សៀមរាបៈ រដ្ឋបាលខេត្ត​សៀមរាប​បាន​ក្រើនរំឭក​ជាថ្មី​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ឱ្យ​ឈប់​ចត​រថយន្ត និង​លក់ដូរ នៅលើ​ចិញ្ចើមផ្លូវ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការស្ថាបនា​ផ្លូវ​ថ្មើរជើង និង​រៀបចំ​ទ្រូងផ្លូវ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ផ្លូវ ៣៨ ខ្សែ​។

ការក្រើនរំឭក​នេះ ធ្វើឡើង​បន្ទាប់​រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ខែកញ្ញា ឆ្នាំ ២០២១ បានចេញ​សេចក្តី​ជូនដំណឹង​រួចមកហើយ​ពាក់ព័ន្ធ​ចំណាត់ការ​ចំពោះ​យានជំនិះ​គ្រប់​ប្រភេទ ដែល​ឈប់​ ឬ​ចត​ និង​ការដាក់តាំង​សម្ភារ​លក់ដូរ នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​ក្នុង​ក្រុង​សៀមរាប​។ ប៉ុន្តែ ពលរដ្ឋ​មួយចំនួន​បាន​ចូលរួម​គោរព​តាម​ការណែនាំ ខណៈ​ពលរដ្ឋ​ខ្លះ មិន​អើពើ​ហើយ​នៅតែ​បន្ត​ភាព​មិន​មាន​សណ្តាប់ធ្នាប់​នៅលើ​ចិញ្ចើមផ្លូវ​ដដែល​។

លោក លីវ សុខុន អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុមការងារ​ខេត្ត​បាន​បើក​កិច្ចប្រជុំ ជាមួយ​ក្រុម​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​ ដើម្បី​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​បន្ទាប់ពី​ចេញ​សេចក្តី​ជូនដំណឹង​។

លោក​បន្តថា​៖ «​ក្នុង​កិច្ចប្រជុំ​នោះ គឺ​តម្រូវ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ ត្រូវ​បន្ត​អនុវត្ត​សេចក្តី​ជូនដំណឹង និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​ពី​ការទុក​ចិញ្ចើមថ្នល់​នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​បញ្ចៀស​ការចត​ឡាន ឬ​លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​គម្រោង​ស្ថាបនា​ផ្លូវ ៣៨ ខ្សែ​»​។

លោក​បន្តថា​៖ «​ជួនកាល​ក្រុមការងារ​ទើប​រៀបចំ​កម្រាល​ក្រានីត​ថ្មីៗ​មិនទាន់​ស្ងួត​ស៊ីម៉ងត៍​ស្រួលបួល​ផង ពួកគាត់​យក​ឡាន​ទៅ​ចត​លើ​នោះ ឬ​ដាក់​លក់ដូរ​នាំ​ឱ្យ​ខូច​ឥដ្ឋ និង​ប៉ះពាល់​ដល់​ដំណើរការ​គម្រោង​ស្ថាបនា​»​។

ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវ ៣៨ ​ខ្សែ គ្របដណ្តប់​ស្ទើរតែ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប​ទៅហើយ​ទើប​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចត​ឡាន​ និង​លក់ដូរ​នៅមុខ​ផ្ទះ ខណៈ​លោក លីវ សុខុន នៅតែ​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​គោរព​តាម​ការណែនាំ​ទាំងអស់គ្នា​ដើម្បី​សោភណភាព​ទីក្រុង​។

លោក​ថា​៖ «​ផ្លូវ​ ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​គ្របដណ្តប់​ស្ទើរ​ទាំងអស់​ហើយ​ក្នុង​ក្រុង​នេះ​ពីមុនមក​កាល​យើង​មិនទាន់​រៀបចំ​ផ្លូវ គឺ​គាត់​ចត​ឡាន​នៅមុខ​ផ្ទះ​គាត់ តែ​ឥឡូវ​មិនឱ្យ​គាត់​ចត​ទេ​ ព្រោះ​នាំឱ្យ​ខូច​បាក់ និង​ស្រុត​ឥដ្ឋ ព្រោះ​ឥឡូវនេះ គេ​ធ្វើ​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​សម្រាប់​ជិះ​កង់​»​។

ពលរដ្ឋ​ ១ ​រូប​ដែល​រស់នៅក្នុង​ក្រុង​សៀមរាប អ្នកស្រី សុធារី បាន​សម្តែង​ការសាទរ​ចំពោះ​ការរៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​សៀមរាប ជាពិសេស​កន្លែង​ថ្មើរជើង​តែម្តង​។ អ្នកស្រី​ថា​៖ «​យើង​ដឹង​ហើយ​សៀមរាប ជា​ខេត្ត​មួយ​នៃ​គោលដៅ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ អ៊ីចឹង​ពេល​ភ្ញៀវទេសចរ​មកលេង​អត់​មាន​កន្លែង​ថ្មើរជើង ហើយ​អត់​មាន​សណ្តាប់ធ្នាប់​ក៏​ប៉ះពាល់​ដល់​អារម្មណ៍​គេ​ដែរ​»​។

អ៊ីចឹង​ក្នុង​នាម​អ្នកស្រី​ជា​ពលរដ្ឋ​រស់នៅក្នុង​ក្រុង​នេះដែរ អត់​មាន​តវ៉ា​អី​ទេ​ហើយ​អ្នកស្រី​យល់ព្រម​គ្រប់យ៉ាង​ចំពោះ​ដំណើរការ​ស្ថាបនា​ផ្លូវ​នេះ តែ​សូម​ស្ថាបនា​ឱ្យបាន​លឿន​។

រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ១៧ កញ្ញា ឆ្នាំ​ ២០២១ ​បាន​ជូនដំណឹង​ដល់​សាធារណជន​ថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​បាននិង​កំពុង​សាងសង់​តាម​ផែនការ​ដែល​បានគ្រោង​ទុក ដើម្បី​ប្រែក្លាយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំងនោះ ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ធានាបាន​នូវ​គុណភាព សុវត្ថិភាព សោភណភាព ព្រមទាំង​ការពារ​បាន​នូវ​បរិស្ថាន​រស់នៅ​ល្អ បម្រើ​ឱ្យ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​ការដឹកជញ្ជូន​នានា​។

សេចក្តី​ជូនដំណឹង​បន្តថា ៖ «​បច្ចុប្បន្ន​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ កំពុងដំណើរការ​រៀបចំ​ខឿន​ចិញ្ចើមផ្លូវ កម្រាល​ក្រានីត​សម្រាប់​ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ និង​ការរៀបចំ​ទ្រូងផ្លូវ​។ រដ្ឋបាលខេត្ត​ពិនិត្យ​ឃើញ​មាន​ការចត​យានជំនិះ​គ្រប់​ប្រភេទ ការដាក់​តាំង​សម្ភារ​ផ្សេងៗ​ និង​ការលក់ដូរ​នៅលើ​ទ្រូងផ្លូវ​ចិញ្ចើមផ្លូវ​ ដែល​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដែល​កំពុង​សាងសង់​»​។

តាមរយៈ​សេចក្តី​ជូនដំណឹង​នេះ រដ្ឋបាលខេត្ត​បាន​ស្នើ​ដល់​ពលរដ្ឋ​ត្រូវ​បញ្ឈប់​ការចត​លើ​កម្រាល​ក្រានីត​ការដាក់​តាំង​សម្ភារ​ផ្សេងៗ និង​ការលក់ដូរ​នៅលើ​ទ្រូងផ្លូវ​ចិញ្ចើមផ្លូវ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ជូនដំណឹង​នេះ​តទៅ​។

រដ្ឋបាលខេត្ត​ព្រមាន​ថា​៖ «​ក្នុងករណី នៅតែ​បន្តសកម្មភាព​ដូចដែល​បាន​រៀបរាប់​ខាងលើ​ដែលនាំឱ្យ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​សាងសង់​ត្រូវ​ទទួល​ខុសត្រូវ​សង​ការខូចខាត ហើយ​អាជ្ញាធរ​មាន សមត្ថកិច្ច​នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​»​។

គម្រោង​កែលម្អ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ចំនួន​ ៣៨ ខ្សែ​នេះ​មាន​ប្រវែង​សរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង​ ១៤៩ លាន​ដុល្លារ ត្រូវការ​ចំណាយពេល​សាងសង់​ចំនួន​ ១៣ ​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២១៕