សៀមរាបៈ ស្នងការ​នគរបាល​ខេត្ត​សៀមរាប​បាន​ចាត់​ក្រុមការងារ​ឱ្យ​ចុះ​ស្រាវជ្រាវ​លើ លោក លឹម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បន្ទាប់ពី​ទទួល​បាន​បណ្តឹង​អនាមិក​ប្តឹង​សុំឱ្យ​ចុះជួយ​ពិនិត្យមើល​ការងារ​ដឹកនាំ​របស់​អធិការ​រូបនេះ​កាលពី​ថ្ងៃទី​ ២០ ខែតុលា ជុំវិញ​ករណី​ពុំមាន​សមត្ថភាព និង​ប្រកាន់​បក្ខពួកនិយម​។

លោក តេង ច័ន្ទណាត ស្នងការ​នគរបាល​ខេត្តសៀមរាប​ថ្លែង​នៅ​ថ្ងៃទី​ ២០ ខែតុលា​ថា បន្ទាប់ពី​បានឃើញ​បណ្តឹង​អនាមិក​ដាក់​មក​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​ស្នើសុំ​ឱ្យ​ចុះជួយ​ពិនិត្យមើល​ការងារ​ដឹកនាំ​របស់លោក លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទ​បាគង លោក​បាន​ប្រាប់​ទៅ​លោក​អធិការ​ដើម្បីឱ្យ​បំភ្លឺ​ជុំវិញ​រឿង​នោះ និង​ចាត់​ឱ្យមាន​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឱ្យ​គាត់​ធ្វើការ​បំភ្លឺ​ហើយ ទើប​យើង​ធ្វើ​ការងារ ចុះ​ស្រាវជ្រាវ ព្រោះ​វា​មិនអាច​គ្រាន់តែ​ថា មាន​បណ្តឹង​អនាមិក​ហើយ​យើង​ទៅ​ដក​មន្ត្រី​របស់​យើង​កើត​នោះទេ យើង​ត្រូវ​ធ្វើឱ្យមាន​យុត្តិធម៌​ទាំងសងខាង​»​។

នៅពេល​សុំ​ការបញ្ជាក់​បន្ថែម​កាលពី​ថ្ងៃទី​ ២១ តុលា លោកស្នងការ​ខេត្ត​​សៀមរាប​មិនអាច​ទាក់ទង​បានទេ​។

ក៏ប៉ុន្តែ​លោក​ធ្លាប់បាន​ប្រាប់​កាលពី​ថ្ងៃទី​ ២០ ខែតុលា ករណីនេះ​លោក​នៅ​មិនទាន់​ទទួល​បាល​ការបំភ្លឺ​ពី​លោក លឹម សម្បត្តិ នៅឡើយ​ទេ​។

នៅក្នុង​ពាក្យបណ្តឹង​អនាមិក​រាយការណ៍​ទៅ​ស្នងការ​ខេត្តសៀមរាប​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ១៩ ​ខែ​តុលា​បាន​បង្ហាញថា ពលរដ្ឋ និង​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​សំណូមពរ​ដល់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ពិនិត្យមើល​ការដឹកនាំ​របស់​លោក លឹម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង និង​សុំឱ្យ​ផ្លាស់ប្តូរ​តួនាទី​បច្ចុប្បន្ន ព្រោះ​អធិការ​រូបនេះ​ពុំមាន​សមត្ថភាព​ដឹកនាំ និង​ប្រកាន់​បក្ខពួកនិយម​។

ពាក្យបណ្តឹង​អនាមិក​ដដែល​នោះ​បាន​លើកឡើង​ទៀតថា ចាប់តាំងពី​លោក លឹម សម្បត្តិ បាន​ចូលកាន់​មុខតំណែង​ជា​អធិការ នគរបាល​ស្រុក​ប្រាសាទបាគង​នៅក្នុង​ចុងឆ្នាំ​ ២០១៩ មក បានធ្វើឱ្យ​មន្ត្រីនគរបាល​ជាតិ​នៅ​​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ទាំងមូល​មាន​ការបែកបាក់​សាមគ្គីភាព​ផ្ទៃ​ក្នុងនោះ​មាន​ការប្រកាន់​បក្ខពួក​និយម អួតអាង ថា​មាន​ខ្សែ​ខ្នង​ធំៗ​ចាំ​ជួយ​ខ្លួន​នៅ​ពីក្រោយ និង​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ខុសច្បាប់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​។

ក្រៅពីនេះ​ប្រភព​ដដែល​បាន​បង្ហាញ​ដែរ​ថា លោក​អធិការ​រូបនេះ​បាន​ដើរ​ផឹកស៊ី​ជួបជុំគ្នា​ជាមួយ​បក្ខពួក ផ្ទុយ​ពី​ការណែនាំ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​៣ការពារ​ និង​៣កុំ ដោយ​មិនបាន​យកចិត្ត​ទុកដាក់​ក្នុង​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង​ឡើយ​។

ក្នុង​ពាក្យបណ្តឹង​សរសេរ​ទៀតថា​៖ «​បទល្មើស​ច្រើន​ជា​បន្តបន្ទាប់​បាន​កើតឡើង​ដូចជា​ចោរកម្ម លួច ឆក់ កាច់​សោក​ម៉ូតូ គាស់​ផ្ទះ​ចូល​យក​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​កើតមាន​ពាសពេញស្រុក​។ ​នៅពេល​លោក​អធិការ​ចុះបង្ក្រាប​​កន្លែង​ល្បែងស៊ីសង​តែង​ជំរិត​ទារប្រាក់​ចំនួន​ ២០០ ​ដុល្លារ​ទៅ​ ៣០០ ​ដុល្លារ​ក្នុង​ម្នាក់ បើ​មិនឱ្យ​ទេ​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​»​។

យ៉ាងណាក៏ដោយ លោក លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង​មិនអាច​សុំ​បំភ្លឺ​ជុំវិញ​ករណី​​ចោទប្រកាន់​នេះ​បានទេ កាលពី​ថ្ងៃទី​ ២១ ខែតុលា ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នកទទួល​៕