ឧត្តរមានជ័យៈ បុរស​វ័យ ២៥ ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ខ្ទុំ សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​រងរបួស​ធ្ងន់​ដាច់​ជើងឆ្វេង និង​របួស​ដៃ​ឆ្វេង​ដោយសារ​គ្រោះថ្នាក់​ជាន់មីន​ប្រឆាំង​មនុស្ស​ពេល​កំពុង​ដើររក​ដំឡូងមី​ក្នុង​ចម្ការ​ស្ថិតនៅ​ចំណុច​ក្បែរ​ជើងភ្នំ​ដងរែក ក្នុង​ភូមិ​ដងទង់ សង្កាត់​កូនក្រៀល ក្រុង​សំរោង បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​។ នេះ​បើ​យោងតាម​ការឱ្យ​ដឹងពី​លោក លឿង ណុច ចៅសង្កាត់​កូនក្រៀល​។

លោក លឿង ណុច បានឱ្យដឹងថា ជនរងគ្រោះ​រូបនេះ គឺជា​សាច់ញាតិ​របស់​មន្ដ្រី​ក្រុមប្រឹក្សា​សង្កាត់ សង្កាត់​កូនក្រៀល ហើយ​កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ២០២១ ជនរងគ្រោះ​រួមជាមួយ​អ្នកភូមិ​ផ្សេងទៀត​បាន​នាំគ្នា​ទៅរក​ដំឡូង​នៅក្នុង​ព្រៃ​ចំណុច​ភូមិ​ដងទង់ សង្កាត់​កូនក្រៀល ក្រោយមក​ឈ្មោះ រឿន ថន អាយុ​ ២៥ ​ឆ្នាំ​ដែលជា​ជនរងគ្រោះ​បាន​ដើរ​វង្វេង​ក្រុម​ចូលទៅ​ក្នុងព្រៃ​តែម្នាក់ឯង ទើប​បណ្ដាល​ឱ្យ​រងគ្រោះថ្នាក់​ដោយសារ​ជាន់មីន​ប្រឆាំង​មនុស្ស​នេះ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​គាត់ [​ជនរងគ្រោះ​] កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ប៉ុន្ដែ​ស្ថានភាព​បាន​ធូរស្រាល​បន្ដិច​ហើយ​។ ដំបូង​ឡើយ​ជនរងគ្រោះ​ និង​អ្នកភូមិ​ផ្សេងទៀត​ដើររក​ដំឡូងមី​ទេ ប៉ុន្ដែ​ជនរងគ្រោះ​ក៏​ដើរចូល​ព្រៃ​នៅក្បែរ​ជើងភ្នំ​ដងរ៉ែក​តែម្នាក់ឯង មួយ​សន្ទុះ​ក្រោយមក​ទើបឮ​សំឡេង​ផ្ទុះ​មីន ហើយ​ពលរដ្ឋ​នាំគ្នា​តាមរក​មើល​ក៏​ឃើញ​ជនរងគ្រោះ​បាន​រងគ្រោះថ្នាក់​ទៅហើយ​»​។

លោក លឿង ណុច បានឱ្យដឹងថា ជាច្រើន​ឆ្នាំ​ហើយ ភូមិសាស្ដ្រ សង្កាត់​កូនក្រៀល​មិនដែល​មាន​ករណី​គ្រោះថ្នាក់​ដោយសារ​មីន​ទេ នេះ​ជា​ករណី​ដែល​កើតឡើង​ដំបូង​ហើយ​។

អាជ្ញាធរ​មីន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន ឬ​អ្នក​ដែល​ដឹង​ច្បាស់​អំពី​ព័ត៌មាន​ភូមិសាស្ដ្រ​នៅក្នុង​ភូមិ ឃុំ​របស់​ខ្លួន មុនពេល​ចូលទៅ​តំបន់​ណា​ដែល​មិនទាន់​បាន​ធ្វើការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​។

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន ជនរងគ្រោះ ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ចំនួន ២៨ លើក​ដែល​បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ និង​របួស​សរុប​ចំនួន ៣៤ នាក់​។

តួលេខ​ជនរងគ្រោះ​នេះ​បាន​ថយចុះ ៣៨% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០២០ ដែលមាន​ជនរងគ្រោះ ៥៥ នាក់​៕