ក្រចេះ៖ រដ្ឋបាល​ខេត្ត​ក្រចេះ​បញ្ចប់​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ក្នុង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ១៩ ដោយ​បើក​ឱ្យ​ដំណើរការ​រាល់សកម្មភាព​មុខរបរ និង​អាជីវកម្ម រមណីយដ្ឋាន សួនកម្សាន្ត សារមន្ទីរ និង​ក្លិប​ហាត់​ប្រាណ ប៉ុន្តែ អាជីវកម្ម​ខារ៉ា​អូខេ ក្តិប​រាំកម្សាន្ត និង​អាជីវកម្ម​ម៉ាស្សា ត្រូវ​បាន​បន្ត​បិទ។

លិខិត​របស់​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ចេញ​ថ្ងៃ​ទី ២២ ខែ​តុលា បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​សម្រេច​បញ្ចប់​ការ​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ និង​វិធានការ​ផ្សេង​ទៀត​ដូច​មាន​ក្នុង​សេចក្តីណែនាំ​លេខ ០០៩/២១ ស.ណ.ន ចុះ​ថ្ងៃ​ទី ៩ ខែ​ឧសភា ឆ្នាំ ២០២១ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ ចាប់​ពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ ២០២១ នេះតទៅ។

លោក​អភិបាល​ខេត្ត​នេះ​បញ្ជាក់​ថា រាល់​សកម្មភាព មុខរបរ និង​អាជីវកម្ម​រមណីយដ្ឋាន សួន​កម្សាន្ត សារមន្ទីរ ក្លិប​ហាត់​ប្រាណ​អាច​ដំណើរការ​ឡើង​វិញ​បាន​ដោយ​តម្រូវ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​ចាំបាច់​នានា​និង​វិធានការ ៣​កុំ ៣​ការពារ ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​ត្រូវ​រៀបចំ​ឱ្យ​មាន​អាល់កុល ឬ​ជែល​សម្រាប់​លាង​ដៃ ធ្វើ​ការ​វាស់​កម្តៅ នៅ​មុខ​ច្រក​ចេញ​ចូល ជាពិសេស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង​តិច​មួយ​ម៉ែត្រកន្លះ។

លោក​បញ្ជាក់​ថា៖​«អាជីវកម្ម​ខារ៉ា​អូខេ ក្តិប​រាំ​កម្សាន្ត និង​អាជីវកម្ម​ម៉ាស្សា ត្រូវ​បាន​បន្ត​បិទ​រហូត​ដល់​មាន​សេចក្តី​សម្រច​ថ្មី​មក​ជំនួស» ។

ជាមួយគ្នានោះ លោក វ៉ា ថន បានប្រាប់ទៅ រដ្ឋបាលខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវ​ទទួល​បន្ទុក​អនុវត្ត​តាម​សេចក្តី​សម្រេច​នេះ​ឱ្យ​មាន​សុវត្ថិភាព​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ៕