បន្ទាយមានជ័យៈ តំណាងអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៤ តុលា កំពុងសាកសួរបុរសបង់ក្លាដែស ២ នាក់ ដែលជាបក្ខពួកជនជាតិចិន ២ នាក់ ពាក់ព័ន្ធការបង្ខាំងបុរសខ្មែរ ២ នាក់ ដើម្បីជម្រិតយកប្រាក់ កាលពីថ្ងៃទី១៨ តុលានៅភូមិគីឡូលេខ៤ សង្កាត់ ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត។
លោកស្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យឱ្យដឹងនៅរសៀលថ្ងៃទី២៤តុលាថា បុរសឈ្មោះ មៀ ហាប៊ឹប អាយុ ២៧ ឆ្នាំ និង ឈ្មោះ អ៊ី ស្លាម អ៊ែលសារុល ភេទ ប្រុស អាយុ ៣១ ឆ្នាំ កំពុងត្រូវតំណាងអយ្យការសាកសួរ។
លោកស្រីបន្តថា ជនសង្ស័យទាំង ២ នាក់នេះ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី ២៣ តុលា។
ប៉ុន្តែដោយពួកគេជាជនបរទេស ហេតុដូច្នេះហើយ ទើបត្រូវការឱ្យមានអ្នកបកប្រែ។ លោកស្រីបញ្ជាក់ថា៖ « បុរសបង់ក្លាដែស ២ នាក់នោះ កំពុងត្រូវបានសួរនៅអយ្យការនៅឡើយទេ។ យូរដោយសារត្រូវបកប្រែភាសាទៀត»។
លោកស្រីសុជាតិ រំឭកថា កាលពីថ្ងៃទី១៨តុលា កម្លាំងសមត្ថកិច្ចរបស់លោកស្រី បានឃាត់ខ្លួនជនជាតិចិនបាន ២ នាក់ ពាក់ព័ន្ធបង្ខាំងបុរសខ្មែរ ២ នាក់។
នៅពេលនោះជនសង្ស័យ បានឆ្លើយថា ពួកគេនៅមានបក្ខពួក ២ នាក់ទៀត ស្នាក់នៅបណ្តោះអាសន្ននៅផ្ទះ ជួលលេខ ៦E ផ្លូវ ៣១២ ភូមិ ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។
បន្ទាប់មកសមត្ថកិច្ចបានមករាជធានីភ្នំពេញ ដោយសុំសហការណ៍ជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវ។
លោកស្រីបន្ថែមទៀតថា ក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះបើកការស្រាវជ្រាវមក ក៏បានឃាត់ខ្លួនជនសង្ស័យបាននៅវេលាជាង ៤ រសៀល ថ្ងៃទី ២២ តុលា នៅរាជធានីភ្នំពេញ និងនាំខ្លួនពួកគេទៅខេត្តបន្ទាយមានជ័យតែម្តង។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យបានទេ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល៕