សៀមរាបៈ អាជ្ញាធរជាតិអប្សរា និងសមាគមទេសចរណ៍កម្ពុជាដាំកូនឈើចំនួនប្រមាណ ៥០០ ដើម នៅបរិវេណស្ពានបច្ចេកទេសតាមដងស្ទឹងសៀមរាប ដើម្បីជំរុញភាពបៃតង និងលើកសោភ័ណភាពបេតិកភណ្ឌសម្រាប់ទាក់ទាញភ្ញៀវទេសចរនៅក្នុងតំបន់ទេសចរណ៍វប្បធម៌។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៣ ខែតុលាថា៖ «កិច្ចសហការរួមគ្នាដាំកូនឈើនេះ ក្រោមប្រធានបទវប្បធម៌និងបរិស្ថានបៃតង ក្នុងគោលបំណង ជំរុញភាពបៃតង និងលើកសោភ័ណភាព បេតិកភណ្ឌដ៏អស្ចារ្យសម្រាប់ប្រយោជន៍ទាក់ទាញភ្ញៀវទេសចរនៅក្នុងតំបន់ទេសចរណ៍វប្បធម៌អច្ឆរិយៈ»។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងពិធីដាំកូនឈើនេះ ការដាំកូនឈើនេះគឺដើម្បីលើកកម្ពស់គម្របព្រៃឈើ បង្កើនទេសភាពបៃតងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោកថ្លែងថា៖ «ព្រៃឈើមានគុណប្រយោជន៍យ៉ាងខ្លាំងដល់វិស័យបេតិកភណ្ឌ បរិស្ថាន និងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលត្រូវតែយកចិត្តទុកដាក់»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាថ្លែងក្នុងពិធីនេះថា ការដាំកូនឈើនេះមានសារៈសំខាន់ណាស់សម្រាប់ការរួមចំណែកលើកកម្ពស់ និងថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការបណ្តុះគំនិតប្រតិបត្តិករទេសចរណ៍ ព្រមទាំងមហាជនឱ្យចេះស្រឡាញ់ថែរក្សាព្រៃឈើ៕