បាត់ដំបងៈក្រសួង​មហាផ្ទៃ​សម្រេច​បង្កើត​ភូមិ​ថ្មី​មួយ​ទៀត​ឈ្មោះ «​ភូមិ​ព្រៃ​តា​ឡូញ »​ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង ឃុំប​វេ​ល ស្រុក​ប​វេ​ល ខេត្ត​បាត់ដំ​បង ដោយ​យោង​តាម​សំណើ​របស់​រដ្ឋបាល​ខេត្ត​នេះ។

យោង​តាមប្រកាស​ស្តីពី​ការ​បង្កើត​ភូមិ​នៃ​ខេត្ត​បាត់ដំបង​ដែល​ចុះហត្ថ​លេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ​ខេង កាល​ពី​ថ្ងៃទី ២២​ ខែតុលា ឆ្នាំ​ ២០២១ ​បាន​សម្រេច​បង្កើត «ភូមិ​ព្រៃ​តា​ឡូញ» ដោយ​បំបែក​ចេញពី​ភូមិ​ទំនប់​ទឹក​ ភូមិ​កំពង់​ឆ្នាំង​១​និង​ភូមិ​ស្ទឹង​ដាច់ នៃ​ឃុំ​ប​វេល​ ស្រុក​ប​វេ​ល ​ខេត្ត​បាត់​ដំបង។

ប្រកាស​នេះ​បានបន្ត​ថា ​ការរៀបចំ​រចនា​សម្ព័ន្ធ​និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​បាល​ភូមិ​បង្កើត​ថ្មី ត្រូវ​អនុ​លោម​ទៅតា​មសេចក្តី​ណែនាំ​លេខ ​០០៤ ស​ណន ចុះ​ថ្ងៃទី​ ១៧​ ខែមីនា ឆ្នាំ ​២០០៦ របស់​ក្រសួង​មហា​ផ្ទៃ ស្តីពី​បែប​បទ នីតិ​វិធី​នៃ​ការ​ជ្រើស​រើស​មេភូមិ​ ការ​ចូល​កាន់​តំណែង ការ​ផ្លាស់​ប្តូរ​មេភូមិ ការតែង​តាំង​ជំនួយ​ការ​មេភូមិ ​និង​តួនាទី ​ភារកិច្ច របៀប​របប​ធ្វើ​ការ​ងារ​របស់​មេភូមិ។ចំពោះ​បទ​ប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​ប្រកាស​នេះ​ ត្រូវ​ទុក​ជា​និរា​ករណ៍​។

ប្រកាស​បន្ត​ទៀត​ថា​ អគ្គ​លេខាធិ​ការ នៃ​អគ្គ​លេខាធិ​ការ​ដ្ឋាន ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល អគ្គស្នង​ការ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ អគ្គ​នាយក​នៃ​អគ្គ​នាយ​កដ្ឋាន​ភ័ស្តុ​ភារ​និង​ហិរញ្ញ​វត្ថុ អគ្គនា​យកនៃ​អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម ​អង្គ​ភាព​ផ្សេង​ទៀត​ចំណុះ​ក្រសួង​មហា​ផ្ទៃ ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបង ​គណៈ​អភិបាល​ខេត្ត​បាត់​ដំបង ​ក្រុម​ប្រឹក្សា​ស្រុក​ប​វេ​ល ​គណៈ​អភិបាល​ស្រុក​ប​វេ​ល និង​ក្រុម​ប្រឹក្សា​ឃុំ​ប​វេ​ល ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ប្រកាស​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថ​លេខា​នេះ​តទៅ​។

អ្នកនាំ​ពាក្យ​សាលា​ខេត្ត​បាត់​ដំបង​លោក សួស សុភ័ក្ត្រ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​បំបែក​ភូមិ​ថ្មី​នេះ​ដោយ​សារ​ផ្អែក​ទៅ​លើ​កំណើន​ប្រជាជន​និង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង។លោក​ថា៖ «ដោយ​សារ​ដង់ស៊ីតេ​ប្រជា​ជន​ច្រើន​ ដល់​អ៊ីចឹង​ទៅ​ យើង​ស្នើ​សុំ​បំបែក​ភូមិ​ដើម្បី​ឱ្យមាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រ​ប់គ្រង​»។

លោក​ឱ្យ​ដែរ​ថា កន្លង​ទៅថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​ក៏បាន​បង្កើត​ឃុំ​ថ្មី​ដែរ​ ឈ្មោះ​ឃុំ បួរ​វិល ដោយ​បំបែក​ចេញ​ពី​ឃុំ​ប​វេ​ល នៃ​ស្រុក​ប​វេ​ល ខេត្ត​បាត់​ដំបង។ លោក​ថា៖ «ព្រោះ​ឃុំ​នេះ​វា​ធំ អ៊ីចឹង​យើង​បំបែក​ខាង​កើត​និង​ខាង​លិច»​។

អ្នក​សម្រប​ស​ម្រួល​ផ្នែក​អង្កេ​តនិង​តស៊ូម​តិនៃអង្គ​ការខុ​ម ហ្រ្វែល លោក កន សាវាង្ស ធ្លាប់បានថ្លែ​ងថា ​ការ បង្កើត​ភូមិ​ឃុំ ឬសង្កាត់ជា​រឿ​ងល្អស​ម្រាប់​គ្រប់គ្រ​ងរដ្ឋបាល​ថ្នាក់​ក្រោ​មជាតិ​ដោយ​ផ្អែក​ទៅលើ​ចំនួ​ន​ប្រជា​ព​លរ​ដ្ឋនៅ​តាម​មូល​ដ្ឋាន ។

លោក​ថា៖​ «ប៉ុន្តែស​ម្រាប់ខ្ញុំ​ការ​បង្កើត​[ភូមិឃុំ] នេះមិន​ទាន់មា​នការផ្អែក​ឬពឹង​ទៅលើ​ច្បាប់​ណាមួយ​ដែ​លនិ​យាយអំ​ពី ថាតើចំ​នួន​ប្រជា​ពលរដ្ឋ​ដែន​ដីយ៉ា​ងម៉េច​ដើម្បី​បង្កើត​​នោះទេ​យើង​មិន​ទាន់​ឃើញមា​នកា​រកំ​ណត់​បែបនេះ​ទេ បើ​យើង​បង្កើ​តច្រើន ហើយអត់​ស្រប​ទៅនឹង​សមា​មាត្រចំ​នួនប្រជា​ជន​ វាធ្វើ​ឱ្យ​បង្កើ​ន​ការ​ចំណាយ​ថវិ​កា​ជាតិ​ ហើយ​រួមទាំង​ការ​បង្កើន​មនុស្ស​សម្រាប់​ធ្វើកិច្ច​ការងា​រនេះកា​ន់តែច្រើ​នថែ​មទៀត​ »​។​

លោក ​សួស សុភ័ក្ត្រ​ អ្នក​នាំពា​ក្យ​សា​លា​ខេត្ត​បាត់ដំបង​ឱ្យដឹង​ដែរ​ថា សម្រាប់​ខេត្តបា​ត់ដំបង ​បច្ចុប្បន្ននេះ មាន​ប្រជា​ជន​ជាង ១ លាន ៣សែន​នាក់ ក្នុងនោះ​មាន​ជាង ៤០០ ភូមិ ឃុំ​ចំនួន​ ១០២​ ស្រុក​ចំនួន ១៣ និង​ក្រុង​ចំនួន ១​៕