ភ្នំពេញៈ ក្រសួង​ព័ត៌មាន​ចង់ឱ្យ​ភាគី​ចិន​ជួយ​ជ្រោមជ្រែង​ក្រសួង​ព័ត៌មាន ក្នុង​ការគ្រប់គ្រង និង​ប្រមូល​ទិន្នន័យ ដើម្បី​ធ្វើឱ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ​មាន​ភាពគ្រប់​ជ្រុងជ្រោយ សេរី និង​មិន​បង្ក​ផលលំបាក​ដល់​ប្រជាពលរដ្ឋ​។

លោក ផុស សុវណ្ណ អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ថ្លែងថា ភាគី​ចិន​ដែលមាន​មូលនិធិ​ខាង​អភិវឌ្ឍន៍ និង​សន្តិភាព ក៏ដូចជា​អង្គភាព​សារព័ត៌មាន CCTV ដែលជា​អង្គភាព​សារព័ត៌មាន​មួយ​ដ៏ធំ​បាន​ធ្វើ​ការងារ​យ៉ាងច្រើន​លើ​វិស័យនេះ​ដោយបាន​បង្ក​ជា​ថ្នាល​ (Platform) ក្នុង​ការជួយ​ដល់​អ្នកសារព័ត៌មាន​នៅ​ប្រទេស​ចិន​បាន​ច្រើន​។

ការស្នើឡើង​បែបនេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​កម្រិត​ខ្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​មេគង្គ-ឡាន-ឆាង កាលពី​ថ្ងៃទី​ ២០ ​តុលា ដែល​រៀបចំ​ដោយ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន​តាម​ប្រព័ន្ធ​អនឡាញ​។

លោក​ថ្លែងថា​៖ «​បើ​យើង​មានឱកាស យើង​នឹង​អាច​ជួបគ្នា​ផ្ទាល់ ជជែក​គ្នា ដោះដូរ​គ្នា ឬក៏​គាំទ្រ​កិច្ចសហប្រតិបត្តិការ​បែបណា​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​យើង​អាចមាន​លទ្ធភាព​រក្សាបាន​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ​ខ្លះ ហើយ​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមបែប​ថ្មី​»​។

ក្រោយ​ពី​បទបង្ហាញ​របស់ CCTV នៅក្នុង​សិក្ខាសាលា​នេះ លោក ផុស សុវណ្ណ បាន​កត់សម្គាល់​ថា ដោយសារ​ប្រទេស​ចិន​មាន​ថ្នាល​ឌីជីថល ដែល​អាច​គ្រប់គ្រង​បាន​ព័ត៌មាន​ដែល​ចេញ​ផ្សព្វផ្សាយ​គឺ​សុទ្ធសឹង​ជា​ព័ត៌មាន​ដែល​ល្អ និង​មាន​ប្រសិទ្ធភាព​ដែល​អាច​ផ្តល់​ជា​ចំណេះដឹង និង​មិន​បង្ក​នូវ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​ក្នុងនាម​ឯកឧត្តម​រដ្ឋមន្ត្រី​នៃ​ក្រសួង​ព័ត៌មាន​ពិតជា​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​ប្រសិនបើ​មាន​ជ្រុង ឬក៏​មាន​ចំណុច ឬ​គម្រោង​ណាមួយ​អាចជួយ​ជ្រោមជ្រែង​ឱ្យ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាច​គ្រប់គ្រង ឬក៏​អាច​ប្រមូលបាន​ទិន្នន័យ​ទាំងអស់​នេះ គឺជា​ការប្រសើរ​ណាស់​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ការផ្សព្វផ្សាយ​របស់​យើង​ទៅ​ប្រជាពលរដ្ឋ​នៅតែ​ជា​ព័ត៌មាន​មួយ​ដែល​គ្រប់​ជ្រុងជ្រោយ ដោយ​សេរី ហើយ​វា​មិនមាន​បង្ក​ឱ្យ​មាន​ព្យសនកម្ម ឬក៏​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​របស់​យើង​»​។

ជាមួយ​គ្នា​នេះ លោក ផុស សុវណ្ណ ស្នើ​ដល់​អ្នកសារព័ត៌មាន​កម្ពុជា​ចៀសវាង «​ឱ្យបាន​» ការសរសេរ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បង្កបញ្ហា​ដល់​សង្គម និង​សិក្សា​អំពី​លិខិតបទដ្ឋាន​គតិយុត្ត​ឱ្យបាន​ច្រើន​ទាក់ទង​នឹង​ប្រទេស​នីមួយៗ ព្រោះ​ករណី​ដែល​ខ្វះ​ចន្លោះ ឬ​ការមើល​ឃើញតែ ១ ​ជ្រុង អាច​នាំឱ្យ​ធ្វើការ​សន្និដ្ឋាន​មិនបាន​ត្រឹមត្រូវ​លើ​ប្រភេទ​ព័ត៌មាន​។ លោក​ក៏បាន​អរគុណ​ដល់​អ្នកសារព័ត៌មាន​ចិន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន «​ល្អ​» ​ពី​កម្ពុជា ដែល​ធ្វើឱ្យ​វិនិយោគិន​ចិន​បាន​មក​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើងៗ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​រហូត​មកដល់​ពេលនេះ​។

បើតាម​លោក ផុស សុវណ្ណ បច្ចុប្បន្ន អង្គភាព​សារព័ត៌មាន​របស់​ចិន​នៅ​កម្ពុជា​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​សរុប​ ២៧ ​អង្គភាព ដែល​ក្នុងនោះ​ ៦ ​អង្គភាព​ជា​របស់​រដ្ឋ​ចិន និង​ ២១ ​អង្គភាព​ជា​របស់​វិនិយោគិន​ចិន​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​។

នៅក្នុង​សិក្ខាសាលា​នេះ ភាគី​ចិន​បានប្រកាស​សន្យា​នឹង​អញ្ជើញ​អ្នកសារព័ត៌មាន​កម្ពុជា ក៏ដូចជា​លោក​សុវណ្ណ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដោយផ្ទាល់​នៅពេល​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ទទួលបាន​ជោគជ័យ​។

លោក Wang Hua អគ្គលេខធិការរង​នៃ​មូលនិធិ​អភិវឌ្ឍន៍ និង​សន្តិភាព​នៃ​ប្រទេស​ចិន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បាន​ដើរតួនាទី​សំខាន់បំផុត​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​កម្ពុជា​ហើយ​រវាង​ប្រទេស​ចិន និង​ប្រទេស​ឡាន-ឆាង-មេគង្គ​។

លោក​បាន​ថ្លែងថា​៖ «​យើងខ្ញុំ​សង្ឃឹមថា មិត្ត​អ្នកសារព័ត៌មាន​អាច​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​ដ៏ល្អ​នៅលើ​កិច្ចសហប្រតិបត្តិការ​​ទន្លេ​ឡានឆាង​។ សិក្ខាសាលា​ពិភាក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើក​នេះ​គឺ​ដើម្បី​បង្កើន​ការយល់ដឹង​គ្នា​ទៅវិញទៅមក និង​ចែករំលែក​បទពិសោធ និង​លទ្ធផល​ទៅលើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំង​កូវីដ​ ១៩ និង​ការកាត់បន្ថយ​ភាពក្រីក្រ​រវាង​ចិន និង​កម្ពុជា​។

លោក Wang Hua មាន​ការជឿជាក់ថា ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​នឹង​ទទួលបាន​ជោគជ័យ និង​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​ចិន និង​កម្ពុជា​នឹង​កាន់តែ​ស៊ីជម្រៅ ដើម្បី​រួមចំណែក​ដល់​ការកសាង​ប្រទេស​ទាំង ​២ និង​ការពារ​រក្សា​ប្រព័ន្ធ​សុខាភិបាល និង​សន្តិភាព​រវាង​ប្រទេស​ទាំង​ ២ ព្រមទាំង​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​៕

វីដេអូ៖