ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសំណង់អគារចាស់ៗនៅតាមបណ្តាខណ្ឌទាំងអស់ ដើម្បីពង្រឹងយន្តការក្នុងការការពារ ថែរក្សា និងជាមូលដ្ឋានគ្រឹះក្នុងការស្នើសុំចុះបញ្ជីជាអគារបេតិកភណ្ឌ ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការសម្រេចនេះធ្វើឡើង ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង (Video Zoom Meeting) ស្ដីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ក្នុងរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២១ នេះ។
លោក ឃួង ស្រេង ថ្លែងថា៖ «យើងនឹងបង្កើតឱ្យមានក្រុមការងារមួយ ចុះពិនិត្យនិងស្រង់ស្ថិតិ អគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់។ ក្រោយមកទៀតយើងនឹងប្រគល់អគារបេតិកភណ្ឌទាំងនោះ ទៅឱ្យអាជ្ញាធរខណ្ឌ ធ្វើការគ្រប់គ្រងបន្ត។ ការធ្វើបែបនេះ ទើបយើងអាចរក្សាអគារបេតិកភណ្ឌទាំងនេះបានគង់វង្ស»៕