ភ្នំពេញៈ​ ប្រមុខ​នៃ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ​បាន​ផ្តល់​បន្ថែម​នូវ​រថយន្ត​សម្រាប់​ដឹក​វ៉ាក់​សាំង​ទៅ​ដល់​មន្ទីរ​សុខាភិ​បាល​រាជ​ធានី​-​ខេត្ត ​ទាំង​ ២៥​ ដែល​សរុប​ទាំង​អស់​មាន​ចំនួន​​ ១០០ ​គ្រឿង​ ដើម្បី​ជា​ការ​លើក​ចិត្ត​ ​និង​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​រក្សាទុក​ ​និង​ការ​ដឹក​ជញ្ជូន​វ៉ាក់​សាំង​កូ​វីដ ​១៩ ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​។​

លោក​ស្រី ​ឱ ​វណ្ណ​ឌី​ន ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិ​បាល​ និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូ​វីដ​ ១៩ ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ ​បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៥ ​ខែតុលា ​ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​វ៉ាក់​សាំង​ទៅ​ដល់​មន្ទីរ​សុខា​ភិបាល​ខេត្ត​ទាំង​ ២៥​ ថា រថ​យន្ត​សរុប​ទាំង​ ២ លើក​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​ទិញ​សម្រាប់​ផ្តល់​ជូន​មន្ទីរ​សុខាភិ​បាល​ទូទាំង​ប្រទេស ​មាន​ចំនួន ​១០០​ គ្រឿង​ ដែល​លើក​ទី​១​ មាន​ចំនួន​ ៦០​ គ្រឿង ​និង​ការ​បញ្ជា​ទិញ​លើក​ទី​២ ចំនួន​ ៤០ ​គ្រឿង​។​​

រាជ​ធានី​-ខេត្ត ​ដែល​ទទួល​បាន​រថ​យន្ត​ដឹក​វ៉ាក់​សាំង​មាន ខេត្ត​បន្ទាយ​មាន​ជ័យ​ចំនួន​ ៤ ​គ្រឿង​ ​ខេត្ត​បាត់​ដំបង ​ចំនួន​ ៥ ​គ្រឿង ​ខេត្តកំ​ពង់​ចាម ​៥​ គ្រឿង​ ​ខេត្ត​កំពង់​ឆ្នាំង​ ៣ ​គ្រឿង ​ខេត្ត​កំពង់​ស្ពឺ ​៤​ គ្រឿង ​ខេត្តកំ​ពង់​ធំ ​៤ ​គ្រឿង ​ខេត្ត​កំពត​ ៤​ គ្រឿង​ ​ខេត្ត​កណ្តាល​ ៥​ គ្រឿង​ ​ខេត្ត​កោះកុង ​២ ​គ្រឿង ​ខេត្ត​ក្រចេះ​៣​គ្រឿង​ ​ខេត្ត​មណ្ឌល​គិរី​៣​គ្រឿង ​រាជ​ធានី​ភ្នំពេញ​ ៤ ​គ្រឿង​ ​ខេត្ត​ព្រះ​វិហារ ​៣​ គ្រឿង​ ខេត្ត​ព្រៃវែង ​៥ ​គ្រឿង​ ខេត្ត​ពោធិ៍​សាត់​៣​គ្រឿង​ ​ខេត្ត​រតន​គិរី​៣​គ្រឿង​ ខេត្ត​សៀម​រាប ​៤​ គ្រឿង ​ខេត្ត​ព្រះ​សីហនុ​២​គ្រឿង​ ​ខេត្ត​ស្ទឹង​ត្រែង ​៣​ គ្រឿង​ ខេត្ត​ស្វាយរៀង​ ៤​ គ្រឿង ខេត្ត​តាកែវ​ ៤​ គ្រឿង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៣​គ្រឿង ​និង​ខេត្ត​កែប​ចំនួន​ ២ ​គ្រឿង​។​

លោក​ស្រី​ ឱ ​វណ្ណ​ឌី​ន​ ថ្លែង​ថា៖ ​«​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន តែង​តែ​គិត​គូរ​ណាស់​ទៅលើ​ការងារ​ចាក់​វ៉ាក់​សាំង​កូ​វីដ ​១៩​ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ ដែល​កន្លង​មក​យើង​ក៏​បាន​ផ្តល់​រថយន្ត​ចាក់​វ៉ាក់សាំង​ម្តង​រួចមកហើយ​។ នៅពេល​នេះដែរ ដោយ​សម្តេច​យល់ឃើញថា​នៅតាម​បណ្តា​រាជធានី​ខេត្ត​បាន​ខិតខំ​ធ្វើ​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ ហើយ​ជាពិសេស​តម្រូវការ​នៃ​ការថែរក្សា​ទុក​វ៉ាក់សាំង និង​ការដឹកជញ្ជូន​ផងដែរ ដែល​ធ្វើឱ្យ​សម្តេច​បញ្ជា​ទិញ​រថយន្ត​ទាំងនេះ​បន្ថែមទៀត​»​។

លោកស្រី ឱ វណ្ណឌី​ន ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​មក​ទទួល​ការចាក់ ពិសេស​ប្រជាពលរដ្ឋ​ដែលមាន​វ័យចាស់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​ ១៩ និង​ជំងឺ​ប្រចាំកាយ​មួយចំនួន​។​

លោកស្រី​បាន​ថ្លែងថា៖ «​សុំ​ប្រជាពលរដ្ឋ​ធ្វើការ​ពិចារណា ហើយក៏​ត្រូវធ្វើ​ការសម្រេច​ចិត្ត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​មក​ទទួលយក​នូវ​វ៉ាក់សាំង​នេះ ហើយ​យើង​ត្រូវ​គិតថា វីរុស​កូ​វីដ​ ១៩ ​បច្ចុប្បន្ននេះ​មានការ​រាតត្បាត​សឹងតែ​ពេញ​កន្លែង​អស់ហើយ​។ ដូចនេះនៅពេលដែល​យើង​មាន​វ៉ាក់សាំង យើង​ក៏មាន​ភាពកក់ក្តៅ​ក្នុងការ​ការពារ​សរីរាង្គ​របស់​យើង​ផង ហើយក៏​អាច​ការពារ​ដល់​ទារក​នៅក្នុង​ផ្ទៃ​ផង​»​។​

លោកស្រី ឱ វណ្ណឌី​ន ថ្លែងថា អត្ថប្រយោជន៍​នៃ​ការទទួលបាន​ពី​វ៉ាក់សាំង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​ធំធេង​ណាស់ ដោយសារ​អ្នកវិទ្យាសាស្ត្រ​រកឃើញថា​មកដល់ពេលនេះ​មិនទាន់​រកឃើញ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ហើយ​មាន​ផលប៉ះពាល់​ទៅដល់​ទារក​នៅក្នុង​ផ្ទៃ​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ គេ​កំពុងតែធ្វើការ​សិក្សា​បន្ថែ​ម​ទៀត​ដោយសារ​គេ​រកឃើញថា សរីរាង្គ​បង្កើតបាន​នូវ​កងការពារ​ឬ​អង់​ទី​គ័រ​។​

លោកស្រី​បាន​បញ្ជាក់ថា៖ «​ឥឡូវ គេ​រកឃើញថា ស្ត្រី​ដែល​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ហើយ​រកឃើញថា​មាន​អង់​ទី​គ័​រ ហើយ​អង់​ទី​គ័រ​នោះ​ឃើញ​រហូត​ទៅដល់​ទងសុក​របស់​ទារក​នៅក្នុង​ផ្ទៃ​។ គេ​កំពុងតែ​ជំរុញ​ក្នុងការ​ធ្វើការ​សិក្សា​មួយទៀត​ដោយ​គេ​បាន​លើកឡើងថា លទ្ធភាព​ខ្ពស់​ណាស់ គឺ​មានន័យថា អង់​ទី​គ័​រ​ដែល​បង្កើតឡើង​ក្នុង​សរីរាង្គ​របស់​ម្តាយ តើ​វា​នឹង​អាចជួយ​ការពារ​កូន​នៅពេលដែល​កូន​កើត​ចេញមក​ដែរ​ទេ ដែល​ចម្លើយ​នេះ​គេ​កំពុងតែ​សិក្សា​បន្តទៀត​»​។​

ដោយឡែក លោកស្រី​ក៏បាន​លើកឡើង​ឱ្យដឹង​ដែរ អ្វីដែល​គេ​សិក្សា​រកឃើញ​ទៀត​នោះ គឺ​វ៉ាក់សាំង​កូ​វីដ​១៩​មិនមាន​ការបង្ក​នូវ​ហេតុការណ៍​ឬ​ផល​អាក្រក់​ណាមួយ​ទៅដល់​ផ្ទៃ​ពោះ​របស់​ស្ត្រី​នោះទេ​។​

លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា៖ «​និយាយ​ជារួម ផលចំណេញ​របស់​យើង​ច្រើន ប៉ុន្តែ​ផល​ខាត​របស់​យើង​ក៏​ច្រើន​ដែរ ប្រសិនបើ​យើង​មិន​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩»៕