ភ្នំពេញៈ រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​សម្រាប់​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ច្បាប់​មួយចំនួនទៀត ដោយមាន​ការចូលរួម​ពី​សមាជិក​ចំនួន​ ១១១ ​រូប​នា​ថ្ងៃទី​ ២៥ តុលា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​នៅ​ថ្ងៃទី​ ២៥ តុលា ឱ្យដឹងថា រដ្ឋសភា​បាន​បន្ត​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ ២០២១ ដោយមាន​ការចូលរួម​ពី​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​សមាជិកសភា​ចូលរួម​ចំនួន​ ១១១ ​រូប​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា អង្គប្រជុំ​បាន​លើកយក​របៀបវារៈ​ចំនួន​ ៤ ​មក​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​ ១៩ ​ថ្មី មាត្រា​ ៨២ ​ថ្មី មាត្រា​ ១០៦ ​ថ្មី​ (​មួយ​) មាត្រា​ ១១៩ ​ថ្មី និង​មាត្រា​ ១៣៧ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​ ៣ និង​មាត្រា​ ៤ នៃ ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា សេចក្តី​ព្រាងច្បាប់​នេះ​សំដៅ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​សម្រាប់​ប្រធាន​រដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។ ព្រោះ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ថាប័ន​ទាំងនេះ​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការសម្រេច​លើ​កិច្ចការ​សំខាន់ៗ ដែលជា​អាយុជីវិត​របស់​ប្រទេសជាតិ សំដៅ​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឧត្តមប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។ ប្រឆាំង​ដាច់ខាត​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ ឬ​ការបង្គាប់​បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ- អន្តរជាតិ​របស់​កម្ពុជា​។

លោក​ សេរី កុសល សមាជិក​រដ្ឋសភា​មណ្ឌល​បន្ទាយមានជ័យ​ថ្លែង​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​នេះ​ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ​នាពេលនេះ គឺ​ត្រឹមត្រូវ​ជាទីបំផុត ហើយ​ស្រប​ទៅ​តាម​កាលៈទេសៈ​នៃ​ប្រទេសជាតិ​មួយ​កំពុងតែ​ជួបប្រទះ ដែល​គេ​ហៅថា​ព្យុះ មិន​ត្រឹមតែ​ព្យុះ ព្យុះសង្ឃរា​។ ព្រោះ​ច្បាប់​នេះ​ត្រូវបាន​ពន្យារ តាំងពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាប់​បដិសន្ធិ​ឡើង​រហូត​មក​ដល់​ពេលនេះ​។

លោក​ថ្លែងថា​៖ «​យើង​គិតថា ជាង​ ២៨ ​ឆ្នាំ​មកហើយ ការពន្យារ​ទុក​ឱកាស​នេះ គឺ​ច្បាប់​តាក់តែង​មិនមែន​សំដៅ​ទៅរក​បុគ្គល​ណាមួយ​ទេ ឬ​ក្រុម​ណាមួយ​ទេ គឺ​ច្បាប់​សម្រាប់​បម្រើ​ប្រទេស​ជាតិ សម្រាប់​អនាគត វាសនា​នៃ​ប្រទេសជាតិ​»​។

រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​សម្រាប់​មេដឹកនាំ​កំពូលៗ​។ រូប NA page

បើតាម​លោក​ សេរី កុសល រដ្ឋធម្មនុញ្ញ​ត្រូវបាន​ជន​មួយចំនួន​កំពុង​យកទៅ​បំភ្លៃ បំភាន់ និង​បំផ្លើស ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បំភ្លេច​នូវ​រដ្ឋធម្មនុញ្ញ ដែល​កើតចេញ​ពី​ញើស​ឈាម​របស់​ជនជាតិ​ខ្មែរ​ទាំងអស់ ហើយ​គិតពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ មួយវិញទៀត​ចេតនា​របស់​ពួកគេ​មិនមែន​ត្រឹមតែ​ចង់ឱ្យ​យើង បំភ្លេច​រដ្ឋធម្មនុញ្ញ​នោះទេ គឺ​គេ​ចង់​ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ​ទៅទៀត​។

លោក​ ហ៊ុន ម៉ានី សមាជិកសភា​មណ្ឌល​កំពង់ស្ពឺ សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ គឺ​ដើម្បី «​ផលប្រយោជន៍​ជាតិ និង​សន្ដិសុខ​ជាតិ​»​។

លោក​សរសេរ​ថា​៖ «​ការចែង​ក្នុង​ច្បាប់កំពូល​របស់​ប្រទេស​យើង​ឱ្យបាន​ច្បាស់​ដោយ​តម្រូវឱ្យ​តួនាទី​កំពូល​ទាំង​ ៤ ​ដែល​ជា​តួនាទី​មាន​សិទ្ធិ​សម្រេច​ជោគវាសនា និង​មាគ៌ា​ប្រទេសជាតិ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​ ១ គឺមាន​គោលដៅ​តែ​ ១ ​គត់ គឺ​ការដាក់​ចិត្ត និង​តាំងចិត្ត​បម្រើ​ប្រទេស និង​ប្រជាជន​ខ្មែរ​ដោយ​ឥត​លក្ខខណ្ឌ​។ ក្នុងនោះ​មិនឱ្យ​បរទេស​មួយណា​យកគំនិត ឬ​ផលប្រយោជន៍​នយោបាយ​របស់​ប្រទេស​ផ្សេង​មក​ជះឥទ្ធិពល​ទៅលើ​សិទ្ធិ​សម្រេច​ក្នុង​តួនាទី​ទាំង​ ៤»​។

លោក​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​ទៅជា​មាន​ការមិនគាំទ្រ ហើយ​មានប្រតិកម្ម និង​ការអធិប្បាយ​ផ្សេងៗ​ជា​បន្តបន្ទាប់ ហាក់បីដូចជា​ចង់​ការពារ​រឿង​អនុញ្ញាត​ឱ្យ​តួនាទី​ទាំង​ ៤ មាន​សញ្ជាតិ​លើសពី​ ១ ដែល​អាចឱ្យ​បរទេស​ជះឥទ្ធិពល​មនោគមន៍វិជ្ជា​របស់គេ មក​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​?​។

លោក​ អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ថ្លែងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​សម្រាប់​ប្រធាន​រដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី​នេះ វា​ធ្វើឱ្យប៉ះពាល់​ដល់​ឯកភាព​ជាតិ និង​ជាពិសេស វា​បានធ្វើឱ្យ​ប៉ះពាល់​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដែលជា​ខ្មែ​រស់នៅ​ក្រៅប្រទេស ហើយ​មាន​សញ្ជាតិ​ ២​។ មិនតែប៉ុណ្ណោះ ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក៏បាន​បង្ហាញ​ពី​ការរើសអើង និង​បំបិទ​សិទ្ធិ​ចំពោះ​ប្រជាជាតិ និង​ប្រជាពលរដ្ឋ​ខ្លួនឯង​ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេស និង​ប្រឡូក​ក្នុង​ឆាកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា វា​បង្ហាញ​ពី​ការរើសអើង​ខ្លាំង​ចំពោះ​អ្នករស់​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ វា​បែងចែក​ខ្មែរ​ [​និង​] ​ខ្មែរ ហើយ​វា​ធ្វើឱ្យប៉ះពាល់​ដល់​ឯកភាព​ជាតិ​ទៅទៀត​។ ខ្ញុំ​យល់ថា មិនដឹងថា ធ្វើ​យ៉ាងម៉េច ព្រោះ​វា​ជាការ​ស្នើ​ពី​រាជរដ្ឋាភិបាល ហើយ​សមាជិកសភា​ជា​របស់​គណបក្ស​កាន់អំណាច​ដែរ​។ អ៊ីចឹង​វា​អត់​មានអី​ប្លែក​ទេ គេ​ធ្វើ​ទៅតាម​ហ្នឹងហើយ​»​។

ចំពោះ​របៀបវារៈ​ផ្សេងទៀត រដ្ឋសភា​បានការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការបំពេញបន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់​លោក ប៉ា សុជាតិវង្ស ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ ទាក់ទង​ទៅនឹង​ការកាត់សេចក្តី​នៅ​ក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ស្តីពី​ការរៀបចំ​ក្នុងពេល អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​។ ក្រៅពីនេះ​រដ្ឋសភា​ក៏បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​៕