ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​តុលា អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​​ទៅ​មាន​ជាង ៩,៩ លាន​នាក់ ឬ​ស្មើ​នឹង ៩៩ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា កុមារ និង​យុវវ័យ​ អាយុ​ពី ១២ ឆ្នាំ ទៅ​ដល់​ក្រោម ១៨ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ មានចំនួន​ជិត ១,៨​លាន​នាក់ ឬ​ស្មើ​នឹង​៩០ ភាគរយ បើ​ធៀប​នឹង​ចំនួន​គោលដៅ​ជាង​ ១,៩ លាន​នាក់ ខណៈ​កុមារ​អាយុ​ពី ៦ ឆ្នាំ​ដល់​ក្រោម ១២​ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​មាន​ជិត ១,៩ លាន​នាក់ ឬ​ស្មើ​ ១០០​ភាគរយ ធៀប​នឹង​ចំនួន​គោលដៅ​ជិត ១,៩ លាន​នាក់។

ប៉ុន្តែ បើ​ធៀប​ចំនួន​ប្រជាជន​សរុប​ទាំង ១៦ លាន​នាក់ អ្នក​ដែល​បាន​ចាក់វ៉ាក់សាំង​មាន​ចំនួន ៨៥ ភាគរយ។ នេះ​បើ​តាម​របាយការណ៍​ដដែល៕