ភ្នំពេញៈ ក្នុង​ឱកាស​អបអរសាទរ​ខួប​ ៣០ ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង សន្តិភាព​ក្រុងប៉ារីស ២៣ តុលា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ឆ្នាំ​ ១៩៩១ សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅតែ​បន្ត ប៉ុន្តែ​ក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់​លោក សង្គ្រាម​ស៊ីវិល​ត្រូវបាន​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​ ១៩៩៨​។

លោក​ ហ៊ុន សែន ​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២៣ ខែតុលា ថា​៖ «​ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នៅ​បន្ត ដែល​បង្កដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា ក្រោម​នយោបាយ ឈ្នះ-ឈ្នះ​របស់លោក គឺ​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ​ ១៩៩៨ ដែល​កម្ពុជា​ទូទាំងប្រទេស បានស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សម្បូរ​សប្បាយ​រហូតមក​ដល់​សព្វថ្ងៃ​។

លោក​បាន​រំឭកថា កាលពី ៣០ ​ឆ្នាំមុន គឺ​នៅ​ថ្ងៃទី ​២៣ ខែតុលា ឆ្នាំ​ ១៩៩១ ភាគី​ទាំង​ ៤ របស់​កម្ពុជា រួមមាន លោក​ ហ៊ុន សែន តំណាងឱ្យ​រដ្ឋាភិបាល-កម្ពុជា ចលនា​តស៊ូ​ហ៊្វុនស៊ិនប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ​នរោត្តម សីហនុ និង​សម្តេច​ក្រុមព្រះ​នរោត្តម រណប្ញទ្ឋិ​។

រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តំណាង​ដោយ លោក​ សឺន សាន និង​ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ​ (​ប៉ុល ពត​) តំណាង​ដោយ​លោក​​ ខៀវ សំផន​។ ភាគី​ទាំង​ ៤ បាន​ឈានទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី មកពី​ ១៨ ​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បន្តថា មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​នាទី​ក្រុង​ប៉ារីស ២៣ តុលា លោក​បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះនរោត្តម សីហនុ នៅ​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង​។ ការចរចា​នេះ​មាន​សេចក្តី​ប្រកាស​រួម​ឡាយព្រះហស្តលេខា ដោយ​សម្តេចព្រះ​នរោត្តម សីហនុ និង លោក​ ហ៊ុន សែន ដែល​ហៅថា «​ជំនួប​ចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ​២-៤ ខែធ្នូ ឆ្នាំ ១៩៨៧»​។

លោក​សរសេរថា​៖ «​ហើយ​បន្ទាប់មក​ក៏មាន​កិច្ចចរចា​បន្ត​រវាង​សីហនុ-ហ៊ុន សែន លើក​ទី២ ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​ ២០-២១ ខែមករា ឆ្នាំ​ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​»​។

កាលពី​ថ្ងៃទី​ ២៣ ខែ តុលា ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ៣០ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ១៩៩១ នៅ​វិមាន​សន្តិភាព ដោយមាន​ការចូលរួម​ពី​តំណាង​មកពី​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​រាជធានី-ភ្នំពេញ​។ លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ-អន្តរជាតិ​បាន​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​នេះ​តំណាង​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក Fabrice Etienne (​ហ្វាប្រ៊ីស អេទ្យែន​) ភារធារី នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​អាន​សារលិខិត​របស់​លោក ហ្សង់ អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រី​ក្រសួង​អឺរ៉ុប និង​ការបរទេស​នៃ​ប្រទេស​បារាំង ដែលជា​ប្រទេស​ហត្ថលេខី និង​ជា​សហប្រធាន​សន្និសីទ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ពិធី​នេះ​។ លោក​បាន​រំឭក​តាមរយៈ​ការបកប្រែ​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​បិទ​បញ្ចប់​ជម្លោះ​ដែល​អូសបន្លាយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​បាន​បិទ​បញ្ចប់​ការឈឺចាប់ ដែល​ប្រជាជន​កម្ពុជា​ជា​ជនរងគ្រោះ​ទី​១​។ កិច្ចព្រមព្រៀង​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ពិសេស​ដែល​ផ្សារភ្ជាប់​រវាង​ប្រទេស​ «​យើង​ទាំង​ ២»​។

លោក​អាន​សារលិខិត​ថា​៖ «​បច្ចុប្បន្ន ប្រទេស​បារាំង​នៅតែ​តាំងចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​យ៉ាង​ពេញលេញ​ជាមួយ​ប្រទេស​កម្ពុជា សមាគម​អាស៊ាន និង​ប្រទេស​ផ្សេងទៀត​ដែល​បង្កើតបានជា​លំហ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ ប្រទេស​បារាំង​រួមជាមួយ ដៃគូ​អឺរ៉ុប​នានា ទើប​បាន​អនុម័ត​យុទ្ធសាស្ត្រ​សហភាព​អឺរ៉ុប ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​របស់​អឺរ៉ុប​ជាមួយ​តំបន់​ប៉ាស៊ីហ្វិក ដែល​កំពុង​ក្លាយជា​មជ្ឈមណ្ឌល យុទ្ធសាស្ត្រ​ពិភពលោក​ថ្មី​មួយ​»​។

លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​តាមរយៈ​ការបកប្រែ​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​បង្កើត​មូលដ្ឋាន​ដ៏រឹងមាំ​មួយ​ដើម្បី​កសាង​អនាគត​ប្រទេស​កម្ពុជា​។ វា​ជា​ការពិត​ដែលថា ផ្នែក​ខ្លះ នៃ​កិច្ចព្រមព្រៀង​នេះ​មាន​លក្ខណៈ​អន្តរកាល ហើយ​បាន​បំពេញ​គោលបំណង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ជាយូរ​មកហើយ ឧទាហរណ៍​ដូចជា​ការរៀបចំ​ និង​បង្កើត​អ៊ុនតាក់​ (UNTAC) ​និង​ការបោះឆ្នោត​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩៣​។

លោក​ថ្លែងថា​៖ «​យ៉ាងណាក្តី វា​ជា​ការពិត​ផងដែរ ដែល​ផ្នែក​ខ្លះទៀត​មិនបាន​បាត់បង់​តម្លៃ​របស់​វា​នោះទេ ហើយ​បន្ត​មាន​ភាពពាក់ព័ន្ធ​រហូតមកទល់​សព្វថ្ងៃ​។ ខ្ញុំ​ជឿជាក់ថា ផ្នែក​ទាំងនោះ គឺ​នៅ​រួមគ្នា​ជាមួយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ផ្នែក​ទាំងនោះ​គឺជា​ឯកសារ​រស់​ដែល​នឹង​នៅ​បន្ត​ដឹកនាំ​កម្ពុជា​ឱ្យក្លាយ​ជា​កោះសន្តិភាព​»​។

លោក Mikami Masahiro បន្តថា ពិតណាស់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តែ​ម្យ៉ាង​មិនអាច​បញ្ចប់​សង្គ្រាមស៊ីវិល​បានឡើយ​។ ខ្មែរក្រហម​បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ​។ សន្តិភាព និង​ការអភិវឌ្ឍ​នៅពេល​បច្ចុប្បន្ននេះ ក៏​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ និង​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​ខ្លួនឯង​ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល និង​ការស្តារ​សន្តិភាព និង​វិបុលភាព​ឡើងវិញ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី​ខួប​ ៣០ ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី​ ២២ តុលា ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅតែ​ជា​មេរៀន​ប្រវត្តិសាស្ត្រ​ ដើម្បី​បញ្ចៀស​ភាព​ច្រំដែល​នៃ​ប្រវត្តិសាស្ត្រ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង យើង​គួរតែ​យក​អ្វី​ដែលជា​មេរៀន ដែល​យើង​ធ្លាប់បាន​ជួបប្រទះ​ពី​អតីត​កាលដែល​យើង​ធ្លាប់​បែកបាក់​ជាតិ ហើយ​ដែល​យើង​ធ្លាប់​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ​។ យើង​រួម​សាមគ្គី​គ្នា ក្រោម​កិច្ចព្រមព្រៀង ហើយ​ក្រោយមក យើង​មាន​រដ្ឋធម្មនុញ្ញ​របស់​យើង​»​។

លោក​បន្តថា​៖ «​ដូច្នេះ យើង​បន្តទៅ​មាគ៌ា​គោលការណ៍​គំនិត​ពហុនិយម ដើម្បី​សង្គមជាតិ​យើង​ទាំងអស់​គ្នា ចៀសវាង​ការប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បកស្រាយ ដើម្បី​ហេតុផល​នយោបាយ ដើម្បី​ហេតុផល ផលប្រយោជន៍​ផ្សេងៗ​ដែល​ផ្ទុយទៅនឹង​អ្វី​ដែលជា​ផលប្រយោជន៍​ជាតិ​។ សូមឱ្យ​ការចងចាំ​នេះ​ជា​ការចងចាំ​មួយ​សម្រាប់​ឱ្យ​យើង​បញ្ចៀស​ភាពច្រំដែល​នៃ​ប្រវត្តិសាស្ត្រ​»​។

អ្នកវិភាគ​នយោបាយ លោក​ មាស នី ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​នេះ​ថា អ្វីដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ភាគ​ធំ​ត្រូវបាន​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​។ ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នេះ​នៅតែ​ជា​ដំណាក់កាល​បន្ទាប់​ទៀត​ដែល​ត្រូវការ​ការតាមដាន​ពិនិត្យមើល​ទាំងអស់​គ្នា​។

លោក​ថ្លែងថា​៖ «​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​សំខាន់ គឺថា តើ មាន​សូចនាករ​ណាខ្លះ ដែល​បាន​បង្ហាញថា ចំណុច​នីមួយៗ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង​បាន​យក​មក​អនុវត្ត​សមស្រប​ទៅតាម​អ្វីដែល​បានចែង​។ ត្រង់ណា​បាន​ពិន្ទុ​ ៥ ត្រង់ណា​បាន​ ៦ ត្រង់ណា​បាន​ ១០ ហើយ​ត្រង់ណា​ដែល​បានតែ​ ២ ឬ​៣​។ នេះ​ជា​កាតព្វកិច្ច​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​ត្រូវតែ​ទទួល​ខុសត្រូវ​ក្នុងនាម​ជា​ពលរដ្ឋ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​»​។

លោក មាស នី បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តាម​មើល​នូវ​សូចនាករ​នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ ហើយក៏​មិន​ខុសគ្នា​ពី​ការតាមដាន​ទៅលើ​សុពលភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផងដែរ​។ ប្រសិនបើ ការអនុវត្ត​រដ្ឋធម្មនុញ្ញ មាន​ភាពចន្លោះ​ប្រហោង ពេលនោះ​ក៏មាន​ផលប៉ះពាល់​ទៅលើ​អ្វី ដែលជា​ការកំណត់​របស់​អ្នកនយោបាយ​ខ្មែរ ដែល​បាន​ខិតខំ​ធ្វើការ​យ៉ាង​នឿយហត់​ទម្រាំ​តែ​បាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​មក​៕