ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៨ និង​ ៣៩ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃទី​ ២៦ ដល់​ថ្ងៃទី​ ២៨ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ​ដែល​ប្រទេស​ប្រ៊ុយណេ​ធ្វើជា​ម្ចាស់ផ្ទះ​។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៥ ​តុលា​ថា អម​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅក្នុង​កិច្ចប្រជុំ​ទាំងនេះ រួមមាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មន្រី្ត​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​នឹង​ធ្វើ​បទអន្តរាគមន៍​ក្នុង​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៨ និង​លើក​ទី​ ៣៩ ​កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ លើក​ទី​ ២២ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​ ២៤ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​- សហរដ្ឋអាមេរិក លើក​ទី​ ៩ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​ ២៤ ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​អាស៊ាន​-​អូស្ដ្រាលី លើក​ទី​ ១ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​ ៣ លើក​ទី​ ២៤ ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​ ១៦ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​ ១៨ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន-រុស្ស៊ី លើក​ទី​ ៤ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៣០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-រុស្ស៊ី​។

នៅ​ថ្ងៃទី​ ២៨ ខែតុលា លោក ហ៊ុន សែន នឹងធ្វើ​បទអន្តរាគមន៍​ផងដែរ​នៅក្នុង​ពិធី​បិទ​ក្រោយពី​ប្រុយណេ​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ជូន​កម្ពុជា​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៥ ខែតុលា ថា នៅ​កិច្ចប្រជុំ​អាស៊ាន​នេះ​គឺ​រឿង​ដែល​នៅតែ​ជា​អាទិភាព​គឺ​ការគិតគូរ​ទៅលើ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​កូវីដ-១៩​។ ការគិតគូរ​របស់​មេ​ដឹកនាំ​អាស៊ាន​អំពី​មជ្ឈភាព និង​តួនាទី​របស់​អាស៊ាន​ក៏​នៅតែ​បញ្ហា​អាទិភាព​ក្នុង​កិច្ចប្រជុំ​នេះដែរ ពីព្រោះ​វា​គឺជា​បរិបទ​នៃ​ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។

លោក​ថ្លែងថា រឿង​ដែល​អាស៊ាន​កំពុង​ប្រឈមមុខ​ហើយ​វា​ជា​បដិវត្តន៍​មួយ​នៅក្នុង​វប្បធម៌​អាស៊ាន​គឺ​ទាក់ទង​នឹង​បេក្ខភាព​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ដែល​មិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន ដែល​នេះ​ជា​ទ្វេ​គ្រោះ​អាស៊ាន​។ ប្រសិនបើ​អាស៊ាន​អនុញ្ញាតឱ្យ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ចូលរួម​ប្រជុំ វា​កាន់តែ​ធ្វើឱ្យ​អាស៊ាន​កាន់តែ​បាក់មុខបាក់មាត់​។

លោក ភា ថ្លែងថា​៖ «​វា​ជា​បញ្ហា​មួយ​ក្តៅ​រឿង​ភូមា​ហ្នឹង ហើយ​វា​អាច​នឹង​បន្ត​ក្តៅ​នៅពេលដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ខ្ញុំ​ជឿថា ប្រ៊ុយណេ​គាត់​អត់​សូវ​ចង់​ដោះស្រាយ​បញ្ហា​ហ្នឹង​ប៉ុន្មាន​ទេ​។ គាត់​បណ្តែតបណ្តោយ​ធម្មតា ព្រោះ​គាត់​ជិត​ផុត​អាណត្តិ​ហើយ​ហ្នឹង អ៊ីចឹង រឿង​ក្តៅ​ហ្នឹង​ប្រហែល​ជា​ធ្លាក់​មកលើ​ស្រុក​ខ្មែរ​យើង​ហ្នឹងហើយ​»​។

លោក ប្រាក់ សុខុន ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​ ៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​ ២៣ ខែតុលា ថា វិបត្តិ​នយោបាយ​សន្តិសុខ​នៅ​មីយ៉ាន់ម៉ា កំពុង​បង្កើត​ស្ថានភាព​ដ៏លំបាក​មិន​ធ្លាប់​មាននៅ​ផ្ទៃក្នុង​អាស៊ាន​ខ្លួនឯង​ផង និង​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​សន្ទនា​របស់ខ្លួន​ផង​។ លោក សង្ឃឹមថា​មេរៀន​ដែល​ទទួលបាន​នៅ​កម្ពុជា​ក្នុង​ការសម្រេច​នូវ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ​នោះ អាច​នឹង​ជួយ​រួមវិភាគទាន​ដល់​ដំណោះស្រាយ​វិបត្តិ​នៅ​ «​ប្រទេស​ជា​បងប្អូន​គ្រួសារ​អាស៊ាន​មួយ​នេះ​»​។

លោក​បាន​បន្តថា កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ​នឹង​អំពាវនាវ​ចលនា​សមាជិក​ក្នុង​សហគមន៍​អាស៊ាន​ដែល​កំពុង​រួមគ្នា​កសាង​នោះ​ឱ្យធ្វើ​សកម្មភាព​ជាមួយគ្នា​ ដើម្បី​ឆ្លើយតប​ដោះស្រាយ​ការប្រឈម​ដ៏ច្រើន និង​ស្មុគស្មាញ​ដែល​យើង​កំពុង​ជួប​។

លោក​ ប្រាក់ សុខុន ថ្លែងថា​៖ «​យើង​សង្ឃឹមថា ជាមួយ​នឹង​សាមគ្គីភាព​ដ៏ខ្លាំងក្លា​ពី​សំណាក់​សមាជិក​អាស៊ាន និង​ការគាំទ្រ​ពី​ដៃគូ​ខាងក្រៅ កម្ពុជា​នឹង​អាចជួយ​រុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​ទៅមុខ ពង្រឹង​មជ្ឈភាព​អាស៊ាន រក្សា​តួនាទី​ដ៏សំខាន់​សម្រាប់​ពាណិជ្ជកម្ម​សកល​វិនិយោគ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​តាមរយៈ​ការជំរុញ​ការអនុវត្ត​ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន (ACRF) និង​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាព​ជា​​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ជាដើម​»៕