្យ​ក្លាយ​ជា​សួនទេសភាព​វប្បធម៌។

លោក ឡុង កុសល អគ្គនាយករង​អាជ្ញាធរជាតិ​អប្សរា ថ្លែង​ក្នុង​ពិធី​ដាំ​កូនឈើ​កាលពី​ថ្ងៃទី ២១ ខែតុលាថា ការ​ដាំ​កូនឈើ​នេះ មិនត្រឹមតែ​លើក​តម្លៃ​ទេសភាព​វប្បធម៌​ពាក់ព័ន្ធ​នឹង​ទីវត្តអារាម​នោះ​ទេ តែ​ថែមទាំង​ផ្សារ​ភ្ជាប់​ការ​រៀបចំ​ទីអារាម​នេះ ទៅក្នុង​តម្លៃ​លេចធ្លោ​ជា​សកល​របស់​រមណីយដ្ឋាន​អង្គរ ដែល​ជា​អត្តសញ្ញាណជាតិ​របស់​កម្ពុជា និង​ជា​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​របស់​មនុស្សជាតិ​ទាំងមូល។ នេះ​បើតាម​ហ្វេសប៊ុក​អាជ្ញាធរជាតិ​អប្សរា​កាលពី​ថ្ងៃទី ២១ ខែតុលា។

លោក យក់ ប៊ុនណា នាយក​សាលា​ភូមិន្ទរដ្ឋបាល បាន​ចាត់ទុក​ការ​ដាំ​កូនឈើ​នេះថា ជាការ​ចូលរួម​ចំណែក​យ៉ាងសំខាន់ ដើម្បី​បំពេញ​បន្ថែម នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរជាតិ​អប្សរា ក្នុងការ​កែលម្អ​បរិស្ថាន​ក្នុង​តំបន់​អង្គរ ព្រោះ​ដើមឈើ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជីវិត​មនុស្ស និង​បរិស្ថាន។

ចាប់តាំង​ពី​ឆ្នាំ ២០០៤ មក​ដល់​ពេលនេះ​អាជ្ញាធរជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ប្រណីតៗ ជាង ២ លានដើម នៅក្នុង​តំបន់​ឧទ្យានអង្គរ ដែល​មាន​បេង នាងនួន ធ្នង់ គ្រញូង និង​កូនឈើ​ចម្រុះ​ជាច្រើនទៀត។

អាជ្ញាធរជាតិ​អប្សរា​ក៏មាន​ស្ថានីយ​បណ្តុះ​កូនឈើ​ចំនួន ១០ ទីតាំង ដែល​មាន​លទ្ធភាព​បណ្តុះ​កូនឈើ​ជាច្រើន​ម៉ឺនដើម ក្នុង​មួយឆ្នាំៗ ដើម្បី​ដាំដុះ និង​ចែក​ជូន​សាធារណជនផង៕