ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍ នៅ​ភូមិ​ម៉ុងឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដំបូង​នៅ​កម្ពុជា​ដល់​អ្នកញៀន​គ្រឿងញៀន ដែល​ព្យាបាល និង​ស្ដារនីតិសម្បទា​រួច ដើម្បីឱ្យ​ពួកគេ​មានមុខ​របរ និង​ជំនាញ​ចិញ្ចឹមជីវិត​ច្បាស់លាស់ ក្រោយពេល​ត្រឡប់​ទៅកាន់​សហគមន៍ ឬ​គ្រួសារ​។

លោក​ វ៉ិត វ៉ាល់ដា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ២៥ តុលា​ថា ការបើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នកញៀន​គ្រឿងញៀន​ជា​លើកដំបូង​នេះ​ត្រូវបាន​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​ ២២ ខែ តុលា ឆ្នាំ​ ២០២១ ក្រោម​អធិបតីភាព​លោក​ ធូ ស៊ុន រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោក​ មាស វីរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រួម​នឹង​តំណាង​មកពី​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​។

លោក​ថ្លែងថា​៖ «​ក្នុង​វគ្គ​ដំបូង​នេះ យើង​បណ្ដុះបណ្ដាល​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ដែល​បាន​ស្ដារ​នីតិសម្បទា​រួច​ចំនួន​ ៥០ ​នាក់​។ វគ្គ​នេះ​យើង​នឹង​បណ្ដុះបណ្ដាល​ទៅលើ​ផ្នែក​កសិកម្ម រួមមាន​ការដាំ​បន្លែ​រួមផ្សំ និង​ផ្នែក​សេវាកម្ម គឺ​បណ្ដុះបណ្ដាល​លើ​ជំនាញ​តខ្សែ​បណ្ដាញ​តាម​អគារ និង​ជួសជុល​បរិក្ខារ​ម៉ាស៊ីនត្រជាក់​»​។

លោក​បន្តថា​៖ «​វគ្គ​ទី​ ២ ​យើង​បានគ្រោងទុក​រួចហើយ គឺ​នឹង​បណ្ដុះបណ្ដាល​ដល់​ជនរងគ្រោះ​ចំនួន​ ៧០ ​នាក់​ទៀត លើ​វគ្គ​ចិញ្ចឹម​ត្រី វគ្គ​ចិញ្ចឹម​កង្កែប វគ្គ​ជាងផ្សារ​ដែក និង​វគ្គ​ជាងកំបោរ​។ សរុបទៅ​ការបើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​យើង​បើក​ជា​ ២ ជំហាន​។ ការបណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​ខ្លី និង​រយៈពេល​វែង​ទៅតាម​មុខជំនាញ ដូចជា​វគ្គ​ផ្នែក​កសិកម្ម គឺមាន​រយៈពេល​ ១ ​សប្ដាហ៍ និង​វគ្គ​សេវាកម្ម​មាន​រយៈពេល​ ៤ ​ខែ​»​។

លោក​ វ៉ិត វ៉ាល់ដា ឱ្យដឹងថា ការបណ្ដុះបណ្ដាល​នេះ គឺ​សំដៅ​ទៅលើ​ការផ្ដល់ឱ្យ​អ្នកញៀន​គ្រឿងញៀន​នូវ​មុខជំនាញ​ច្បាស់លាស់ និង​មុខរបរ អាច​ចិញ្ចឹមជីវិត​បាន ដើម្បីឱ្យ​ពួកគេ​បំភ្លេចចោល​នូវ​ការប្រើប្រាស់​គ្រឿងញៀន​ពេល​ត្រឡប់​ទៅកាន់ សហគមន៍ ឬ​គ្រួសារ​របស់​ពួកគេ​វិញ​។ ការបើក​មជ្ឈមណ្ឌល​ជាតិ​នេះ​ដើម្បីឱ្យ​ស្របទៅនឹង​និយាម​ជាតិ និង​អន្តរជាតិ​។ មជ្ឈមណ្ឌល​ជាតិ​មាន​ការចូលរួម​ពី​ស្ថាប័ន ៣ ​ធំៗ គឺ ទី​១ ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​អាច​ផ្ដល់​សេវា​ស្ដារនីតិសម្បទា អប់រំ ពិគ្រោះ​យោបល់ និង​បំណិន​ជីវិត​ដល់​អ្នកញៀន​គ្រឿងញៀន​។ ទី​២ ​ក្រសួងសុខាភិបាល ដែលជា​អ្នកផ្ដល់​សេវា​ព្យាបាល​តាម​ផ្នែក​វេជ្ជសាស្ដ្រ​។ ទី​៣ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺជា​អ្នកបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្ដល់​ជំនាញ​ពិតប្រាកដ​ឱ្យទៅ​ជនរងគ្រោះ​ ដើម្បី​ឱ្យ​ពួកគេ​មាន​មុខរបរ​ត្រឹមត្រូវ​។

បើតាម​លោក​ វ៉ិត វ៉ាល់ដា អ្នកញៀន​គ្រឿងញៀន​ដែល​អាច​ទទួល​យកមក​មជ្ឈមណ្ឌល​នេះ​បណ្ដុះបណ្ដាល​បាន គឺជា​អ្នក​ដែល​បាន​ព្យាបាល​ដោយ​វេជ្ជសាស្ដ្រ និង​ស្ដារនីតិសម្បទា​ (​ស្តារ​នីតិសម្បទា​ផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី​)។ ដូច្នេះ​ដើម្បី​ទទួលបាន​ការបណ្ដុះបណ្ដាល នេះ​លុះត្រាតែ​អ្នកញៀន​គ្រឿងញៀន​នោះបាន​ព្យាបាល និង​ស្ដារនីតិសម្បទា​សះស្បើយ​ហើយ​មាន​ភាពរឹងមាំ​អាច​ទទួលយក​ការបណ្ដុះបណ្ដាល​បាន ទើប​អាច​ចូលរួម​រៀន​បណ្ដុះបណ្ដាល​។

លោក​បញ្ជាក់ថា​៖ «​ជាគោលការណ៍​រួម គឺ​យើង​ទទួលយក​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​មកពី​មជ្ឈមណ្ឌល​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា​មក​បណ្ដុះបណ្ដាល​។ ប៉ុន្ដែ​ការទទួល​នេះ គឺ​អាស្រ័យទៅលើ​មជ្ឈមណ្ឌល​ផ្សេងទៀត​ជា​អ្នក​បញ្ជូនមក​។ បើ​មជ្ឈមណ្ឌល​មិនបាន​បញ្ជូនមក​ទេ គឺ​យើង​នឹង​ទទួល​អ្នកញៀន​គ្រឿងញៀន​ដោយ ខ្លួនឯង​ទៅតាម​ផ្នែក​ផ្សេងៗ​មានដូចជា​ពី​ព្រះរាជអាជ្ញា ពី​ឪពុកម្ដាយ​អ្នក​អាណា​ព្យាបាល ក្រុមគ្រួសារ និង​ពី​សមត្ថកិច្ច​ផ្សេងៗ ដើម្បី​ជ្រើសរើស​ជន​ [​រងគ្រោះ​] ​មក​សិក្សា ហើយ​ធ្វើការ​បណ្ដុះបណ្ដាល​»​។

បើតាម​លោក​ វ៉ាល់ដា មជ្ឈមណ្ឌល​នេះ ត្រូវបាន​រៀបចំ​ជា​មជ្ឈមណ្ឌល​ជាតិ​មួយ ដែល​អាច​ទទួល​អ្នកញៀន​គ្រឿងញៀន​មក​បណ្ដុះបណ្ដាល​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។ គោលការណ៍​របស់​មណ្ឌល​មាន​ចំណុច​ ៣ គឺ​ទី​១ គោលការណ៍​ព្យាបាល និង​ស្ដារនីតិសម្បទា ទី​២ គោលការណ៍​ស្ដារនីតិសម្បទា​តាម​ជំនាញ​បច្ចេកទេស​។ ​ទី​៣ ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​អ្នក​ដែល​ញៀន​គ្រឿងញៀន ដែល បាន​ព្យាបាល​ និង​ស្ដារនីតិសម្បទា​រួច​។

លោក​ សម សភា ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ខេត្ត​ព្រះសីហនុ​ឱ្យ​ដឹងថា នៅ​ខេត្ដ​ព្រះសីហនុ អ្នកញៀន​គ្រឿងញៀន​ដែល​កំពុង​ព្យាបាល និង​ស្ដារនីតិសម្បទា​មាន​ជាង​ ៧០ ​នាក់​ក្នុង​នោះ​មាន​ម្នាក់​ដែល​បាន​ព្យាបាល និង​ស្ដារនីតិសម្បទា​រួច និង​បាន​បញ្ជូន​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​បញ្ជូន​អ្នកញៀន​គ្រឿងញៀន​ដែល​កំពុង​ព្យាបាល និង​ស្ដារនីតិសម្បទា​ទៅ​បណ្ដុះបណ្ដាល​បន្ថែមទៀត ក្រោយពេល​ពួកគេ​បាន​ព្យាបាល​សះស្បើយ​នាពេលខាងមុខ​»​។

លោក​ ភេង នី នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យដឹងថា ក្រសួង​ការងារ​បាន​អនុញ្ញាត​ឱ្យ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ​ធ្វើ​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដោយ​ស្ម័គ្រចិត្ត​និង​ផ្អែកលើ​សហគមន៍​ផ្តល់ ជំនាញ​បច្ចេកទេស​រយៈពេល​ខ្លី​លើ​ផ្នែក​កសិកម្ម​ និង​សេវាកម្ម ក្រោម​គម្រោង​កម្មវិធី​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ឆ្នាំ​ ២០២១ ជូន​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការគាំទ្រ​ឱ្យ​ដំណើរការ​ជាបឋម​នូវ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ស្តារនីតិសម្បទា ដល់​អ្នកញៀន​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត​ និង​ផ្អែកលើ​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន​លើក​ទី​១ ​នេះ​ឡើង​ឱ្យ​ទទួលបាន​ជោគជ័យ​តាម​ផែនការ​»​។

ជាមួយ​ការសាទរ​គំនិត​រៀបចំ​វគ្គបណ្តុះបណ្តាល​ជា​លើក​ទី​១ ​នេះ លោក​ ធូ ស៊ុន ថ្លែងថា​៖ «​ថ្វីដ្បិត​មជ្ឈមណ្ឌល​ជាតិ​យើង​មិនទាន់​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ដោយ​កត្តា​រីករាលដាល​នូវ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​យើង​បាន​ដំណើរការ​ជា​បណ្តោះអាសន្ន ដើម្បី​ជួយ​សម្រាល​ភាពចង្អៀត​ណែន ដោយ​អ្នកញៀន​គ្រឿងញៀន​ធ្ងន់ធ្ងរ​»​។

លោក​បន្ថែមថា​៖ «​ហើយ​បានបញ្ចប់​ការព្យាបាល​បន្សាប​បឋម​នៅតាម​មណ្ឌល​បណ្តោះអាសន្ន​រាជធានី​-​ខេត្ត​នានា​ ដើម្បី​បន្ត​ការព្យាបាល​ស្តារនីតិសម្បទា​ និង​បណ្តុះបណ្តាល​ចំណេះ​ជំនាញ​គ្រប់​ជ្រុងជ្រោយ​ស្របតាម​ទីផ្សារការងារ​អាច​ចិញ្ចឹម ជីវិត​បង្ការ​ការលាប់​ឡើងវិញ ពេល​ពួកគេ​ត្រូវ​សមាហរណកម្ម​ទៅ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ និង​សហគមន៍​វិញ​»​។

លោក​ក៏​ណែនាំ​ឱ្យ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​ផ្តាច់​សារធាតុ​ញៀន និង​ជា​សិក្ខាកាម​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ ស្តាប់​ដំបូន្មាន​លោកគ្រូ ដើម្បី​ចេះ​ស្ទាត់​នូវ​រាល់​ចំណេះ​ជំនាញ សម្រាប់​ជា​ធនធាន​ចិញ្ចឹមជីវិត​ក្លាយជា​កូន​ល្អ​ប្រជាពលរដ្ឋ​ល្អ ជា​មនុស្ស​មាន​ប្រយោជន៍​ជួយ​ដល់​ក្រុមគ្រួសារ និង​សហគមន៍​៕