ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា ទោះ​បី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ឆ្នាំ​១៩៩១ សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​នៅ​តែ​បន្ត ក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់​លោក សង្រ្គាម​ស៊ីវិល​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ឆ្នាំ ១៩៩៨។

លោកថ្លែង​ដូច្នេះ​ក្នុង​ឱកាស​អបអរសាទរ​ខួប ៣០​ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា។

លោក ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ «ទោះ​បី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិត​មែន ប៉ុន្តែសង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុលពត)»។

លោកបន្តថា ក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់​លោក​គឺ​បាន​បញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង ​នៅ​ឆ្នាំ ១៩៩៨ ដែល​កម្ពុជា​ទូទាំង​ប្រទេស បាន​ស្គាល់​នូវ​សន្តិភាព​ពេញ​លេញ និង​សម្បូរ​សប្បាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

លោក​បាន​រំឭក​ថា កាល​ពី ៣០​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ ១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួមមាន លោក ហ៊ុន សែន តំណាងឱ្យ​រដ្ឋាភិបាល​កម្ពុជា ចលនា​តស៊ូ​ហ៊្វុនស៊ិនប៉ិច​ដែល​តំណាង​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ និង​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តំណាង​ដោយ លោក សឺន សាន និង​ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បាន​ឈាន​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មក​ពី​១៨ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា មុន​នឹង​ឈាន​មក​ដល់​កិច្ច​ព្រមព្រៀង​នា​ទីក្រុង ប៉ារីស ២៣ តុលា គឺ​លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ដំបូងបំផុត​ជាមួយ​អតីត​ព្រះ​មហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេស​បារាំង។ ការ​ចរចា​នេះ​មាន​សេចក្តី​ប្រកាស​រួម​ឡាយ​ព្រះហស្តលេខា​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង លោក ហ៊ុន សែន ដែល​ហៅថា​ «ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ​១៩៨៧»។

លោកសរសេរថា៖ «ហើយ​បន្ទាប់​មក​ក៏​មាន​កិច្ច​ចរចា​បន្ត​រវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅទី​កន្លែង​ផ្សេងៗ​មួយ​ចំនួន​ទៀត»៕