បន្ទាយមានជ័យៈ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ បានព្រមានចាត់វិធានការច្បាប់ទៅលើមន្ត្រីនគរបាលណា ដែលរកឃើញថាមានការពាក់ព័ន្ធទៅនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ និងការល្មើសជួញដូរគ្រឿងញៀន។
ការព្រមាននេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែតុលាម្សិលមិញ ក្នុងខណៈពេលលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកក៏បានធ្វើការបើកកិច្ចប្រជុំមួយ ដែលមានការអញ្ជើញចូលរួមពីលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ និងមេបញ្ជាការវរការពារព្រំដែនគោកទាំង ៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ របស់កងកម្លាំងនគរបាលការពារព្រំដែន នៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក ៨០៧ ច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យផងដែរ។ នេះបើយោងតាមនគរបាលជាតិ។
ក្នុងឱកាសនោះលោក សិទ្ធិ ឡោះ បានព្រមានចំៗចំពោះមន្ត្រីនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃថា៖«ក្នុងនាមជានគរបាលជាតិដាច់ខាតមិនត្រូវពាក់ពន្ធ័ជាមួយឈ្មួញ ឬបទល្មើសជួញដូរគ្រឿងញៀន និងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ឡើយ។ បើរកឃើញបទល្មើសនៅគោលដៅណា លោកនឹងមានវិធានការតាមច្បាប់ ឬបញ្ជូនទៅតុលាការតែប៉ុណ្ណោះ»។
កងកម្លាំងទាំងអស់ត្រូវបានជំរុញឱ្យរួមគ្នា ដើម្បីទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសគឺបទល្មើសជួញដូរមនុស្សឆ្លងដែនខុសច្បាប់, បទល្មើសសេដ្ឋកិច្ចដូចជាទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ និងបទល្មើសជួញដូរគ្រឿងញៀនជាដើម។
ក្រៅពីនោះលោក សិទ្ធិ ឡោះ ក៏បានជំរុញឱ្យគ្រប់មេបញ្ជាការវរៈត្រូវមានសាមគ្គីផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងភាគីថៃឱ្យបានល្អ ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការធ្វើការងារ។
លើសពីនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវបទបញ្ជាឱ្យកម្លាំងនគរបាលព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារ ត្រៀមកម្លាំងប្រចាំការ ២៤ម៉ោង កសាងប៉ុស្តិ៍ ជម្រក សម្ភារបរិក្ខារទ័ព គ្រប់គ្រងគ្រាប់ អាវុធ បង្កបង្កើនការដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ ក៏ដូចជា ដើម្បីលើកស្ទួយជីវភាពនគរបាលតាមព្រំដែនឱ្យកាន់តែមានភាពប្រសើរឡើងផងដែរ៕