The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​ឱ្យ​ក្រុម​ការងារ​អន្តរ​ក្រសួង ជួយ​ពន្លឿន​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ ៥

អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​ឱ្យ​ក្រុម​ការងារ​អន្តរ​ក្រសួង ជួយ​ពន្លឿន​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ ៥

Content image - Phnom Penh Post
ទិដ្ឋភាពការដ្ឋាននៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងអំឡុងខែតុលានេះ។ រូបភាព រដ្ឋបាលខេត្តពោធិ៍សាត់

អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​ឱ្យ​ក្រុម​ការងារ​អន្តរ​ក្រសួង ជួយ​ពន្លឿន​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ ៥

ពោធិ៍សាត់ៈ លោក ជាវ តាយ អភិបាល​នៃ​គណៈអភិបាលខេត្ត​ពោធិ៍សាត់ នាថ្ងៃទី ២១ ខែតុលា បាន​ស្នើឱ្យ​ក្រុម​ការងារ​គណៈកម្មការ​អន្តរក្រសួង ពិនិត្យ និង​ពិភាក្សា ដើម្បី​ជួយ​ពន្លឿន​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ ៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ខណៈ​ដែល​ដំណើរ​ការ​ស្ថាបនា​ផ្លូវ​នេះ នៅ​ចំណុច​ខ្លះ​មាន​ការ​យឺតយ៉ាវ។

លោក ជាវ តាយ បាន​លើក​ឡើង​បែប​នេះ ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ ជុំវិញ​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​ស្ថាបនា​ស្ថានីយ​ថ្លឹង​យានយន្ត​លើស​ទម្ងន់​នៃ​គម្រោង​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត ស្រុក និង​ក្រុម​ការងារ​គណៈកម្មការ​អន្តរក្រសួង​មួយចំនួនទៀត។

បន្ទាប់​ពី​ក្រុម​ការងារ​អន្តរក្រសួង បាន​ជម្រាប​ជូន​ពី​លទ្ធផល​សម្រេច​បាន និង​បញ្ហា​ប្រឈម​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ ៥ ការ​ស្ថាបនា​ផ្លូវ​វាងក្រុង ការ​ស្ថាបនា​ស្ពានអាកាស ការ​ស្ថាបនា​ស្ថានីយថ្លឹង​យានយន្ត​លើសទម្ងន់ និង​ទីតាំង​សង់​រង្វង់មូល​ថ្មី​នៃ​គម្រោង​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៥ ក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​នោះ​រួចមក លោក ជាវ តាយ បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ពាក់ព័ន្ធ។

លោក​បញ្ជាក់​ថា៖«ការ​ខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជុំវិញ​ការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ការ​ខិតខំ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​អភិវឌ្ឍ​ជាមួយ​រាជរដ្ឋាភិបាល​មក​លើ​គម្រោង​ខាងលើ ទើប​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោទនៈ»។

ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ក្រៅពី​ផ្លូវ​មួយចំនួន​នៃ​គម្រោង​ខាងលើ​នេះ បាន​ស្ថាបនា​រួច​ខ្លះ​ហើយ​នោះ ក៏​នៅ​មាន​កន្លែង​មួយចំនួន​ទៀត ក៏​មាន​ការ​លំបាក ជាក់ស្តែង​ដូច​នៅ​ព្រំប្រទល់​នៃ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង គឺ​មាន​ការ​លំបាក ដែល​ធ្វើឱ្យ​រថយន្ត​តូចធំ​គ្រប់ប្រភេទ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់។

លោក​បាន​ទទួលស្គាល់ និង​ចោទសួរ​ថា៖«ជា​ការពិត​ណាស់​ថា រដូវ​វស្សា​ពិបាក​ក្នុងការ​ស្ថាបនា តែ​ការ​យឺតយ៉ាវ​នេះ អាច​មកពី​ក្រុមហ៊ុន​ខ្វះខាត​ធនធានមនុស្ស ឬ​ខ្វះខាត​គ្រឿងចក្រ? ត្រង់​ចំណុចនេះ​សូម​ឱ្យ​ក្រុមហ៊ុន និង​ក្រុម​ការងារ​អន្តរក្រសួង​ជួយ​បន្ថែម​គ្រឿងចក្រ និង​ជំរុញ​ពន្លឿន​ការ​ស្ថាបនា​គម្រោង​នេះ ឱ្យបាន​ឆាប់រហ័ស ឬ​អាច​ធ្វើដំណើរ​បាន​ក្នុង​គន្លង​ណាមួយ​ក៏បាន នៅ​ដំណាច់​ឆ្នាំ ២០២១ ឬ​ដើមឆ្នាំ ២០២២»។

ជុំវិញ​ការ​ស្ថាបនា​រង្វង់មូល​ផ្លូវវាងក្រុង លោក ជីវ តាយ បាន​ជំរុញ​ឱ្យ​មន្ត្រីជំនាញ ត្រូវ​ពិនិត្យ និង​កំណត់​ទីតាំង​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ជា​សោភណ្ឌភាព និង​ភាព​ទាក់ទាញ ចៀសវាង​ស្ថាបនា​រួចហើយ រថយន្ត​ធ្វើដំណើរ​ទៅផុតៗ ដោយ​ពុំបាន​ឈប់​សំចត ដោយ​សារ​តែ​ពុំមាន​ភាព​ទាក់ទាញ ដែល​នឹង​នាំឱ្យ​ខាតបង់​នូវ​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ។

ចំណែក​ទីតាំង​ស្ថាបនា​ស្ថានីយ​ថ្លឹង​យានយន្ត​លើស​ទម្ងន់ អនុគណៈកម្មការ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក ខូយ រីដា ត្រូវ​សហការ​ជាមួយ​ក្រុម​ការងារ​អន្តរក្រសួង ធ្វើ​យ៉ាងណា​កំណត់​សម្រេច​ឱ្យបាន​ជា​លទ្ធផល​ផ្លែផ្កា។

លោក​អភិបាល​ខេត្ត ក៏​សូម​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ បន្ត​បំពេញ​ភារកិច្ចនៃ​ការ​ទាំងនេះ​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ឱ្យ​គម្រោង​ស្តារ​ឡើងវិញ​ផ្លូវជាតិ​លេខ ៥ នេះ ឈាន​ដល់​កម្រិត​មួយ​ដ៏ល្អ អាច​ស្រូប​យក​ភ្ញៀវទេសចរ និង​បង្កើន​សេដ្ឋកិច្ច​សម្រាប់​ខេត្ត។

បើតាម​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ ៥ មាន​ប្រវែង​សរុប ៣៦៦ គីឡូម៉ែត្រ លើ​ផ្លូវចាស់​ពី​ព្រែកក្តាម​ទៅ​ដល់​ក្រុង​ប៉ោយប៉ែត។

គម្រោង​ផ្លូវ​នេះ ជា​ប្រភេទផ្លូវ​បេតុង​កៅស៊ូ AC ដោយ​ការ​សាងសង់​ចែកចេញ​ជា ៣ ផ្នែក ក្នុង​នោះ ផ្នែក​ខាង​ជើង ចាប់ពី​បាត់ដំបង ដល់​ប៉ោយប៉ែត (រួចរាល់) មាន​ប្រវែង ៨៤,៧២ គីឡូម៉ែត្រ។ ផ្នែក​កណ្តាល​ចាប់ពី​ធ្លាម្អម ដល់​បាត់ដំបង មាន​ប្រវែង​សរុប ១៤៦,០៤ គីឡូម៉ែត្រ ទទឹងប្រវែង ២៣ ម៉ែត្រ ចែកជា ២ គន្លង ទៅ ៤ គន្លង និង​ផ្នែកផ្លូវ​ភាគ​ខាង​ត្បូង ចាប់ពី​ព្រែកក្តាម ខេត្តកណ្តាល ដល់​ធ្លាម្អម ខេត្តពោធិ៍សាត់ មាន​ប្រវែង​សរុប ១៣៥,២៤ គីឡូម៉ែត្រ ចែកជា ២ គន្លង ទៅ ២ គន្លងមក។

គម្រោង​ផ្លូវនេះ ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ ១ ដែល​តភ្ជាប់​ពី​ប្រទេសចិន មក​មីយ៉ាន់ម៉ា ថៃ កម្ពុជា និង​វៀតណាម និង​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់ សម្រាប់​ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម និង​ជា​ពិសេស​ជា​សរសៃ​ឈាម​ដ៏ធំ​មួយ ក្នុង​ការ​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​មាន​ការ​អភិវឌ្ឍ​ថែមទៀត៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍