ភ្នំពេញៈ ប្រជាពលរដ្ឋ​​មួយ​ចំនួនក្នុង​តំបន់​ទំនាប​ ដែល​នៅ​កៀក​នឹង​ស្ទឹង​ព្រែក​ត្នោត​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល និងខណ្ឌដង្កោ បាននាំគ្នា​ជម្លៀស​ចេញពី​លំនៅឋាន​របស់ខ្លួន​ជាបណ្ដើរៗហើយ ​នៅ​រសៀល​ថ្ងៃទី ២៥ តុលា ឆ្នាំ ២០២១ ខណៈ​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​ជន់​ឡើងលើ​ស​ពី​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន។

ចំពោះ​ការគំរាមកំហែង​ ពី​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នាពេលនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​​ឲ្យ​ក្រសួង​ធនធានទឹក និងឧតុនិយម និង​ស្ថា​ប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជួយ​អន្តរាគមន៍​បង្វែរ​ផ្លូវទឹក កុំ​ឲ្យ​ជន់​លិច​ចូលក្នុង​រាជធានី​ភ្នំពេញ បើ​ពុំនោះ​ទេ ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យសេដ្ឋកិច្ច និងសង្គម​ ។

លោ​បាន​បញ្ជាក់ថា៖ «យើង​មិន​គេចវេស​ពី​បញ្ហា​នោះទេ ប៉ុន្តែ​បើ​គិតពី​បញ្ហា​សេដ្ឋកិច្ច ខណៈ​លិច​រាជធានី​ភ្នំពេញ វា​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ជាង​នៅតាម​ខេត្ត​ពាក់ព័ន្ធ»។

ទន្ទឹមនឹងនេះ លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ ​នៃ​មន្ទីរ​ធនធានទឹក និងមន្ទីរ​សាធារណការ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធ​ទាំង៣ប្រភេទ​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមសហការ​គ្នា​ឲ្យ​បានល្អ​ជាមួយ​មន្ត្រី​ជំនាញ មន្ទីរ​ធនធានទឹក និងមន្ទីរ​សាធារណការ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ធ្វើការ​ជីក​កាយ​ប្រឡាយ​បង្វែរ​ផ្លូវទឹក និង​ទប់​ជា​ទំនប់​ឲ្យ​បាន​រឹងមាំ ធ្វើយ៉ាងណា​បញ្ចៀ​ស​ឲ្យ​បាន​នូវ​ហានិភ័យ​នៃ​គ្រោះទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ កុំ​ឲ្យ​ហូរ​ចូលមក​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​​បន្ថែមថា៖ «ការគ្រប់គ្រង​ហានិភ័យ​ នៃ​គ្រោះមហន្តរាយ​នៃ​ជំនន់​ទឹកភ្លៀង គឺ​មិន​ងាយស្រួល​ដូច​ជំនន់​ទឹកទន្លេ​នោះទេ ប៉ុន្តែ​យើង​ត្រូវតែ​ខិតខំ​ពុះពារ​ធ្វើការ​ទប់ទល់ ដោយ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​នេះ»។

នៅ​ល្ងាច​ថ្ងៃ​ ២៥​ តុលា​ លំនៅឋាន​ពលរដ្ឋ​ និង​ទី​អារាម​មួយចំនួន​ក្នុង​ខណ្ឌដង្កោ និងខណ្ឌ​កំបូល កំពុង​ទទួលរង​នូវ​ការលិចលង់ ហើយ​ពលរដ្ឋ​មួយចំនួន បាននាំគ្នា​ជម្លៀស​ចេញពី​ផ្ទះ​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​ជា​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការផ្សេងៗជាយថាហេតុ។

ស្របពេល​ជាមួយគ្នានេះ អាជ្ញាធរ​នៃ​ខណ្ឌ​ទាំង ២ បានចេញ​សេចក្ដីជូនដំណឹង ដោយបាន​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​កំពុង​បន្ត​ការរស់នៅ​ក្នុង​លំនៅឋាន ដែល​ហ៊ុំ​ព័ន្ធ​ដោយ​ទឹកជំនន់​នេះ បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ​ដើម្បី​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព ក្នុងករណី​ទឹក​ជន់​លិច​កាន់តែខ្លាំង​ជាង​នេះ។

យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌដង្កោ ចុះ​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ គ្រប់​សង្កាត់​ទាំងអស់ ក្នុង​ខណ្ឌដង្កោ នឹងមាន​បញ្ហា​ប្រឈម​ខ្ពស់​ ចំពោះ​គ្រោះ​ទឹក​ជំនន់​ទឹកភ្លៀង និង ទឹកស្ទឹង​ព្រែក​តោ្ន​ត ខណៈ​វត្ត​ចំនួន​ ៣ បាន​រង​ការលិចលង់​រួចទៅហើយ គឺ វត្ត​សាក់​សំពៅ, វត្ត​ចំការ​ខ្សាច់ និង​វត្ត​ព្រែក​ជ្រៃ។

ចំណែក​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​កំបូល បាន​បង្ហាញថា​ កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោត បាន​កើនឡើង​ខ្ពស់​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃជាប់ៗគ្នា និង​កំពុង​ជន់​លិច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ជា​ច្រើន​គ្រួសារ ដែល​រស់​នៅតាម​បណ្តោយ​ ស្ទឹង​ព្រែក​ត្នោត ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ប្រទះ​ឡាង និង​សង្កាត់​បឹង​ធំ។

ការ​ហក់​ឡើង​ខ្លាំង​នៃ​​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ​ គឺ​ដោយសារតែ មានការ​បើកទ្វារ​ទឹក នៅ​ខេត្តកំពង់ស្ពឺ​ ដែល​ធ្វើឱ្យ​ទឹក​ហក់​ឡើង​ខ្លាំង​និង​បានធ្វើ​ឱ្យមាន​ការគំរាមកំហែង​ ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌដង្កោ​។

យោងតាម​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ថ្ងៃទី ២៥ តុលា នៅ​ស្ថានីយ​ពាម​ឃ្លៃ ទឹក​មាន​កម្ពស់ ៧,៦០ ម៉ែត្រ​កើនឡើង ០,៩៦ ម៉ែត្រ​ បើ​ធៀប​ទៅនឹង​ថ្ងៃទី ២៤ ខែតុលា ខណៈ​នៅ​ស្ថានីយ ទំនប់​រលាំង​ជ្រៃ​កម្ពស់​ទឹក​ខាងមុខ​ទ្វារ​ស្មើ នឹង ៧,៨៦ ម៉ែត្រ កើនឡើង​លើស​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ០,៨៦ ម៉ែត្រ​ ដែល​តម្រូវ​ឲ្យ​មានការ​បើកទ្វារ​ទឹក​ ដើម្បី​រំដោះ​ទឹក​ចេញ​ការពារ​បាក់ស្រុត​ខ្នង​ទំនប់។

ចំណែក​នៅ​ទំនប់៧មករា កម្ពស់​ទឹក​ខាងមុខ​ទ្វារ មាន​កម្ពស់​ ៦,០៩ ម៉ែត្រ កើន​ឡើងលើ​ស​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ័ត្ន​ ១,២៩ ម៉ែត្រ ដែល​នាំ​ឲ្យ​ទឹក​ហូរ​កាត់​ទំនប់​បង្ហៀរ ហើយ​ស្ថានភាព​ទឹក​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​ កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ​ស្មើមាន​កម្ពស់​ ៨,៩០ ម៉ែត្រ កើនឡើង ០,៧០ ម៉ែត្រ បើ​ធៀប​កាលពី​ថ្ងៃទី ២៤ ខែតុលា៕

វីដេអូ៖