ភ្នំពេញៈ ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បានប្រគល់​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ចំនួន​ ៨០ ​គ្រឿង​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ២១ ​តុលា ដើម្បី​ជួយ​ដល់​អ្នកជំងឺ​កូវីដ​ ១៦ ​ប្រភេទ​ធ្ងន់​។

ពិធី​ប្រគល់​ទទួល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ក្រសួង​សុខាភិបាល​រវាង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក​ Christian Berger និង លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កាលពី​រសៀល​ថ្ងៃទី​ ២១ ខែតុលា​ឆ្នាំ​ ២០២១​។

យោងតាម​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹងថា ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ទាំង​ ៨០ ​គ្រឿង​ដែល​ត្រូវបាន​ដឹក​មកដល់​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​នឹង​ត្រូវ​ផ្តល់ជូន​មន្ទីរពេទ្យ​កុមារ​ជាតិ​ចំនួន​ ១០ ​គ្រឿង មន្ទីរពេទ្យ​ខេត្តកំពត​ចំនួន​ ៣០ ​គ្រឿង មន្ទីរពេទ្យ​ខេត្ត​កែប​ចំនួន​ ១០ ​គ្រឿង និង ៣០ ​គ្រឿង​ទៀត​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​។

ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​នេះ​ត្រូវបាន​ផ្ដល់ជូន​តាមរយៈ​កញ្ចប់​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដល់​មន្ទីរពេទ្យ​ជាតិ​ និង​មន្ទីរពេទ្យ​ខេត្ត​ពី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​នៃ​សហព័ន្ធ​អាល្លឺម៉ង់ និង​ចែកចាយ​ដោយ​ទីភ្នាក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ (GIZ)​។

សរុបមក​ប្រទេស​អាល្លឺម៉ង់​បានផ្តល់​ថវិកា​ចំនួន ៥,០១១ លាន​ដុល្លារ​អាមេរិក ជា​មូលនិធិ​បន្ថែម​លើ​អន្តរាគមន៍​ជំងឺ​កូវីដ​ ១៩ ក្នុង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។ ​ក្នុងនោះ​ថវិកា​ប្រមាណ ១,៣ លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ទៅលើ​ការគាំទ្រ​លើ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​៕