ភ្នំពេញៈ ជន​សង្ស័យ​ ៦ នាក់ ​ដែល​ក្នុងនោះ​មាន​ជនជាតិ​ថៃ ​ ២នាក់ ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ជាង​ ២០០ គីឡូក្រាម ​ដែល​បង្ក្រាបបាន​នៅ​ស្រុក​ស្រែ​អំបិល​ កាលពី​ថ្ងៃ​ទី ២២ ​ខែតុលា​ កំពុង​ស្ថិត​ក្រោម​ការសួរ​ចម្លើយ​របស់​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ទី ២៤ ​តុលា។

លោក​ឧត្តមសេនីយ៍​ត្រី​ហេង តុលា ​ស្នងការរង​ទទួលផែន ​ការងារ​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី ២៤ ​ខែតុលា​ថា ​ជនសង្ស័យ ​៦ នាក់​កំពុង​ស្ថិតក្នុង​ការសួរនាំ​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌ ​មិនទាន់​បានបញ្ជូន​ទៅកាន់​តុលាការ​នៅ​ឡើយ​ទេ។

លោក​ថ្លែងថា​៖«ជនសង្ស័យ​ទាំង ៦ ​នាក់​នោះ ​មាន​ជនជាតិ​ថៃ​២នាក់ ​និង​ខ្មែរ ​៤ នាក់ ​យើង​កំពុង​បន្ត​នីតិវិធី​សួរនាំ​នៅ​ឡើយ»។

លោក​វរសេនីយ៍​ឯក​ហួន នុន ​អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល​បានឱ្យដឹង​ថា ​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​ជនសង្ស័យ​៦នាក់ ​និង​គ្រឿង​ញៀន​ ជាង​ ២០០ គីឡូក្រាម ​ក្នុង​ស្រុកស្រែ​អំបិល ​ខេត្ត​កោះកុង ​កាលពី​ថ្ងៃ​ទី ២២ ​ខែតុលា។

បើ​តាម​លោក​អធិការ​នគរបាល​ស្រុកស្រែ​អំបិល ​ពី​ដំបូង​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុកស្រែ​អំបិល ​បាន​ចុះ​ឃាត់​អូប័រ​១គ្រឿង ​ដោយ​ករណី​មាន​ការសង្ស័យ ​ហើយ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​ ៤ នាក់​នេះ ​នៅ​ត្រង់​ចំណុច​ភូមិ​ចម្ការ​ក្រោម ​ឃុំ​ស្រែ​អំបិល។

លោក​ថា ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​ភ្លាមៗ ​ដោយ​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ជាង​ ២០០ គីឡូក្រាម ​និង​បាន​សាកសួរ​ជន​សង្ស័យ​ទាំង​ ៤ នាក់។ ជន​សង្ស័យ​បាន​សារភាព​ថា ​បាន​ដឹកជញ្ជូន​គ្រឿងញៀន​ទាំងនោះ​ មកពី​ទូក(​បាហួរ​អន)​ ស្ថិត​នៅ​ចំណុច​ភូមិ​កំពង់​ស្តាំ​ ឃុំ​ជ្រោយ​ស្វាយ។ ពេល​ដឹង​ព័ត៌មាន​នេះ ​ទើប​សមត្ថកិច្ច​បានបន្ត​ដំណើរ​ទៅ​ឃាត់​មនុ​ស្សបាន​ ២​ នាក់​បន្ថែមទៀត​នៅលើ​ទូក។

លោក​វរសេនីយ៍​ឯក​ហួន នុន ​ថ្លែងថា​៖«ក្នុង​ប្រតិបត្តិការ​នេះ ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​រឹបអូស​បាន​វត្ថុតាង ​រួមមាន ​ទូក​ឈើ​ធំ​ចំនួន ​១ គ្រឿង​ ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ១០ កេស​ទឹក​សុទ្ធ ​(ស្មើ​ប្រមាណ​ជាង ​២០០ Kg ​ថ្លឹង​ជញ្ជីង​ដៃ)។

លោក​បញ្ជក់ថា​ ចំពោះ​វត្ថុតាង ​និង​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ​និង​បញ្ជូន​បន្ត​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ទី២៣ ​តុលា ​ដើម្បី​សាកសួរ ​និង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​ចាត់ការ​បន្ត។

ដោយ​ឡែក ​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ ជន​ជាតិ​ខ្មែរ​៦នាក់ ​និង​រឹបអូស​គ្រឿងញៀន​ជិត ​៣ គីឡូក្រាម ​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី១៩ ​ខែតុលា ​នៅ​ចំណុច​ក្នុង​ហាង​បុប្ផា​លាក់​ខ្លួន​ ផ្លូវ​ទន្លេ​មេគង្គ ​សង្កាត់​ព្រែកលាប ​ខណ្ឌ​ជ្រោយចង្វា ​រាជធានី​ភ្នំពេញ។ ជនសង្ស័យ ​និង​វត្ថុតាង​ចាប់​យក ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី។

ចំណែក​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២១ ​ខែតុលា​ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ​ថា ​មាន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវសារ​ធាតុញៀន​(តាម​បញ្ញើ​អីវ៉ាន់)​មក​ភ្នំពេញ ​ក៏​បានធ្វើការ​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ​ចុះទៅ​ត្រួត​ពិនិត្យ​ដល់​ក្រុម​ហ៊ុន​ដឹកអ្នក​ដំណើរ​ឈ្មោះ ​GTF ​នៅ​ចំណុច​ផ្លូវ​លេខ​១៤២ ​កែង​ផ្លូវ​លេខ​ ៨១ ​សង្កាត់​ផ្សារ​ថ្មី​ទី២ ​ខណ្ឌ​ដូនពេញ ​រាជ​ធានី​ភ្នំពេញ។

ជា​លទ្ធផល​ កម្លាំង​សមត្ថកិច្ច ​បាន​ត្រួត​ពិនិត្យ​ឆែកឆេរ​រកឃើញ​វត្ថុតាង​ រួមមាន ​ក្រាមពណ៌​ផ្កាឈូក​សង្ស័យ​ជា​សារធាតុ​ញៀន ​ចំនួន​ ២ កញ្ចប់។ ​សម្បក​ថង់​សម្រាប់​ច្រក​គ្រឿង​ញៀន​មួយចំនួន ​និង​កាបូប​ស្ពាយ​ពណ៌​ទឹកប៊ិក ​សម្រាប់​ទុក​គ្រឿងញៀន ​ចំនួន ១។ នៅ​ថ្ងៃទី ២២ ​ខែតុលា​ ឆ្នាំ២០២១ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បានប្រគល់​វត្ថុតាង​ខាងលើ​ទៅឱ្យ​កម្លាំង​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិធី៕