ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បង្កើត​ក្រុម​ការងារ​ត្រួតពិនិត្យ និង​វាយតម្លៃ​សំណង់​អគារ​ចាស់ៗ​នៅតាម​បណ្តា​ខណ្ឌ​ទាំងអស់​ ដើម្បី​ពង្រឹង​យន្តការ​ក្នុងការ​ការពារ ថែរក្សា និង​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ជា​អគារ​បេតិកភណ្ឌ ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

ការសម្រេច​បែបនេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង (Video Zoom Meeting) ស្ដីពី​ការទប់ស្កាត់​ការវាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​​អគារ​បេតិកភណ្ឌ ក្នុង​រាជធានី-ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី-ភ្នំពេញ​នៅ​ថ្ងៃទី​ ២២ ខែ តុលា ឆ្នាំ​ ២០២១​។

លោក​ ឃួង ស្រេង បាន​ថ្លែងថា​៖ «​យើង​នឹង​បង្កើតឱ្យមាន​ក្រុមការងារ​មួយ​ចុះ​ពិនិត្យ និង​ស្រង់​ស្ថិតិ អគារ​បេតិកភណ្ឌ​ដែលមាន​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​។ ក្រោយមកទៀត​យើង​នឹង​ប្រគល់​អគារ​បេតិកភណ្ឌ​ទាំងនោះ​ទៅ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ធ្វើការ​គ្រប់គ្រង​បន្ត​។ ការធ្វើ​បែបនេះ ទើប​យើង​អាច​រក្សា​អគារ​បេតិកភណ្ឌ​ទាំងនេះ​បាន​គង់វង្ស​»​។

ជាមួយ​គ្នា​នេះ សារាចរ​ស្តីពី​ការទប់ស្កាត់​ការវាយកម្ទេច និង​​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ ដែល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃទី​ ១២ ខែតុលា ក៏បាន​បញ្ជាក់​ផងដែរ​​ថា រាជរដ្ឋាភិបាល ហាមឃាត់​ចំពោះ​ការកែប្រែ ការប្តូរ​រូបរាង​ខាងក្រៅ​ ឬ​ធ្វើឱ្យ​ខូចខាត​សោភណភាព​ចំពោះ​សំណង់ នៃ​តំបន់​បេតិកភណ្ឌ​ទីក្រុង​។ ទប់ស្កាត់​ការវាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិកភណ្ឌ ដើម្បី​ការពារ​ឱ្យបាន​គង់វង្ស​។

សារាចរ​របស់​លោកនាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​បញ្ឈប់​ជាបន្ទាន់ ចំពោះ​ការបំផ្លាញ​អគារ​បេតិកភណ្ឌ​ក្នុង​តំបន់​ការពារ និង​ក្រៅ​តំបន់​ការពារ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ គោលនយោបាយ និង​ផែនទី​ចង្អុលបង្ហាញ ដើម្បី​ជំរុញ​ការអភិរក្ស និង​ការពារ​ការអភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​ប្រកប​ដោយ​និរន្តរភាព​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​សំណង់​អគារ​បេតិកភណ្ឌ ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល កែប្រែ​រូបរាង​ ឬ​វាយ​កម្ទេចចោល​ត្រូវ​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន​»​។

លោក​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថ្លែង​នៅ​ថ្ងៃទី​ ២៤ តុលា​ថា សារាចរ​របស់​រាជរដ្ឋាភិបាល ជា​វិធានការ​បន្ថែម​មួយទៀត​សម្រាប់​បំពេញ​ចំណុច​ខ្វះចន្លោះ​មួយចំនួន​។ ដោយ​ផ្អែកលើ​ការអភិវឌ្ឍ​ថ្មីៗ​ពេលខ្លះ​ម្ចាស់​កម្មសិទ្ធិ​ ឬ​ម្ចាស់ទ្រព្យ​ដែលមាន​សំណង់​អគារ​បុរាណ ក្រៅពី​វត្ត​អារាម និង​ប្រាសាទ ដែលជា​សមត្ថកិច្ច​របស់​ក្រសួង​វប្បធម៌ ជួនកាល​ពេល​មាន​ការកែប្រែ ឬ​អភិវឌ្ឍ​អ្វី​នោះ ពួកគាត់​អាច​វាយ​កម្ទេចចោល​ដោយសារ​តែ​មិន​យល់​។

លោក​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ បាន​បញ្ជាក់ថា សារាចរ​នោះ គឺជា​ទម្ងន់​គតិយុត្ត​មួយទៀត ដើម្បី​បញ្ជាក់បន្ថែម​ឱ្យមាន​ការចូលរួម​អភិរក្ស​។ ជាពិសេស​នៅតាម​បណ្ដា រាជធានី-ខេត្ត និង​តំបន់​ផ្សេងៗ​ទៀត ដែល​ជាក់ស្តែង​ដូច​នៅក្នុង​ខេត្ត​បាត់ដំបង​មាន​ផ្ទះ​សាងសង់​ក្នុង​​សម័យ​លោក​ម្ចាស់​។ នៅ​ខេត្តក្រចេះ មាន​ផ្ទះ​សំណង់​ពី​ដើមៗ​ជា​លំនៅឋាន​។

លោក​ថ្លែងថា​៖ «​ព្រោះ​នោះ​មាន​ម្ចាស់​កម្មសិទ្ធិ​។ អ៊ីចឹង​យើង​អំពាវនាវ​ឱ្យមាន​ការយល់ ការចូលរួម​ពី​ប្រជាជន​ម្ចាស់ទ្រព្យ ក៏ដូចជា​អាជ្ញាធរ ក្នុង​ការអនុញ្ញាត ឬមួយ​ការកែប្រែ​រូបរាង​អី​ឱ្យមាន​កិច្ចសហការ​។ ជាពិសេស​ផ្តល់ព័ត៌មាន​មក​ក្រសួង​វប្បធម៌​ដែលជា​សេនាធិការ​ក្នុង​ការថែរក្សា​ការពារ​បេតិកភណ្ឌ​ជាតិ​»៕

វីដេអូ៖