ភ្នំពេញៈ អង្គការ EnergyLab ប្រចាំ​កម្ពុជា​ចាប់ផ្តើម​បើក​យុទ្ធនាការ «​សប្តាហ៍​ថាមពល​ស្អាត​កម្ពុជា​» ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៨ ខែតុលា ​ដើម្បី​បង្ហាញ​ពី​ឱកាស​ដែល​ប្រទេស​កម្ពុជា​អាច​ទទួលបាន​ថាមពល​ស្អាត​។

យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ មាន​គោលបំណង​ដើម្បី​ពង្រីក​សារ​ថា ថាមពល​ស្អាត គឺជា​ជម្រើស​ដ៏ល្អ​បំផុត​របស់​កម្ពុជា សម្រាប់​សេដ្ឋកិច្ច​រឹងមាំ និង​អនាគត​កាន់តែ​ប្រសើរ​។

យុទ្ធនាការ​នេះ​បង្ហាញ​ពី​វិធី​ដែល​ថាមពល​ស្អាត​អាច​នាំមក​នូវ​ការវិនិយោគ​បៃតង ដែល​ត្រូវការ​ជា​ចាំបាច់ និង​ការងារ ខណៈពេល​ដែល​ការគាំទ្រ​ដល់​សន្តិសុខ​ថាមពល​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ឯករាជ្យភាព​ថាមពល និង​កំណត់​ប្រទេស​កម្ពុជា នៅលើ​ផ្លូវ​មួយ​ដើម្បី​កាត់​បន្ថយថ្លៃ​អគ្គិសនី​។

លោកស្រី Bridget McIntosh តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ EnergyLab ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ២១ តុលា ថា យុទ្ធនាការ​នេះ លើកកម្ពស់​អត្ថប្រយោជន៍​ថាមពល​ស្អាត នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វា​កាន់តែ​មាន​សារៈសំខាន់​ទៅទៀត ព្រោះ​ឥឡូវនេះ រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​បញ្ចប់​ផែនការ​ថាមពល​របស់​ខ្លួន​រហូតដល់​ឆ្នាំ ២០៤០»​។

លោកស្រី​ថ្លែងថា ប្រទេស​ចិន​ បានប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​នឹង​គាំទ្រ​ថាមពលបៃតង បន្ថែមទៀត​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​បញ្ឈប់​ការសាងសង់​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ថ្មី​នៅក្នុង​ប្រទេស​នានា ដូចជា​កម្ពុជា​ជាដើម​។

អង្គការ EnergyLab បញ្ជាក់បន្ថែម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២១ ខែតុលា​ថា​៖ «​ដូច្នេះ ប្រទេស​កម្ពុជា​មាន​ឱកាស​ដ៏អស្ចារ្យ​ក្នុង​ការរៀបចំ​ផែនការ​អនាគត ដែល​ផលិត​អគ្គិសនី​ស្អាត​ដោយ​ខ្លួនឯង ដោយ​ធានា​សុវត្ថិភាព ភាពជឿជាក់ តម្លៃ​សមរម្យ និង​ថាមពល​អគ្គិសនី​ប្រកបដោយ​និរន្តរភាព​សម្រាប់​ទាំងអស់គ្នា​»​។

កាលពី​ថ្ងៃទី​ ២១ ខែតុលា លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ទៅ​ទស្សនា​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ទំហំ ៨០ មេហ្កាវ៉ាត់ របស់​ក្រុមហ៊ុន SchneiTec នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​បើក​យុទ្ធនាការ «​សប្តាហ៍​ថាមពល​ស្អាត​កម្ពុជា​»​នេះ​។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ២២ តុលាថា​៖ «​សប្តាហ៍​ថាមពល​ស្អាត​នេះ​នឹង​បង្ហាញ​ព្រឹត្តិការណ៍​មួយចំនួន​ដើម្បី​លើកកម្ពស់​ថាមពល​ស្អាត​នៅ​កម្ពុជា ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ផលិតភាព​សេដ្ឋកិច្ច និង​ការច្នៃប្រឌិត​»៕