បន្ទាយ​មាន​ជ័យៈ ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​ បាន​ជួយ​អន្តរាគមន៍​ភ្លាមៗ ដល់​អាជ្ញា​ធរ​ថៃ ឱ្យ​បញ្ជូន​ពលករ​ខ្មែរ​ ៣៨ នាក់ ​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​​​ត្រូវបាន​តម្រួត​ថៃ​​ចាប់​​ឃាត់ខ្លួន ​ខណៈ​ពួកគេ កំពុង​​លួច​ឆ្លង​​ដែន​ខុស​ច្បាប់​​ចូល​ទឹកដី​ថៃ​ កាល​ពី​យប់​​ថ្ងៃទី ២៤ ខែតុលា​។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែងថា កាល​ពី​​រំលង​អាធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំខេត្ត​ស្រះកែវ ​បាន​អន្តរាគមន៍​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ជួយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៣៨ នាក់ (ប្រុស ២៩ នាក់) ដែល​ត្រូវបាន​មេខ្យល់​នាំចូល​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​តាម​ច្រក​​របៀង ឱ្យបាន​ត្រឡប់មក​កម្ពុជា​វិញ​ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ក្នុង​ថ្ងៃ​ដដែល​នោះ​។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​លោក សេក សុខុម បាន​ថ្លែងថា ចំពោះ​ករណី​ពលករ ៣៨ នាក់ ដែល​ត្រឡប់​ពី​ថៃ​នោះ លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​លំអិត​នៅឡើយ​ទេ។

ប៉ុន្តែ​លោក​ថា​ ជាទូទៅ ពលករ​ខ្មែរ​ខុសច្បាប់​ ដែល​អាជ្ញាធរ​នៅ​ខេត្ត​ស្រះកែវ​ បញ្ជូន​ត្រឡប់មកវិញ​ភាគច្រើន​ មក​តាម​ច្រក​ខេត្តបន្ទាយមានជ័យ។

លោក​ថា៖«ដូច​ករណី​ពលករ​ខ្មែរ ១០៤ នាក់​ កាលពី​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ ត្រូវបាន​អាជ្ញាធរខេត្ត​ស្រះកែវ​ប្រទេស​ថៃ ប​ញ្ចូ​ន​មក​កម្ពុជា​វិញ​ តាម​ច្រក​ខេត្តបន្ទាយមានជ័យ ហើយ​បច្ចុប្បន្ន​ពួកគាត់​ក៏​កំពុង​​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ»។

លោក​និយាយ​ថា៖ «ចំពោះ​ពលករ​ខ្មែ​ដែល​ឃាត់ខ្លួន​ នៅលើ​ទឹកដី​ថៃ ហើយ​ត្រូវ​បញ្ជូនមក​ខ្មែរ​វិញ គឺ​សមត្ថកិច្ច​ជំនាញ​ គាត់​តែង​ទៅ​ជួប​ពលករ​ ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ថា តើ​គាត់​ទៅតាម​ច្រក​ណា ហើយ​អ្នកណា​ជា​មេខ្យល់»។

បើ​តាម​លោក សុខុម នៅ​ក្នុង​ឆ្នាំ ២០២១ នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេខ្យល់ និង​​បាន​បញ្ជូនទៅ​តុលាការ​​ជា​បន្ត​បន្ទាប់​។

លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស (Central) បាន​ថ្លែងថា ​ ៖«នៅពេល​ថៃ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ខ្លាំង គឺ​ពលករ​សម្រុក​មក​ខ្មែរ​វិញ ហើយក៏​មាន​ពលករ​ខ្មែរ​ខ្លះ​លួច​ចេញទៅ​ថៃ​តាម​ច្រករបៀង​ដែរ »។

ដោយឡែក​មូលហេតុ​ដែល​ពលករ​ខ្មែរ​ សម្រុក​លួច​ទៅ​ថៃ​មួយរយៈ​ចុងក្រោយ​នេះ​ មាន​កត្តា​ពីរ គឺ​កត្តា​ជំរុញ និង​កក្តា​ទាក់ទាញ។

លោក​​បញ្ជាក់​ថា៖ «កត្តា​ជំរុញ​ គឺ​ដោយសារ​គាត់​អត់​ទាន់​មាន​មុខរបរ​ច្បាស់លាស់​នៅក្នុង​ស្រុក មាន​បំណុល​ជាប់​ខ្លួន ជំពាក់​ធនាគារ​ជាដើម។ រីឯ​កត្តា​ទាក់ទាញ​ ដោយសារ​មេខ្យល់​បាន​បញ្ចុះបញ្ចូល និង​សន្យា​ជាមួយ​ពលករ​ថា​​បានការ​ងារ​ធ្វើ​នៅ​ថៃ អីចឹង​ពលករ​ចេះតែ​ចាញ់បោក​ទៅ»។

លោក តុលា សង្កេតឃើញថា បច្ចុប្បន្ន រដ្ឋាភិបាល​ក៏បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​វិស័យ​កសិកម្ម ដែលជា​ផ្នែក​មួយ​ក្នុងការ​កាត់បន្ថយ​ការ​​ធ្វើ​ចំណាកស្រុក​​ដែរ។

លោក​​បញ្ជាក់​ថា៖«ខ្ញុំ​ឃើញថា ​រដ្ឋាភិបាល​គាត់​ថា ​វិស័យ​កសិកម្ម​ មាន​សក្តានុពល​ ត្រូវតែ​អភិវឌ្ឍន៍​ឡើងវិញ​ដើម្បី​ទាក់ទាញ​កម្លាំង​ពលកម្ម។ ប៉ុន្តែ​ល្បឿន​ក្នុង​ការកសាង ជួសជុល ធ្វើឱ្យ​ប្រសើរឡើង​ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​កសិកម្ម​នៅ​យឺត​នៅឡើយ។ មួយវិញទៀត​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​កសិកម្ម​អត់​ទាន់​ឆ្លើយតប​ទេ ដោយសារ​រដ្ឋាភិបាល​ផ្តោត​ធ្ងន់ ​ទៅលើ​ក្រុមហ៊ុន​ជាជាង​កសិករ​លក្ខណៈ​គ្រួសារ»៕