ភ្នំពេញៈ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី ២២ តុលា​នេះ បាន​ធ្វើ​ការ​អនុម័ត​ដាក់​បញ្ចូល​សេចក្តី​ព្រាង​ច្បាប់​ចំនួន ៣ ទៅ​ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៦ នីតិកាល​ទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃទី ២៥ តុលា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ។

ការ​អនុម័ត​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។

សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​មាន ទី១-សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និង​មាត្រា ១៣៧ ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ៣ និង​មាត្រា ៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។

ទី២- សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​បន្ថែម ទៅ​លើ​កិច្ច​ព្រមព្រាង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ទាក់ទង​ទៅ​នឹង​ការ​កាត់​សេចក្តី នៅ​ក្រោម​ច្បាប់​កម្ពុជា នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្តីពី​ការ​រៀបចំ​ក្នុង​ពេល​អន្តរកាល និង​ការ​បញ្ចប់​ការងារ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ។

ចំណែកទី៣ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បាន​បញ្ជាក់​ទៀត​ថា អង្គ​ប្រជុំ​បាន​អនុម័ត​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី៦ នីតិកាល​ទី៦ នៅ​ព្រឹក​ថ្ងៃ​ទី ២៥ តុលា ដើម្បី​ធ្វើ​ការ​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង ៣ ខាង​លើ និង​មាន​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត លើ​ការ​បំពេញ​បន្ថែម សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​លោក ប៉ា សុជាតិវង្ស ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស៕