ភ្នំពេញៈ លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យសភា​កម្ពុជា​អំពាវនាវ​ដល់​អ្នក​ដែល​បកស្រាយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចៀសវាង​ប្រើបាស់​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ដែល​ផ្ទុយ​ពី​ផល​ប្រយោជន៍​ជាតិ ហើយ​លោក​ចាត់​ទុក​ថា កិច្ច​ព្រមព្រៀង​នេះ នៅ​តែ​ជា​មេរៀន​ប្រវត្តិសាស្ត្រ។

លោក គិន ភា ថ្លែង​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ត្រូវ​បាន​អនុវត្ត​ក្នុង​ដំណាក់កាល​អន្តរកាល​មួយ។ លោក​មិន​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ​សុពលភាព ឬ​ការ​សើរើ​ឡើង​វិញ​នៃ​កិច្ច​ព្រមព្រៀង​នេះ​បែបណា​នោះ​ទេ តែ​លោក​ចាត់​ទុក​ថា កិច្ច​ព្រមព្រៀង​នេះ នៅ​តែ​មេរៀន​ប្រវត្តិសាស្ត្រ​ ដើម្បី​បញ្ចៀស​ភាព​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ។

លោក​ថ្លែង​បែប​នេះ ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ស្ដីពី​ខួប ៣០ ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ថ្ងៃទី ២២ ខែ​តុលា។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង យើង​គួរ​តែ​យក​អ្វី​ដែល​ជា​មេរៀន ដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​ពី​អតីតកាល ដែល​យើង​ធ្លាប់​បែកបាក់​ជាតិ ហើយ​ដែល​យើង​ធ្លាប់​បង្រួបបង្រួម​ជាតិ ផ្សះផ្សារ​ជាតិ យើង​រួម​សាមគ្គី​គ្នា ក្រោម​កិច្ច​ព្រមព្រៀង ហើយ​ក្រោយ​មក យើង​មាន​រដ្ឋ​ធម្មនុញ្ញ​របស់​យើង»។

លោក ភា បន្ត​ថា៖ «ដូច្នេះ យើង​បន្ត​ទៅ​មាគ៌ា​គោលការណ៍​គំនិត​ពហុនិយម​ដើម្បី​សង្គមជាតិ​យើង​ទាំង​អស់​គ្នា ចៀសវាង​ការ​ប្រើប្រាស់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បក​ស្រាយ​ដើម្បី​ហេតុ​ផលនយោបាយ ដើម្បី​ហេតុផល​ ផល​ប្រយោជន៍​ផ្សេងៗ ដែល​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​ជា​ផល​ប្រយោជន៍​ជាតិ ហើយ​សូម​ឱ្យ​ការ​ចងចាំ​នេះ ជា​ការ​ចងចាំ​មួយ​សម្រាប់​ឱ្យ​យើង​បញ្ចៀស​ភាព​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ»៕