ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​លុបចោល​បម្រាម​ផ្អាក​ជើងហោះហើរ​ត្រង់ ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​មកកាន់​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ២៣ ខែតុលា ដើម្បី​បើក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ជា​ជំហានៗ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៣ តុលា​ថា​៖ «​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ សូម​ប្រកាស​លុបចោល​សេចក្តីប្រកាស ព័ត៌មាន​ចុះ​ថ្ងៃទី​ ២៥ ខែកក្កដា ឆ្នាំ ២០២០ និង​ចុះ​ថ្ងៃទី​ ១១ ខែសីហា ឆ្នាំ ២០២០ ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ចូលរួមចំណែក​ការបើក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ជា​ជំហានៗ​លើ​គ្រប់​វិស័យ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​»​។

ក្រសួង​បាន​បញ្ជាក់ថា ការប្រកាស​លុបចោល​បម្រាម​នេះ ក៏​ដើម្បី​ស្តារ​ឡើងវិញ​នូវ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យនេះ​ផងដែរ​។

ការប្រកាស​លុបចោល​បម្រាម​នេះ​ធ្វើឡើង​ ១ ​ថ្ងៃ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ជំនាញ ពិនិត្យមើល​លទ្ធភាព​នៃ​ការបើក​ឡើងវិញ​នូវ​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ឬ​ចំណុច​ណាមួយ​នៅ​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ឆ្ពោះ​មក​កម្ពុជា ដោយ​រដ្ឋាភិបាល​បាន​ធ្វើការ​គ្រប់គ្រង ព្រលានយន្តហោះ​បានល្អ​។

លោក​ថ្លែង​ក្នុងអំឡុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២២ ខែតុលា​ថា​៖ «​ហើយ​យើង​ក៏បាន​កាត់បន្ថយ​ចំនួន​ពេលវេលា​នៃ​ការធ្វើ​កត្តាឡីស័ក​ដែល​អាចជា​ផ្នែក​នៃ​ការទាក់ទាញ ហើយ​និង​ឈាន​ទៅ​ដល់​ការរៀបចំ​បើក​ឡើងវិញ​នូវ​ទេសចរណ៍ សុវត្ថិភាព គឺ​ទេសចរណ៍​វ៉ាក់សាំង​»​។

រដ្ឋាភិបាល​បាន​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ចាប់ពី​ថ្ងៃទី​ ១ ខែ សីហា ឆ្នាំ​ ២០២០ បន្ទាប់ពី​មាន​អ្នកដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​ទាំង​ ២ ​នេះ​ត្រូវ​បាន​រកឃើញ​ឆ្លង​វីរុស​កូរីដ​ ១៩ មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​។

ក្រោយមក រដ្ឋាភិបាល​បាន​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ហ្វីលីពីន មក​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១៣ ខែ សីហា ឆ្នាំ​ ២០២០ ក្រោយពី​មាន​ករណី​នាំចូល​ជំងឺ​កូវីដ​ ១៩ ពី​ប្រទេស​នេះ​មក​កម្ពុជា​ចំនួន ១៣ នាក់​កាលពី​ថ្ងៃទី​ ៩ សីហា ឆ្នាំ​ ២០២០ ហើយ​ដោយសារ​ប្រទេស​នេះ​ កំពុង​មាន​អត្រា​ឆ្លង​ជំងឺ​កូវីដ​ ១៩ យ៉ាងគំហុក និង​ជា​ប្រទេស​ដែលមាន​ចំនួន​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​៕