កំពតៈ អភិបាលខេត្ត​កំពតថ្មី លោក​ ម៉ៅ ធនិន ប្រកាស​បើក​ការស៊ើបអង្កេត​ជុំវិញ​ភាពមិន​ប្រក្រតី​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ក្នុង​ស្រុក​ដងទង់ ពាក់ព័ន្ធ​ករណី​លួច​លក់​ដី​អាង​ស្តុក​ទឹក​ដែលជា​សម្បត្តិ​រដ្ឋ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​លុប​ធ្វើការ​អភិវឌ្ឍ​ធ្វើជា​បុរី​។

កាលពី​ថ្ងៃទី​ ២៤ តុលា លោក​ ម៉ៅ ធនិន បើក​វេទិកាសាធារណៈ​ក្នុង​បរិវេណ​សាលាស្រុក​ដងទង់​ជាមួយ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ ៤ ​គ្រួសារ និង​ក្រុមហ៊ុន សេង សម្បត្តិ ដែល​មានការ​ចោទថា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មួយចំនួន​នៅក្នុង​ស្រុក​លួច​លក់​ដី​អាង​ស្តុក​ទឹក​ដែលជា​សម្បត្តិ​រដ្ឋ ស្ថិតនៅ​ភូមិ​សុភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត​។

ក្នុងឱកាស​នោះ លោក​ ម៉ៅ ធនិន បាន​បើកឱកាស​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ និង​តំណាង​ក្រុមហ៊ុន សេង សម្បត្តិ ព្រមទាំង​អាជ្ញាធរ​ដែនដី​តទល់​គ្នា​ជា​សាធារណៈ និង​បាន​ដោះស្រាយ​ឱ្យ​ជម្លោះ​រវាង​ភាគី​ទាំង​ ២ បានបញ្ចប់ ដោយ​សម្រេច​ឱ្យ​ពលរដ្ឋ​ចំនួន​ ៤ ​គ្រួសារ ដែល​មិន​យល់ព្រម​លក់​ដី​ឱ្យ​ក្រុមហ៊ុន​មាន​សិទ្ធិ​កាន់កាប់​អាស្រ័យផល​លើដី​របស់ខ្លួន​ឡើងវិញ ក្រោយពី​ក្រុមហ៊ុន​បាន​ឈូសឆាយ​រំលោភបំពាន​។

ចំណែក​ក្រុមហ៊ុន សេង សម្បត្តិ ដែល​បាន​ទិញ​សិទ្ធិ​កាន់កាប់​អាស្រ័យផល​បន្ត​ពី​ប្រជាពលរដ្ឋ​ចំនួន​ ១៩ ​គ្រួសារ​លើ​ផ្ទៃដី​ប្រមាណ​ ១០ ​ហិកតា សម្រេច​ឱ្យមាន​សិទ្ធិ​កាន់កាប់​អាស្រ័យផល​លើដី​ទាំងនេះ​បន្ត និង​តម្រូវឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការវិនិយោគ​លើដី​ទាំងនេះ​បណ្តោះអាសន្ន ខណៈ​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​មិន​ស្របច្បាប់​។ ក្រៅពីនេះ​លោក​ ម៉ៅ ធនិន ក៏បាន​ប្រកាស​ជា​សាធារណៈ​រក្សាទុក​អាង​ស្តុក​ទឹក​ដែលមាន​ប្រយោជន៍​ដ៏ធំធេង​នេះ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឱ្យនៅ​ដដែល​ផងដែរ​។ ​ក្នុងករណី​ដែល​ក្រុមហ៊ុន សេង សម្បត្តិ ចង់​ធ្វើការ​អភិវឌ្ឍ​តំបន់​នេះ​ទៅជា​បុរី​បន្ត គឺ​ត្រូវដាក់​សំណើ​ទៅ​ថ្នាក់​ខេត្ត​ ដើម្បី​ធ្វើការ​ពិនិត្យ និង​សម្រេច​ជាថ្មី​។

ក្រៅពី​បានសម្រេច​បែបនេះ​លើ​ភាពមិនប្រក្រតី​ជុំវិញ​សកម្មភាព​របស់​មន្ត្រី​ពាក់ព័ន្ធ​ដែល​ឃុបឃិត​រៀបចំ​ឯកសារ​ខុសច្បាប់ លោក​ ម៉ៅ ធនិន ក៏បាន​អះអាង​ដែរ​ថា​លោក​នឹង​បន្ត​បើក​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​អ្នកប្រព្រឹត្ត​កំហុស​មក​ទទួល​ទោសទណ្ឌ​តាមច្បាប់ ខណៈ​លោក​មាន​ភ័ស្តុតាង​ និង​ឯកសារ​គ្រប់គ្រាន់​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​ជាមួយ​ការដូរ​ប្រភេទ​ដី​ពី​ដី​កសិកម្ម​មកជា​ដី​លំនៅឋាន អាជ្ញាធរ​កម្រិត​ខេត្ត មាន​សិទ្ធិ​ផ្តល់​សិទ្ធិ​ត្រឹម​ ៣ ​ហិកតា​ចុះ​។ ចុះ​ហេតុអ្វី​បាន​រឿងនេះ​ដី​ជាង​ ១០ ​ហិកតា​មាន​សិទ្ធិ​ប្តូរ​ប្រភេទ​ដី ហើយ​ផ្តល់​លទ្ធភាព​ពុះ​ជា​ដីឡូត៍​? តើ​ចំណុច​នេះ​ច្បាប់​ចេញពី​ណា​មក​? ដោះ​ក្តី​នេះ ឯកសារ​គ្រប់គ្រាន់​ទាំងអស់ នៅក្នុង​ដៃ​ខ្ញុំ​ពី​ដើម​រហូតដល់​ចប់​»​។

លោក​ថា​៖ «​ចំពោះ​លិខិតស្នាម ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​បុគ្គល ដែលមាន​សមត្ថកិច្ច​ [​ខ្ញុំ​] នឹង​បើក​ការស្រាវជ្រាវ​ទៅលើ​ផ្លូវច្បាប់​។ តើ​មន្ត្រី​ណា​ម្នាក់ ដែល​បាន​អនុវត្ត​ផ្ទុយ​ពី​ការងារ​ច្បាប់ គឺ​ [​ខ្ញុំ​] ​ត្រូវមាន​វិធានការ​រដ្ឋបាល​។ ខ្ញុំ ក៏​សុំទោស​លោកយាយ លោកតា​យើង​ដែរ​នូវ​កំហុស​របស់​បុគ្គល​មាន​តួនាទី​ហើយ ធ្វើឱ្យ​បងប្អូន​មិន​សប្បាយចិត្ត​។ យើង​សុំ​បញ្ចប់ (​ជម្លោះ​) ​ត្រឹម​ថ្ងៃនេះ​ចុះ​»​។

ការសម្រេច​បែបនេះ​ជា​សាធារណៈ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​ពលរដ្ឋ​រងគ្រោះ ដែល​បាន​ចូលរួម​វេទិកាសាធារណៈ​បង្ហាញ​ការសាទរ និង​ក្តីសប្បាយ​រីករាយ ខណៈ​តំណាង​ក្រុមហ៊ុន សេង សម្បត្តិ ដែល​បាន​ចូលរួម​ដែរនោះ​ក៏បាន​ឯកភាព​ផងដែរ​។

លោក​ យឹម ផល្លី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំខេត្ត​កំពត​ថ្លែងថា ចំណាត់ការ​នីមួយៗ​នៃ​ការដោះស្រាយ​របស់​អភិបាលខេត្ត​ថ្មី សុទ្ធតែ​អាច​ទទួល​យក​បាន ហើយ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ភាពកក់ក្តៅ​។

លោក​អះអាងថា នឹង​បន្ត​ឃ្លាំមើល​ទៀត​ដើម្បីឱ្យ​ប្រាកដថា​អ្នកប្រព្រឹត្ត​កំហុស​នឹងត្រូវ​ទទួលទោស​តាមច្បាប់​ឱ្យខាងតែបាន​។

លោក​បញ្ជាក់ថា​៖ «​រឿងនេះ បើ​យើង​និយាយ​ពី​ច្បាប់​វិញ ចំពោះ​អ្នក​ក្លែង​លិខិត​សាធារណៈ គឺ​ត្រូវមាន​ការទទួល​ខុសត្រូវ​ទៅតាម​ច្បាប់ព្រហ្មទណ្ឌ​។ ព្រោះ​ច្បាប់​អនុញ្ញាត​ត្រឹម​ ៣ ​ហិកតា ហេតុអ្វី​បាន​ដី​ជាង​ ១០ ​ហិកតា អាច​បំប្លែង​ពី​ដី​កសិកម្ម ទៅជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​បាន​?​។ អ៊ីចឹង​ករណីនេះ បើ​មាន​ការក្លែង​លិខិត​ណាមួយ ច្បាប់​នឹង​ធ្វើការ​ស្រាវជ្រាវ និង​ដាក់ទោស​ទៅលើ​បុគ្គល​ដែល​បាន​ចូលរួម​ចេញ​លិខិត​ទាំងនេះ ហើយ​អ្នក​ដែល​យក​ឯកសារ​នេះ​ទៅ​ប្រើប្រាស់ ដែលមាន​ការរួម​គំនិត​ក៏​ត្រូវ​ទទួលទោស​ដែរ​»៕

វីដេអូ៖