The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​បញ្ជូនម​នុស្ស ៦ ​នាក់​ទៅតុលា​ការពាក់​ព័ន្ធករណី​កាប់រាន​ព្រៃឈើ​នៅស្រុក​ព្រៃនប់




សមត្ថកិច្ច​បញ្ជូនម​នុស្ស ៦ ​នាក់​ទៅតុលា​ការពាក់​ព័ន្ធករណី​កាប់រាន​ព្រៃឈើ​នៅស្រុក​ព្រៃនប់

Content image - Phnom Penh Post
ជនសង្ស័យពាក់ព័ន្ធករណីកាប់រានព្រៃ ក្រោយសមត្ថកិច្ចឃាត់ខ្លួនពីថ្ងៃទី ២២ តុលា ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ

សមត្ថកិច្ច​បញ្ជូនម​នុស្ស ៦ ​នាក់​ទៅតុលា​ការពាក់​ព័ន្ធករណី​កាប់រាន​ព្រៃឈើ​នៅស្រុក​ព្រៃនប់

ព្រះសីហនុៈ​ជន​សង្ស័យ​ចំនួន​ ៦ នាក់​ក្នុង​ចំណោម​មនុស្ស​ចំនួន​ ៤៣​ នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បញ្ជូន​ដល់​សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ​ ដើម្បី​បន្ត​នីតិ​វិធី​ច្បាប់​បន្ទាប់​ពីឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​កាប់​រាន​ដីព្រៃ​ឈើនៅ​ចំណុច​បាត​ខ្ទះ​ស្ថិត​នៅ​ភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ។

លោក ហ៊ួ​ត វិចិត្រ ព្រះរាជ​អាជ្ញា​រង និង​ជា​អ្នកនាំ​ពាក្យសាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៤ ​ខែតុលា ​ឆ្នាំ ២០២១​ថា សំណុំរឿង​ជន​សង្ស័យ​ទាំង ​៦​ នាក់​បាន​បញ្ជូន​ដល់​ស្ថា​ប័ន​អយ្យ​ការ​រួចរាល់​ហើយ។ករណីនេះ​តំណាង​អយ្យការ​កំពុងតែ​ពិនិត្យ​សំណុំ​រឿង​នោះ និង​ក្រោយ​ពេល​ពិនិត្យ​ចប់​សព្វ​គ្រប់​ទើប​លោក​តំណាង​អយ្យការ​សម្រេច​ថាត្រូវ​ចោទប្រកាន់​ពីបទ​ល្មើស​អ្វី។

លោក​ថ្លែងថា៖«តំណាង​អយ្យការ​កំពុង​ពិនិត្យ​សំណុំ​រឿង​លើ​ករណី​នេះ ​ការពិនិត្យ​សំណុំរឿង​របស់​តំណាង​អយ្យការ​គឺ​ពិនិត្យ​លើ​ចម្លើយ ជន​សង្ស័យ សាក្សី និង​ភ័ស្តុ​តាង​ដែល​ប្រមូល​បាន​ដោយ​សមត្ថ​កិច្ច»។

លោកស្រី ជៀប សុធា​រី មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ថ្លែង​ថា​ ​ករណីនេះ លោក​ស្រីមិន​ទាន់​ប្រមូល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ដល់​ថ្ងៃ​ចន្ទ លោកស្រី​នឹង​ទៅ​ជួប​សួរនាំ​មន្ត្រី​ពាក់​ព័ន្ធ​ពី​ករណី​នេះ ឱ្យបាន​ច្បាស់​លាស់។​

លោកស្រី​បាន​បន្តថា ប្រជា​ពលរដ្ឋ​ទាំង៦​នាក់ នេះ រួម​ជាមួយនឹ​ង​ប្រ​ជាពលរដ្ឋ​ផ្សេង​ទៀត ត្រូវបាន​គេ​អះអា​ងថា​ចូលទៅ​កាប់​រាន​ទន្ទ្រាន​ដីព្រៃ ក្រោម​ការ​គ្រប់​គ្រោង​ដោយ​រដ្ឋ​បាល​ខណ្ឌ​ព្រៃ​ឈើ​ខេត្ត​ព្រះសី​ហនុ ។

យ៉ាង​ណា​ក្ដី លោកស្រី​ថានឹង​ចុះ​ស៊ើបអង្កេត​​ឱ្យបាន​ស៊ីជម្រៅ​និង​ប្រមូល​ព័ត៌​មានឱ្យបាន​គ្រប់​ជ្រុងជ្រោយពី​ករ​ណីនេះ ព្រោះ​កន្លងម​ក លោកស្រី​​ធ្លាប់​ទទួលបា​ន​ឯកសារ​ពី​ប្រជាពល​រដ្ឋ​ ដោយ​អះអា​ងថា ពួកគាត់​បាន​កាន់​កាប់​ដី​នេះតាំ​ងពី​ឆ្នាំ ១៩៩៤-១៩៩៦ ប៉ុន្តែ​ក្រោយមក​ក៏មាន​ការ​ជាប់​ព័ន្ធ​ទៅនឹង​​គម្រប់​ដីព្រៃ​ឈើ​របស់​រដ្ឋបាល​ខ​ណ្ឌ​ព្រៃ​ឈើ​​ខេត្ត​ព្រះ​សី​ហនុ ។

លោកស្រី​បញ្ជាក់​ថា៖«ឥឡូវ​យើង​ពិ​បាក​ស្វែង​រក​ព័ត៌មាន​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ណាស់ យើង​បានតែ​ពី​ប្រជា​ពលរដ្ឋ ព្រោះ​យើង​ចង់​ជួយ​ប្រជា​ពលរដ្ឋ ដូច​លោក​ដឹង​ស្រាប់​ហើយ ប្រជា​ពលរដ្ឋ​មិនមាន​លទ្ធភាព​ជួល​មេធាវី​ក្នុង​តម្លៃ​ ១០០០ ទៅ ២០០០ ដ​ល្លារ​ក្នុង​ដំណើរ​ការ​ក្តី​នេះ​ទេ »។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ការ​បកស្រាយ​ពី លោក ឌី សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេ​ត្ត​ព្រះសីហ​នុ​បាន​ទេ នៅ​ថ្ងៃទី ២៤ ​ខែតុលា នេះ ដោយ​លោក​អះអាង​ថា កិច្ចការ​នេះ លោក​មិ​នបាន​ចូលរួម​ទេ ព្រោះ​លោក​កំពុង​ជាប់​ច​ត្តា​ឡី​ស័ក​។

ទោះជា​យ៉ា​ងណា តាម​ការផ្សព្វផ្សា​យ​រប​ស់​រដ្ឋបាល​ខេត្ត​ព្រះសីហ​នុ កាល​ពី​ថ្ងៃទី ២២ ខែតុលា​ឱ្យដឹង​ថា ក្រុមកា​រងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហនុ​កាល​ពី​ថ្ងៃទី ​២២ ​ខែតុលាឆ្នាំ​ ២០២១​ បាន​ឃាត់​ខ្លួន​មនុស្ស​ដែល​កំពុង​នៅលើ​ទីតាំង​ដីជាក់​ស្តែង​បាន​ចំនួន ៤៣ ​នាក់​ក្នុងនោះមា​នស្រី ៨​ នាក់ហើ​យបាន​​បញ្ជូន​ជន​សង្ស័យ​ចំនួន ​៦​ នាក់ទៅ​ស្នង​ការ​ដ្ឋាន​ខេត្ត​ព្រះសីហ​នុដើម្បី​សួរនាំ​បន្ត។ ដោយ​ឡែក​អ្នក​ពាក់​ព័ន្ធ​ចំនួន​ ៣៧ ​នាក់​ទៀត​ បន្ទាប់ពី​សាក​សួរនិង​ធ្វើ​កិច្ច​សន្យាគឺ​​បានឱ្យ​មេឃុំ​ ចៅ​សង្កាត់​របស់​ពួក​គាត់​មក​ធានា​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ។

រដ្ឋបាល​ខេត្ត​ព្រះសី​ហនុ​បន្តថា​តាម​ចម្លើយ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​គឺមាន​ទាំង​អ្នក​ក្នុង​ខេត្តនិង​ក្រៅ​ខេត្ត។ពួកគេ​ត្រូវ​បាន​មេខ្យល់​ដែល​មាន​អង្គ​ការ​ចាត់​តាំងបោក​បញ្ឆោត​ឱ្យ​ចូលទៅ​កាប់​រាន​ដី​ព្រៃ​ឈើ​ដើម្បី​យក​ដី​ចែក​គ្នា។
ជា​មួយ​គ្នានេះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​អំពា​វនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់កុំ​ឱ្យចាញ់បោក​មេខ្យល់​និង​ជនខិ​លខូច​ដែល​ញុះញង់​ឱ្យទៅ​កាប់​រាន​ទន្ទ្រាន​ដីព្រៃ​យក​ធ្វើជា​កម្ម​សិទ្ធិ ឬ​រំលោភ​បំពាន​លើដី​កម្ម​សិទ្ធ​ឯកជន​និង​ការប្រើ​ប្រាស់​អំពើ​ហិង្សា​ប្រឆាំង​មន្ត្រី​សាធារ​ណៈ​ជា​ដើម ដែល​ទង្វើ​នេះ នឹង​ធ្វើឱ្យ​បងប្អូន​ក្លាយ​ខ្លួនជា​ជនល្មើស​ ហើយ​ត្រូវ​ប្រឈ​ម​មុខ​ចំពោះ​ផ្លូវច្បាប់​ថែម​ទៀត។

លោក​ ​ជួន​ ណារិន្ទ សង​ការនគរ​បាល​ខេត្ត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅថ្ងៃទី​ ២៤ ​តុលា​ករណីនេះ​ជា​ភារកិច្ច​របស់​រដ្ឋ​បាល​ខណ្ឌ​ព្រៃឈើមិន​​ពាក់​ព័ន្ធ​នឹង​ស្នងការ​ន​គរបាល​ខេត្ត​ព្រះ​សីហនុ​ឡើយ។រីឯកា​របញ្ជូន​ជន​សង្ស័យ​ទាំង ​៦ ​នាក់​នេះ​លោក​មិនបាន​ដឹង​ទេដោយ​សារករណីនេះ​រដ្ឋ​បាល​ខណ្ឌ​ព្រៃឈើ​ខេត្ត​ព្រះសីហ​នុគ្រាន់​តែខ្ចី​ទីតាំង​ស្នង​ការ​ដ្ឋានគរ​បាល​ខេត្ត​ព្រះ​សីហនុ​ដាក់​ជន​សង្ស័យ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ៕

អត្ថបទគួរចាប់អារម្មណ៍