ព្រះសីហនុៈ អាជ្ញាធរ​មីន និង​សមាគម​ជួយសង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា​នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី​ ២៥ តុលា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​កៀរគរ​ធនធាន​ពី​អ្នកវិនិយោគ​ជនជាតិ​ចិន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​ឱ្យ​អស់ពី​ខេត្ត​ព្រះសីហនុ ខណៈ​រាជរដ្ឋាភិបាល បានកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​នេះ ជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។

ការចុះ​អនុស្សរណៈ​នេះ ធ្វើឡើង​នៅ​ខេត្ត​ព្រះសីហនុ​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​ និង​លោក​ គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ និង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ដោយ​លោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរ​មីន និង​លោក Wang Jiang ប្រធាន​សមាគម​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា​នៃ​ប្រទេស​ចិន​។

លោក លី ធុជ បាន​ថ្លែងថា អាជ្ញាធរ​មីន​ដោយ​បាន​ទទួល​នូវ​គោលការណ៍​អនុញ្ញាត​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន​កាលពី​ថ្ងៃទី​ ៦ ​ខែកញ្ញា​ឆ្នាំ​ ២០២១ ក្នុង​ការសាកល្បង​ចលនា​កៀរគរ ធនធាន​នានា​ពី​មិត្ត​ជនជាតិ​ចិន ដើម្បី​គាំទ្រ​ដល់​ការបញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ពិធី​ចុះហត្ថលេខា​លើក​ទី​ ១ សម្រាប់​វិស័យ​មីន​នៅ​កម្ពុជា​ជាមួយ​មិត្ត​ចិន​ក្នុង​ការកៀរគរ​ធនធាន​ពី​វិស័យ​ឯកជន​ជនជន​ជាតិចិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ពិធី​នេះ​បានកើត​ចេញពី​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជា​អមតៈ ពុំ​អាច​កាត់ថ្លៃ​បាន​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ពោរពេញ​ដោយ​ភាពជិតស្និទ្ធ​ប្រៀបដូចជា​អណ្តាត​ និង​ធ្មេញ ដែល​មិនអាច​បំបែក​គ្នា​បាន​រវាង​ព្រះរាជាណាចក្រ កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។

លោក​បន្តថា សម្រាប់​វិស័យ​មីន​នៅ​កម្ពុជា​វិញ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចូលរួម​ជាមួយ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៥ ដោយបាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា​សម្ភារ​បច្ចេកទេស​ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។ នៅ​ថ្ងៃ​ ២៥ តុលា​គឺជា​ថ្ងៃមួយ​យ៉ាងសំខាន់​នៃ​ការជួយ​គាំទ្រ​ពី​មិត្ត​ចិន តាមរយៈ​សមាគម​ជួយសង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា​ក្នុង​ការចាប់ផ្ដើម​យុទ្ធនាការ​ចូលរួម​ជំរុញ​ឱ្យ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ឈាន​ឆ្ពោះទៅ​បញ្ចប់​ការគំរាម​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យ​បាន​ឆាប់​ និង​ចូលរួម​ធានា​សុខ​សុវត្ថិភាព ជូន​ចំពោះ​ប្រជាពលរដ្ឋ​ និង​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ផងដែរ​។

លោក Wang Jiang ប្រធាន​សមាគម​ជួយសង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា​ថ្លែងថា សមាគម​នេះ​បាន​ចុះបញ្ជី​សមាគម​នៅ​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ​ ២០២០​។ ប៉ុន្ដែ​សមាគម​បាន​សហការ​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​មីន តាំងពី​ខែមិថុនា​ឆ្នាំ​ ២០១៩ ក្នុងការ​ស្វែងយល់​ពី​សកម្មភាព​មីន និង​ចូលរួម​ត្រៀម​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូដ​ ១៩​។

លោក​បាន​ថ្លែងថា​៖ «​ថ្មីៗ​នេះ ដោយមាន​ការឯកភាព​ដ៏ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សមាគម​ជួយសង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា​មាន​មហា​កិត្តិយស​ដ៏ឧត្តុងឧត្តម​ដែល​សម្ដេច​តេជោ​បាន​ផ្តល់​នូវ​សេចក្តី​ទំនុកចិត្ត មកលើ​សមាគម​យើងខ្ញុំ​ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កៀរគរ​ថវិកា ពី​អង្គការ​សង្គម​ស៊ីវិល សមាគម​ដទៃទៀត និង​ធុរជន​ជនជាតិ​ចិន សម្រាប់​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅរក​ខេត្ត​នេះ​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥»​។

លោក​បន្តថា អនុស្សរណៈ​នេះ​បានបង្ហាញ​ពី​ការចាប់ផ្តើម​ចូលរួម​វិស័យ​សកម្មភាព​មីន​របស់​សមាគម​លោក​ដែល​ការងារ​នេះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សកម្មភាព​មនុស្សធម៌ ហើយ​វា​តម្រូវ​ឱ្យ​មាន​ការចូលរួម​ទាំងអស់គ្នា គិត​ទាំងអស់​គ្នា ធ្វើ​ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទាំងអស់​។

លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា បញ្ហា​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ឱ្យបាន​ច្រើន ព្រោះ​វា​ជា​បញ្ហា​មួយ​ដ៏ចម្បង ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ខេត្ត ហើយ​វា​ក៏បាន​បំផ្លាញ​ធនធាន​សង្គម និង​ធ្វើឱ្យ​ពលរដ្ឋ​ស្លាប់​ និង​ពិការ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាជ្ញាធរ​មីន និង​សមាគម​ជួយសង្គ្រោះ​ប្រជាជន​នៅ​កម្ពុ​ជានា​ថ្ងៃនេះ​នឹង​ជួយ​លុបបំបាត់​ក្តីបារម្ភ​ដូច​បាន​ជម្រាបជូន​ខាងលើ​»​។

បើតាម​លោក គួច ចំរើន ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី​សរុប​​ប្រមាណ​ ២៦៥៨,៩០ ​គីឡូម៉ែត្រ​ក្រឡា​ក្នុង​នោះ​មាន​ចម្ការមីន​ និង​ចម្ការ​គ្រាប់​ទំហំ​ ៥,៥ គីឡូម៉ែត្រ​ក្រឡា​ស្មើនឹង ៤៨ ​ចម្ការមីន​/​គ្រាប់​។ ចម្ការ​ទាំងអស់នេះ​មិនបាន​បោសសម្អាត​នៅឡើយ​ទេ ដែលជា​ក្តី​ព្រួយបារម្ភ​ទើប​អាជ្ញាធរ​មីន​ខិតខំ​ខ្នះខ្នែង​កៀរគរ រក​ជំនួយ​ពី​ដៃគូ​គាំទ្រ​លើ​វិស័យ​មីន​។

លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​កំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​សម្រាប់​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ គឺ​រៀបចំ​និង​អភិវឌ្ឍ​ «​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រកចេញចូល​អន្តរជាតិ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ជាតិ​ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សកលលោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ដែលមាន​សុខដុម​នីយកម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​» ដោយ​ផ្អែកលើ​សក្តានុពល​សេដ្ឋកិច្ច​ទីតាំង​ភូមិសាស្ត្រ​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ និង​ក្របខ័ណ្ឌ​ជាតិ​តំបន់​ និង​អន្តរជាតិ​។

បើតាម​អាជ្ញាធរ​មីន​ប្រទេស​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​ជា​លទ្ធផល​នៃ​សង្គ្រាមរ៉ាំរ៉ៃ​អូសបន្លាយ​នៅក្នុង​ប្រទេស​ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ រហូតមកដល់​ចុងឆ្នាំ​ ១៩៩៨​។ បញ្ហា​មីន គ្រាប់បែក​ចង្កោម​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​មាន​លក្ខណៈ​ស្មុគស្មាញ​យ៉ាងខ្លាំង ដោយសារ​សង្គ្រាមស៊ីវិល​ និង​សង្គ្រាម​ពី​ខាងក្រៅ​។ ដោយឡែក ខេត្ត​ព្រះសីហនុ​ក៏​ជា​ខេត្ត​មួយ​បាន​រងគ្រោះ​ដោយសារ​សង្គ្រាម​ដ៏ធ្ងន់ធ្ងរ​៕