មណ្ឌលគិរីៈ អភិបាលខេត្ត​មណ្ឌលគិរី ជំរុញ​ដល់​មន្ត្រី​ជំនាញ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យមាន​របៀបរៀបរយ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ ដើម្បីឱ្យ​សោភ័ណភាព និង​ស្នើ​ដល់​អាជីវករ​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ​។

​ក្នុងពេល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ និង​ពិនិត្យមើល​ស្ថានភាព ផ្សារ​ក្រុង​សែន​មនោ​រម្យ កាលពី​ថ្ងៃទី​២២ ខែតុលា លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បានធ្វើ​ការណែនាំ​ដល់​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ពី​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ឱ្យមាន​សោភ័ណភាព និង​បរិស្ថាន​ល្អ នៅក្នុង​ក្រុង​សែន​មនោ​រម្យ​។

​លោក​អភិបាលខេត្ត​នេះ បានស្នើ​ដល់​អាជ្ញាធរ​ក្រុង​រៀបចំ​សម្អាត​បរិវេណ​សួនឧទ្យាន ចាប់ពី​រូបសំណាក​ដំរី​ដែក រហូតដល់​វិមានឯករាជ្យ​។ ត្រូវ​រៀបចំ​កន្លែង​លក់ដូរ​ថ្មី ឱ្យបាន​សមរម្យ​សម្រាប់​អាជីវករ ដែល​ដាក់តាំង​លក់ដូរ ជុំវិញ​បរិវេណ​រង្វង់​មូល​គោព្រៃ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​បរិវេណ​រង្វង់​មូល​នេះ​ឱ្យមាន​សោភ័ណភាព សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ផងដែរ​។

​លោក​បញ្ជាក់ថា ៖«​អាជីវករ​ទាំងអស់ ត្រូវ​គិតគូរ​ពី​ប្រយោជន៍​រួម កុំ​ដាក់តាំង​ទំនិញ​នៅលើ​ចំណីផ្លូវ​សាធារណៈ ចូលរួម​វេច​ខ្ចប់​សំរាម និង​រក្សា​អនាម័យ​តាម​កន្លែង​លក់​រៀងៗ​ខ្លួន ធ្វើយ៉ាងណា​ឱ្យ​ផ្សារ​របស់​យើង​មាន​សោភ័ណភាព របៀបរៀបរយ​។ ម្យ៉ាងទៀត អាជ្ញាធរ​ក្រុង និង​អង្គភាព ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សម្របសម្រួល ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​អាជីវករ​ស្នើសុំ​ឱ្យបាន​ទាន់ពេលវេលា​» ៕​