សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បើក​ផ្សារ​ចំនួន ៣ ឡើងវិញ ដែលមាន​ផ្សារ​ដំ​ដែក ផ្សារ​រលួស និង​ផ្សារ​កំពង់ក្តី បន្ទាប់ពី​ត្រូវបាន​ដាក់ចេញ​វិធានការ​រដ្ឋបាល​ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ក្នុង​ផ្សារ​ទាំងនោះ​។

​លិខិត​របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី ២២ ខែតុលា បានសម្រេច​បើក​ឡើងវិញ​នូវ​ផ្សារ​ដំ​ដែក ដែល​ស្ថិត​ក្នុងភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ផ្សារ​រលួស ដែល​ស្ថិត​ក្នុងភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និងផ្សារ​កំពង់ក្តី ដែល​ស្ថិត​ក្នុងភូមិ​កំពង់ក្តី​២ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។

​នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋបាល​ខេត្តសៀមរាប បាន​និរាករណ៍​សេចក្តីសម្រេច​ស្តីពី​ការបិទ​ផ្សារ​ទាំងនោះ ដែលជា​ទីតាំង​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩​ ផងដែរ​៕​