ស្ទឹង​ត្រែងៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្ទឹងត្រែង​ បាន​បញ្ជូន​បុរស ៣ នាក់​ ទៅ​តុលាការ​នៅ​ថ្ងៃទី ២៥ តុលា​ ករណី​លេងល្បែង​បញ្ជល់​មាន់ ​ប្រព្រឹត្ត​នៅ​ភូមិ​រាជា​នុ​កូ​ល​ សង្កាត់-ក្រុង​ស្ទឹងត្រែង ​កាលពី​ថ្ងៃទី ២៤ តុលា។

លោក វ៉ា សុផាន់ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ប្រាប់​នៅ​រសៀល​ថ្ងៃទី ២៥ តុលា​ថា ​ជនសង្ស័យ​ទី១-ឈ្មោះ ​ពិត លក្ខណៈ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ​រស់នៅ ភូមិ​ព្រែក សង្កាត់-ក្រុងស្ទឹងត្រែង។

ទី២-ឈ្មោះ ស៊ុន សុគន្ធ ភេទ​ប្រុស អាយុ ៥០ ឆ្នាំ​ រស់នៅ​ភូមិ​បា​ចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និង​ឈ្មោះ សួន ឆៃ ឡា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ ភូមិរា​ជានុ​កូល សង្កាត់-ក្រុងស្ទឹង​ខេត្ត-ស្ទឹងត្រែង ។

លោក​បញ្ជាក់ថា​ ជនសង្ស័យ​ទាំង ៣ នាក់​ ជាប់​ពាក់ព័ន្ធ​លេងល្បែង​ភ្នាល់​បញ្ជល់​មាន់ ​ហើយ​ពួកគេ​ត្រូវបាន​លោក​កសាង​សំណុំរឿង​ បញ្ជូនទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង ​នៅ​ថ្ងៃទី ២៥ តុលា។

ចំពោះ​វត្ថុតាង​វិញ​ មាន​ម៉ូតូ​ចំនួន ១១ គ្រឿង ​ដែល​អ្នកលេង​​បញ្ជល់​មាន់​រត់ចោល និង​មាន់​ជល់ ១ ក្បាល។

លោក​សង្កត់ធ្ងន់ ១ ថា៖ «ក្រុម​ជនសង្ស័យ ​ខ្ញុំ​ដឹក​ទៅ​តុលាការ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃនេះ ​(ថ្ងៃទី ២៥ តុលា)។ ប្រហែលជា​តំណាង​អយ្យការ​សួរ​មិនទាន់​ចប់​ទេ​ ព្រោះ​ជនសង្ស័យ​មាន ៣ នាក់​ឯណោះ»។

លោក​ ឈូក កុ​ម៉​ល់ អធិការនគរបាល​ក្រុង​ស្ទឹងត្រែង​ ប្រាប់​នៅ​រសៀល​ថ្ងៃទី ២៥ តុលា​ថា ​មុន​មានការ​បង្ក្រាប​ល្បែង​បញ្ជល់​មាន់​នេះ​ គឺ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្ទឹងត្រែង​ បានធ្វើការ​ស្រាវជ្រាវ​តាមរយៈ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងត្រែង​ ហើយ​បាន​ដឹងថា ​នៅ​ចំណុច​ភូមិ​រាជា​នុ​កូ​ល​ ក្នុង​សង្កាត់​ស្ទឹងត្រែង ​មានករណី​​លួចលាក់​បញ្ជល់​មាន់។

លុះ​នៅ​រសៀល​ថ្ងៃទី ២៤ តុលា​ ក៏​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ ចុះបង្ក្រាប​តែម្តង។ លោក​ថា៖ «ករណីនេះ​ខាង​ខ្ញុំ​ គ្រាន់តែ​សហការ​បង្ក្រាប​ទេ។ ចំណែក​នីតិវិធី​ពាក់ព័ន្ធ​តុលា​ គឺ​ខេត្ត​គាត់​អ្នកធ្វើ»៕