ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៣៨ និង ៣៩ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ចាប់​ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែ​តុលា តាម​ប្រព័ន្ធ​វីដេអូ ដែល​ប្រទេស​ព្រុយណេ ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ២៥ ខែ​តុលាថា អម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​ទាំង​នេះ​រួម​មាន លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា ព្រម​ទាំង​មន្រី្ត​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​នឹង​ធ្វើ​បទអន្តរាគមន៍​ក្នុង​ប្រជុំ​កំពូល​អាស៊ាន​លើកទី៣៨ និង​លើក​ទី៣៩ កិច្ច​ប្រជុំកំ​ពូល​អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ចិន លើកទី២៤ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ជប៉ុន លើកទី២៤ កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​អាស៊ាន-អូស្រ្ដាលី លើកទី១ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូកបី លើកទី២៤ កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា លើកទី១៦ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា លើក​ទី១៨ និងកិច្ច​ប្រជុំ​កំពូល​អាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍ ៣០ ឆ្នាំ នៃ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-រុស្ស៊ី។

នៅ​ថ្ងៃទី ២៨ ខែ​តុលា លោក ហ៊ុន សែន នឹង​ធ្វើ​បទ​អន្តរាគមន៍​ផង​ដែរ នៅ​ក្នុង​ពិធី​បិទ​ក្រោយ​ពី​ព្រុយណេ​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ ជូន​កម្ពុជា៕