ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ស្តីពី​ការ​ដាក់​ឱ្យ​អនុវត្ត​តារាង​កម្រៃ​សេវា​គ្រប់គ្រង​សំរាម សំណល់​រឹង (ថ្មី) នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ប្រក្រតីភាព​នៃ​ប្រតិបត្តិការ​ថ្មី និង​ឱ្យ​ត្រូវ​តាម​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន។

លិខិតរបស់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋ កាល​ថ្ងៃ​ទី ២២ ខែតុលា បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ក្រុម​ការងារ អន្តរ​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ប្រើប្រាស់​សេវា​ប្រឹក្សា យោបល់​បច្ចេកទេស របស់​ក្រុមហ៊ុន GRISIL Risk and Infrastructure Solution Limited ដើម្បី​សិក្សា​ធ្វើ​បច្ចុប្បន្ន ភាព​រៀបចំ​តារាង​កម្រៃ​សេវា​ឡើង​វិញ។

លោក ឃួង ស្រេង បញ្ជាក់ថា ដោយ​យក​តារាង​កម្រៃ​សេវា​ចាស់ ឆ្នាំ ២០០៣ ជាគោល និង​ផ្អែក​លើ​មូលដ្ឋាន គោល​នយោបាយ ការវិភាគ ការ​វាយ​តម្លៃ ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ គោលការណ៍​សមធម៌ ស្រប​តាម​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន សម្រេច​បាន​តារាង​តម្លៃ​ថ្មី ដែល​ចែក​ជា​ ២​ប្រភេទ។

ទី ១ គឺ ទីតាំង​មិន​ប្រកប​អាជីវកម្ម​មាន ១៦ អនុប្រភេទ ស្មើ​នឹង ៨០​ភាគរយ​នៃ​ទីតាំង​សរុប និង​ទី ២ ទីតាំង​ប្រកប​អាជីវកម្ម មាន​៣៦ អនុប្រភេទ ស្មើនឹង ២០​ភាគរយ នៃ​ទីតាំង​សរុប ដែល​ក្នុង​នោះ ១៥​ភាគរយ ជា​អាជីវកម្ម សេវាកម្ម និង​ហាង​ទំនិញ ដែល​នឹង​ដាក់​ឱ្យ​អនុវត្តចាប់​ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ។

ក្នុងលិខិត​លោក ឃួង ស្រេង បាន​ឱ្យ​ដឹង​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ជម្រាប​ជូន​ដំណឹង​ដល់​ម្ចាស់​លំនោឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ជ្រាប​ថា ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ នៃ​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង នៅ​រាជធានីភ្នំពេញ តាម​រយៈការ​ដេញ​ថ្លៃ​ជ្រើសរើស​ប្រតិបត្តិករ​ថ្មី ចំនួន ៣ ដើម្បី​ផ្តល់​សេវា សម្អាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ផ្តល់​សេវា​ចាប់​ពី​ថ្ងៃទី ១ ខែ​កក្កដា ឆ្នាំ ២០២១ រហូត​ដល់​បច្ចុប្បន្ន។

ជាលទ្ធផល មាន​ការ​សាទរ និង​វាយ​តម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​ការ​ផ្លាស់ប្តូរ​គុណភាព សេវា គួរ​ឱ្យ​កត់​សម្គាល់ ជាអាទិ៍ មិន​មានគំនរ​សំរាម​សេសសល់​ច្រើន​ដូច​មុន ការ​ប្រមូល​បាន​ទៀង​ទាត់​ជាង​មុន ស្អាត​ជាង​មុន មធ្យោបាយ​និង​សម្ភារ​បរិក្ខារ​ប្រើប្រាស់​ថ្មី​ជាង​មុន បុគ្គលិក​កម្មករ​ច្រើន និង​មាន​ការ​អប់រំ​ជាង​មុន ដែល​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការសាទរ​ជា​បណ្តើរៗ ពី​គ្រប់​មជ្ឈដ្ឋាន នៅ​រាជធានី​ភ្នំពេញ។

លោក ឃួង ស្រេង បញ្ជាក់​បន្ថែម​ថា ទន្ទឹម​នឹង​លទ្ធផល​គួរ​ជា​ទី​មោទនៈនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ កត់​សម្គាល់​ឃើញ​ថា ការ​អនុវត្ត​ការ​បង់ប្រាក់ ថ្លៃ​សេវា​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង ដោយ​ប្រើប្រាស់​តារាង​បង់​ប្រាក់​ឆ្នាំ ២០០៣ គឺ​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ កំណើន​សន្ទស្សន៍​ថ្លៃ​ទំនិញ និង​ជីវភាព​រស់​នៅ​នា​ពេល​បច្ចុប្បន្ន​ឡើយ។

ពិសេស​មិនមាន​លទ្ធភាព​ទូទាត់​ថ្លៃ​សេវា​សម្អាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម ទៅ​កាន់​ទីលាន​ជូន​ប្រតិបត្តិករ​ទាំង ៣ (ដែល​បាន​ប្រើប្រាស់រថយន្ត​ដឹក​សំរាម រថយន្ត​បោស​ថ្នល់ រថយន្ត​បាញ់​លាង​សម្អាត​ថ្នល់ ម៉ូតូ​កង់​បី​ប្រើ​អាគុយ ម៉ូតូ​កង់​បី​ធាក់​ជើង កង់​ប្រមូល​សំរាម ធុង​សំរាម និង​សម្ភារ​ប្រមូល​សំរាម​ផ្សេងៗ​ទៀត​ក្នុង​ពេល​ថ្មីៗ។ ព្រម​ទាំង​ប្រាក់​បៀវត្សបុ​គ្គលិក កម្មករ ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន) ទើប​សម្រេច​ធ្វើការដាក់​ឱ្យ​អនុវត្ត​តារាង​កម្រៃ​សេវា​គ្រប់​គ្រង​សំរាម សំណល់រឹង (ថ្មី)នេះ។

លោក​បាន​ស្នើ​សុំ​ថា​៖«ទទួល​បាន​សេចក្តី​ជូន​ដំណឹង​នេះ សូម​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​បងប្អូន ប្រជាពលរដ្ឋ ទាំងអស់នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់‍‌‍‌‌‍‍‍‍» ៕

វីដេអូ៖