កោះកុងៈ សមត្ថកិច្ច​នគរបាល​ស្រុកស្រែ​អំបិល ឃាត់ខ្លួន​ជនសង្ស័យ ៦​ នាក់ ពេល​ចុះបង្ក្រាប​ករណី​ជួញដូរ និង​រក្សាទុក​នូវ​សារ​ជាតិ​ញៀន ប្រមាណ​ ២៣០ ​គីឡូក្រាម ស្ថិតក្នុង​ភូមិ​ចំការ​ក្រោម ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង នៅ​ថ្ងៃទី​ ២២ ខែតុលា​នេះ​។

​លោក​វរសេនីយ៍ឯក ហួន នុ​ន អធិការនគរបាល​ស្រុកស្រែ​អំបិលបានឱ្យដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ផ្ទាល់ពី​លោកឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​ខេត្តកោះកុង និង​ដោយមាន​ការសម្របសម្រួល​របស់លោក អេង ចាន់​ភា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកោះកុង​។ កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​ជនសង្ស័យ​ចំនួន ៦​ នាក់ ភេទ​ប្រុស ក្នុងនោះ​មាន​ជនជាតិ​ថៃ​ចំនួន ​២ ​នាក់​។

​លោក​អធិការ​បញ្ជាក់ថា ជនជាតិ​ថៃ ២​ នាក់​នោះ​ ជា​មេក្លោង​មានឈ្មោះ SUNGSING -PRAMOCH ភេទ​ប្រុស អាយុ​ ៥៦ ​ឆ្នាំ នៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី ប្រទេស​ថៃ ជនជាតិ​ថៃ និង​ម្នាក់ទៀត ឈ្មោះ SAE-THAO ភេទ​ប្រុស អាយុ​ ៥៦ ​ឆ្នាំ នៅ​ខេត្ត​ណាន ប្រទេស​ថៃ ជនជាតិ​ថៃ​។​

​ដោយឡែក ជនសង្ស័យ ៤​ នាក់​ទៀត មានឈ្មោះ លែ​ន ណាក ភេទ​ប្រុស​អាយុ ​៤១ ឆ្នាំ ជនជាតិខ្មែរ កម្មករ​នៅ​ខេត្តតាកែវ ឈ្មោះ នៅ ច​ន្ធូ ភេទ​ប្រុស​អាយុ​ ៣៩ ​ឆ្នាំ ជនជាតិខ្មែរ នៅ​ខេត្តព្រៃវែង ជា​កម្មករ ឈ្មោះ ពេជ្រ តុង ភេទ​ប្រុស អាយុ​ ៣៩ ឆ្នាំ ជា​កម្មករ នៅ​ខេត្តស្វាយរៀង និង ឈ្មោះ រស់ ថា​ញ់ ភេទ​ប្រុស​អាយុ​ ៤២ ឆ្នាំ​ជា​កម្មករ​នៅ​ខេត្តតាកែវ​។

​បើតាម​លោក​អធិការនគរបាល​ស្រុកស្រែ​អំបិល ដំបូង​កម្លាំង​សមត្ថកិច្ច​នៃ​ស្រុកស្រែ​អំបិល បាន​ចុះ​ឃាត់​អូប័រ​មួយគ្រឿង​មាន​គ្នា​ ៤​ នាក់ ករណី​មានការ​សង្ស័យ ដែល​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​៤​ នាក់​នេះ ធ្វើឡើង​ត្រង់ចំណុច​ភូមិ​ចម្ការ​ក្រោម ឃុំ​ស្រែអំបិល​។

​លោក​ថា សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​នៅនឹងកន្លែង​ភ្លាមៗ ដោយបាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ជាង​ ២៣០ ​គីឡូក្រាម និង​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង ៤ ​នាក់​នោះ យកទៅ​សាកសួរ​។ ជនសង្ស័យ​បាន​សារភាពថា បាន​ដឹកជញ្ជូន​គ្រឿងញៀន​ទាំងនោះ មកពី​ទូក​ (​បា​ហួរ​អន​)​ ស្ថិតនៅ​ចំណុច​ភូមិ​កំពង់​ស្តាំ ឃុំ​ជ្រោយ​ស្វាយ ពេល​ដឹង​ព័ត៌មាន​នេះ ទើប​សមត្ថកិច្ច​បា​នប​ន្ត​ដំណើរ​ទៅ​ឃាត់​មនុ​ស្សបាន​ ២​ នាក់​បន្ថែមទៀត​នៅលើ​ទូក​។

​លោក​វរសេនីយ៍ឯក ហួន នុ​ន បញ្ជាក់​បន្ថែមថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​រឹបអូស​បាន​វត្ថុតាង​រួមមាន ទូក​ឈើ​ចំនួន ​១ ​គ្រឿង ​(​ធំ​) ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ​១០ ​កះ​ទឹក​សុទ្ធ (​ស្មើ​ប្រមាណ​ជាង ​២០០ Kg ថ្លឹង​ជញ្ជីង​ដៃ​)​។

​លោក​ថ្លែងថា​៖ «​ចំពោះ​វត្ថុតាង និង​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក និង​បញ្ជូនបន្ត​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​បន្ត​»៕​