ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បញ្ចប់​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ ​១៩ និង​ផ្អាក​ជា​បណ្តោះអាសន្ន​អាជីវកម្ម​កាស៊ីណូ ដឹ​សេន​ជូ​រី នៅ​ថ្ងៃទី ២២ ខែតុលា​។​

​លិខិត​របស់លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បញ្ចប់​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ ១៩ ចំពោះ​កាស៊ីណូ ដឹ​សេន​ជូ​រី ស្ថិតនៅ​ផ្លូវ ៨២៣ ភូមិ ៥ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ​។

​លោក​ថា ក្រោយពេល​បញ្ជ​ប់​ជា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ ​១៩ អ្នកគ្រប់គ្រង​ការ​ស៊ី​ណូ ដឹ​សេន​ជូ​រី ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធានការ ៣​ ការពារ និង ៣ ​កុំ របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។

​អភិបាលខេត្ត​រូបនេះ​បញ្ជាក់ថា «​ដោយមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ការ​ស៊ី​ណូ ដឹ​សេន​ជូ​រី រដ្ឋបាលខេត្ត​ព្រះសីហនុ​សម្រេច ផ្អាក​ជា​បណ្តោះអាសន្ន​អាជីវកម្ម​ការ​ស៊ី​ណូ ដឹ​សេន​ជូ​រី ដែលមាន​ទីតាំងនៅ​ផ្លូវ ៨២៣ ភូមិ ៥​ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ដើម្បីឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​បន្ត​នីតិវិធី​»៕​