លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​ឱ្យដឹង​ថា ការ​ផ្ដល់​អំណោយ​ជូន​មនុស្សចាស់​ដែល​មាន​វ័យ​ចាប់ពី ១០០ ឆ្នាំឡើង ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ត្រូវ​បាន​បញ្ចប់​ត្រឹម​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ សរុប​មាន​ចំនួន​ជាង ១០០ នាក់។

លោកស្រី​បាន​លើកឡើង​ក្នុង​ពេល​ចុះ​ផ្ដល់​អំណោយ​ជូន​មនុស្សចាស់​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ខេត្ត​កំពត កាលពី​ថ្ងៃទី ២១ ថា មនុស្សចាស់​ដែល​មាន​អាយុ​ចាប់ពី ១០០ ឆ្នាំឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ១៤៩ នាក់ ក្នុងនោះ​លោកយាយ​មាន​ចំនួន​រហូតដល់ ១០០ នាក់ ហើយ​ការ​ផ្តល់​អំណោយ​ជូន​ពួកគាត់​នេះ​ក៏បាន​បិទបញ្ចប់​ផងដែរ។

លោកស្រី ឱ វណ្ណឌីន បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់ឃើញ​ថា អ្វី​ដែល​ជា​ការ​សម្រេចចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយករដ្ឋមន្រ្តី គឺ​ជា​ទង្វើ​មួយ​ដ៏ល្អ​ប្រសើរ​មែន​ទែន ហើយ​ជា​ការ​បង្ហាញ​ពី​ការ​គិតគូរ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេចតេជោ​លើ​បញ្ហា​សុខទុក្ខ និង​ការ​រស់នៅ​របស់​លោកតា​លោកយាយ ត្បិត​ពួកគាត់​មាន​អាយុ​ពី ១០០ ឆ្នាំ​ឡើង​ទៅ​ហើយ​ក៏ដោយ»។

អ្នក​នាំពាក្យ​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា ទោះបី​ជា​ពួកគាត់​មាន​អាយុ​ច្រើន​មែន ប៉ុន្តែ​ពួកគាត់​មាន​ការ​រស់នៅ​ដ៏ល្អ​ប្រសើរ​របស់​ពួកគាត់​ដែរ។ អំណោយ​សប្បុរសធម៌​របស់​លោក​នាយករដ្ឋមន្រ្តី​នេះ ជាការ​បង្ហាញ​នូវ​ទឹកចិត្ត​ល្អប្រពៃ​របស់​ថ្នាក់ដឹកនាំ​ដែល​លោក​បាន​ផ្តល់​ជា​អំណោយ​ដល់​មនុស្សចាស់​ទាំងនេះ។

អំណោយ​ទាំងនោះ​មាន ទឹកប្រាក់​ចំនួន ៣ លានរៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ទៀត។

លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ជុំទី១ ទៅលើ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំឡើង ត្រូវ​បាន​ប្រកាស​បិទបញ្ចប់​នៅ​ថ្ងៃទី ២១ ខែតុលា ប៉ុន្តែ​ការ​ចាក់​នៅតែ​បន្ត​រហូត​ដល់​គ្រប់​គោលដៅ ១០០ ភាគរយ ដែល​លោកស្រី​រំពឹង​ថា​អាច​នឹង​សម្រេច​បាន​នៅ​រយៈពេល​ប្រមាណ ២ សប្តាហ៍ទៀត។

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ បាន​ឱ្យដឹង​ថា គិត​ត្រឹម​ថ្ងៃទី ២១ ខែតុលា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចាប់​ពី​អាយុ ១៨ ឆ្នាំឡើងទៅ មានជាង ៩,៩ លាននាក់ ឬ​ស្មើនឹង ៩៩ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាននាក់។

របាយការណ៍​ដដែល​បាន​បន្តថា សម្រាប់​ក្រុម​អាយុ​ពី ១២ ឆ្នាំឡើងទៅ ដល់​ក្រោម ១៨ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួនជិត ១,៨ លាននាក់ ឬ​ស្មើនឹង ៩០ ភាគរយ បើធៀប​នឹង​ចំនួន​គោលដៅ​ជាង ១,៩ លាននាក់ ខណៈ​កុមារ​អាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​រួច មានជិត ១,៩ លាននាក់ ឬ​ស្មើ ៩៩ ភាគរយ ធៀបនឹង​ចំនួន​គោលដៅ​ជិត ១,៩ លាននាក់៕