ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ ជំនួស​លោក ឈិន សេងងួន ដែល​ត្រូវ​ផ្ទេរ​ទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង។ ការ​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល​រង​ខេត្ត​ព្រះសីហនុ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ ២០២១។

លោក ឡុង ឌីម៉ង់ ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រង​ខេត្ត​ថ្មី បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត គោរព​រដ្ឋធម្មនុញ្ញ និង​រាជ​រដ្ឋាភិបាល​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ចតុកោណ​ដំណាក់​កាល​ទី៤ នីតិកាល​ទី៦ ដើម្បី​កំណើន​ការងារ សមធម៌ ខិតខំ​បំពេញ​ភារកិច្ច​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព។ ប្ដេជ្ញា​ធ្វើ​ជា​សេនាធិការ​បម្រើ​ជូន​រដ្ឋបាល​ខេត្ត និង​ប្រជាជន រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ប្រកប​ដោយ​ឆន្ទៈ​តែមួយ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ និង​យក​ចិត្ត​ទុក​ដាក់​ការងារ​យ៉ាង​ហ្មត់ចត់​ជា​ទីបំផុត។

ប្តេជ្ញាពង្រឹង និង​ពង្រីក​កិច្ច​សហការ​ស្អិត​រមួត​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ បណ្តា​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ដើម្បី​បម្រើប្រជាពលរដ្ឋ សំដៅ​កែប្រែ និង​លើក​ស្ទួយ​ជីវភាព​រស់​នៅ​សុខុមាលភាព សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ស្រប​តាម​គោល​នយោបាយភូមិ​ឃុំ​មាន​សុវត្ថិភាព ព្រម​ទាំង​បង្ក​លក្ខណ​សម្បត្តិ​ងាយស្រួល​ដល់​ការ​ប្រកប​អាជីវកម្ម​នានា និង ប្តេជ្ញា​ផ្សព្វផ្សាយ និង​ការពារ​សមិទ្ធផលរបស់​រដ្ឋបាល​ខេត្ត ដល់​ប្រជាពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ឱ្យ​បាន​ទូលំទូលាយ។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​កោត​សរសើរ និង​វាយ​តម្លៃ​ចំពោះ លោក ឈិន សេងងួន ដែល​ត្រូវ​ផ្ទេរ​ទៅ​កាន់​មុខតំណែង​ជា​អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង។ ដែល​កន្លង​មក​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​បាន​យ៉ាង​ត្រឹមត្រូវ ស្រប​តាមគោលការណ៍​ច្បាប់ ព្រះ​រាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន សម្រេច​បាន​លទ្ធផល​ជា​បន្ត​បន្ទាប់ ដោយ​មាន​ការ​គោរពស្រឡាញ់​ពី​ថ្នាក់ដឹក​នាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ។

លោក ឈិន សេងងួន ដែល​ត្រូវ​រាជរដ្ឋាភិបាល​ផ្តល់​សេចក្តី​ទុក​ចិត្ត​តែងតាំង​ជា​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​សម្ដែង​ការ​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោក ឡុង ឌីម៉ង់ ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ដល់​សេចក្តី​ទុក​ចិត្ត​តែង​តាំង​ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​និរន្តរភាពការងារ​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​ខេត្ត គណៈអភិបាល​ខេត្ត ក្នុង​ការ​បម្រើ​ឧត្តម​ប្រយោជន៍ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ។ ជាពិសេស ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ដើម្បី​សម្រេច​តាម​ផែនការ​មេ របស់​រាជរដ្ឋាភិបាល​និង​ប្រែ​ក្លាយខេត្ត​ព្រះសីហនុ​ជា "តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង"។

លោកថ្លែងថា ៖«ខ្ញុំមាន​ជំនឿ​ជឿ​ជាក់​ថា​លោក ឡុង ឌីម៉ង់ នឹង​បន្ត​ខិតខំ​អនុវត្ត​តាម​តួនាទី​ភារកិច្ច និង​យក​បទ​ពិសោធន៍​ដ៏​ល្អ ជាពិសេសទំនាក់​ទំនង​កិច្ច​ការបរទេស ការទូត និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ខ្លួន ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តប្រកប​ដោយ​មនសិការ​វិជ្ជាជីវៈ ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​មាន​តម្លាភាព គណនេយ្យភាព រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​សម្រេច​បាន​នូវ​ស្នាដៃធំៗ​បន្ត​ទៀត»។

លោក​សង្ឃឹម​ថា អភិបាល​រង​ខេត្ត​ថ្មី​នេះ នឹង​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ "ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុះក្អែល ព្យាបាល និង​វះកាត់" និង​បាវចនា​ពីរ​គឺ "កែ​ទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ"៕

វីដេអូ៖