កំពតៈ សហគមន៍​នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ខេត្តកំពត បាន​ចុះ​ប្រមូល​សម្បក​ថ្នាំពុល​គីមីកសិកម្ម​ពី​ក្នុង​ធុង​ស្តុក​ពណ៌​បៃតង នៅតាម​វាលស្រែ យក​ទៅដាក់​ក្នុង​អាងស្តុក​ធំ​ក្នុង​ទីលាន​ចាក់សំរាម​របស់​ស្រុក​កំពង់ត្រាច ដើម្បី​ធ្វើឱ្យ​សត្វ​ក្រៀល​នៅ​តំបន់​ទេសភាព​នេះ​មាន​សុវត្ថិភាព​។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២១ ខែតុលា​ថា ការគ្រប់គ្រង់​សំណល់​ថ្នាំពុល​គីមីកសិកម្ម គឺជា​សកម្មភាព​ដ៏សំខាន់​មួយ ដើម្បី​ធ្វើឱ្យ​តំបន់​ទេសភាព​អន្លង់ព្រីង​ក្លាយជា​តំបន់​ដែល​មាន​សុវត្ថិភាព សម្រាប់​សត្វ​ក្រៀល​។ សកម្មភាព​នេះ​រួមចំណែក​ក្នុង​ការកាត់បន្ថយ​សម្ពាធ និង​ផលប៉ះពាល់​របស់​វា​ទៅលើ​តំបន់​ដីសើម ប្រភពទឹក​ប្រើប្រាស់ សុខភាព​សហគមន៍ និង​ជីវចម្រុះ​។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់​ថា យោងតាម​ពិធីសារ​សម្រាប់​ប្រមូល និង​ទុកដាក់​កាកសំណល់​កាលពី​ថ្ងៃទី​ ២៤ ខែ តុលា ឆ្នាំ​ ២០២១ គណៈកម្មការ​គ្រប់គ្រង​សំណល់​រឹង​របស់​សហគមន៍​នា​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ដោយ​មាន​ការចូលរួម​ពី​លោកនាយក​តំបន់​ការពារ​ផង បាន​ចុះ​ប្រមូល​សម្បក​ថ្នាំពុល​គីមីកសិកម្ម​តាម​ធុង​ស្តុក​ពណ៌​បៃតង​ដែល​បាន​សាងសង់​នៅតាម​វាលស្រែ​របស់​ប្រជាជន​ចំនួន​ ៨ ​កន្លែង ស្ថិតនៅ​ភូមិ​កោះត្នោត និង​ភូមិ​ព្រះទ្រហឹង ក្នុង​ឃុំ​ព្រែកក្រឹស​។ សម្បក​ថ្នាំពុល​ទាំងនោះ​ត្រូវបាន​យកទៅ​ទុកដាក់​នៅក្នុង​អាង​ស្តុក​ធំ​ក្នុង​ទីលាន​ចាក់សំរាម​របស់​ស្រុក​កំពង់ត្រាច អាស្រ័យ​ដោយ​ធុង​ទាំងនោះ​ជិត​ពេញ​ហើយ​។

ប្រភព​ដដែល​បញ្ជាក់ថា តាមរយៈ​បរិមាណ​នៃ​សំណល់​ដែល​គណៈកម្មការ​នេះ​បាន​ប្រមូល​ជា​ញឹកញាប់​បាន​ឱ្យ​ដឹងថា ប្រជាជន​ក្នុង​តំបន់​នេះ ស្ទើរតែ​ទាំងអស់ បាន​យក​សម្បក​ថ្នាំពុល​គីមី​កសិកម្ម​ទុកដាក់​ក្នុង​ធុង​បៃតង​តាម​ក្បាល​ស្រែ​ទាំងនេះ​។ នេះ​ជា​លទ្ធផល​បង្ហាញថា ប្រជាជនមាន​ការយល់​ដឹង​ពី​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ការទុក​ដាក់​សម្បក​ថ្នាំពុល​គីមីកសិកម្ម​មិនបាន​ត្រឹមត្រូវ​ទៅលើ​ជីវចម្រុះ​ប្រភពទឹក និង​សុខភាព​ផងដែរ​។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​សហការ​ជាមួយ​អង្គការ​ដៃគូ សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​បានរៀបចំ​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​សម្បក​ថ្នាំពុល​គីមីកសិកម្ម ដោយ​សហគមន៍​មូលដ្ឋាន​នៅ​តំបន់​ទេសភាព​អន្លង់ព្រីង​ចាប់តាំងពី​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​មាន​សកម្មភាព​ដូចជា ការរៀបចំ និង​ការកសាង​សមត្ថភាព​គណៈកម្មការ​គ្រប់គ្រង​សំណល់ ការសាងសង់​ធុង​ស្តុក​ពណ៌​បៃតង​នៅតាម​ក្បាល​ស្រែ និង​អាង​ស្តុក​ធំ ការអប់រំ​ផ្សព្វផ្សាយ និង​ការចងក្រង​ពិធីសារ​សម្រាប់​ប្រមូល និង​ទុកដាក់​កាកសំណល់​ជាដើម​។

គម្រោង​អភិរក្ស និង​គ្រប់គ្រង​តំបន់​ការពារទេសភាព​អន្លង់ព្រីង​ស្ថិតក្រោម​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា និង​អង្គការ WWT​។

លោក​ ប៊ូ វរសក្ស តំណាង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​ជា​នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៥ ខែតុលា​ថា ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​ថ្នាំពុល​គីមី​នៅ​ទីតាំង​នេះ គឺ​ដើម្បី​ឱ្យ​ស្រូវ​ដែល​បន្សល់ទុក​នៅ​ទីតាំង​ដែល​សត្វ​ក្រៀល​ចុះទៅ​រក​ចំណី​មាន​សុវត្ថិភាព ព្រមទាំង​បាន​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ទៅដល់​ការដាក់​សម្ពាធ​ដល់​ជីវចម្រុះ ក៏ដូចជា​សុខភាព​របស់​ប្រជាសហគមន៍​ផងដែរ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង បាន​យើង​រៀបចំ​ប្រព័ន្ធ​នេះ​ឡើង គឺ​យើង​ធ្វើ​ដោយ​សហគមន៍​ខ្លួនឯង យើង​មាន​គណៈកម្មការ យើង​កំណត់​ទីតាំង​មិន​ឆ្ងាយ​អំពី​ស្រែ​របស់​ប្រជាជន​ដែល​គាត់​បាញ់ថ្នាំ​ហើយ​យក​សម្បក​ហ្នឹង​មក​ទុកដាក់​»​។

លោក ប៊ូ វរសក្ស បន្តថា ក្រោយពី​អនុវត្ត​ប្រព័ន្ធ​នេះ​ជិត​ ៣ ​ឆ្នាំ ប្រជាជនមាន​ការយល់​ដឹង ហើយ​បាន​យក​សំណល់​ទាំងនេះ មក​ដាក់​ក្នុង​ធុង​ពណ៌​បៃតង​ទាំងនេះ​ពេញៗ រីឯ​អាង​ស្តុក​ធំ​នេះ ក៏​ស្ទើរតែ​ពេញ​ទៅទៀត ហើយ​អង្គការ​របស់លោក​ត្រូវការ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ធ្វើការ​រំលាយ​កាកសំណល់​ទាំងនេះ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ទី​ ២៥ តុលា​ថា ការរៀបចំ​ធុង​ដាក់​កាកសំណល់​ថ្នាំ​គីមីកសិកម្ម​នេះ គឺជា​ការយកចិត្ត​ទុកដាក់​ដ៏ធំ​មួយ​របស់​អ្នក​អភិរក្ស​សត្វ​ស្លាប ដើម្បី​ចៀសវាង​ការបោះចោល​ពាសវាល​ពាសកាល​នូវ​កាកសំណល់​ថ្នាំពុល​គីមីកសិកម្ម​នៅ​តំបន់​ការពារ​ទេសភាព​នេះ​ដែលមាន​សត្វ​ក្រៀល​រក​ចំណី​។

លោក​ថ្លែងថា​៖ «​ការគិតគូរ​អំពី​ការគ្រប់គ្រង​កាកសំណល់​ថ្នាំពុល​គីមី​ហ្នឹង ក៏​ជា​ផ្នែក​មួយ​សំខាន់​ ដើម្បី​កុំឱ្យ​មាន​ការបំពុល​ទៅដល់​ប្រភេទ​សត្វ​ផ្សេងៗ ហើយ​ធ្វើឱ្យ​អន្តរាយ​ដល់​ប្រភេទ​ពូជ​សត្វ​ដែលជា​ប្រភេទ​សត្វ​កម្រ​។ យើង​ជំរុញ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ថ្នាំពុល​គីមី​កសិកម្ម​ហ្នឹង សូមឱ្យ​មេត្តា​យកទៅដាក់​ក្នុង​ធុង​ដែលមាន​ការបិទ​ជិត​ដើម្បី​កុំឱ្យ​មាន​ការរីកសាយ​ភាយ​ទៅដល់​ទឹក ឬក៏​ចំណី​របស់​សត្វ​»៕